សារអេឡិចត្រូនិច
រដូវ​រងារ ​ជា​ពេល​មេជី​វិត​​បុរស ​មាន​សុខ​ភាព​ និង​កម្លាំង​ខ្លាំង​បំ​ផុត​


ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រ​ទេស​អ៊ីស្រា​អែល​បាន​បង្ហាញ​ថា មេជី​វិត​​មនុស្ស​ប្រុស​ជា​ទូទៅ​​មាន​កម្លាំង​ខ្លាំង​ និង​សុខ​ភាព​ល្អ​បំ​ផុត​នៅ​សិសិររដូវ​​ និង​ដើម​និទា​ឃ​រដូវ ។​ ការ​សិក្សា​លើ​សំ​ណាក​ទឹក កាម​បុរស​ជាង​៦​ពាន់​នាក់​បាន​បង្ហាញ​ជា​លទ្ធផល​ថា អំ​ឡុង​សិសិររដូវ​ បុរស​សម្បូរ​ទឹកកាម​ហើយ​ទឹកកាម​នោះ​ផ្ទុក​ដោយ​មេជី​វិត​ដែល​មាន​សុខ​ភាព​ល្អ​ជាង​រដូវ​ផ្សេង​ៗ​ទាំង​អស់ ​និង​ព្រម​ទាំង​មាន​ល្បឿន​ហែល​យ៉ាង​លឿន​ទៀត​ផង ។​

សរ​សេរ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​អា​មេរិក Obstetrics& Gynaecology លោក​សាស្ត្រា​ចារ្យ​ Eliahu Levitas និង​សហ​ការី​របស់​ខ្លួន​មក​ពី​សាកល​វិទ្យា​ល័យ Ben-Gurion University បាន​អះ​អាង​ថា កត្តា​ខាង​លើ​នេះ អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​សី​តុណ្ហ​ភាព​រយៈ​ពេល​ស្ថិត​ក្រោម​កំ​ដៅ​ថ្ងៃ​និង​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន ។ ​តាមការ​ពិ​សោធន៍​ដែល​បាន​ចំ​ណាយ​ពេល​អស់​៣​ឆ្នាំ​ បាន​រក​ឃើញ​ទៀត​ថា អំ​ឡុង​សិសិររដូវបុរស​ផលិតបាន​មេ​​ជីវិត​​​ប្រ​មាណ​ ៧០​លាន​ នៅ​ក្នុង​ទឹកកាម​មួយ​មិល្លី​លីត្រ ។​

ក្នុង​ចំ​នួន​នេះ​ មេជី​វិត​ប្រហែល​ជា​៥ភាគ​រយ​មាន​ចល​នា​រហ័ស​រហួន​(ហែល​បាន​លឿន​)​​​។ ​​ប្រ​កា​នេះ​អាច​ជួយ​កែ​លំ​អ​ឱកាស​មាន​ផ្ទៃ​ពោះ​សម្រាប់​គូ​ស្នេហ៍ដែល​ចង់​បាន​កូន ។​ ក្នុង​និទាឃ​រដូវវិញ​ បុរស​ផលិត​បាន​៦៨​លាន​មេជី​វិត​នៅ​​ក្នុង ទឹក​កាម​១​មិល្លីលីត្រ ហើយ​មេជី​វិត​ដែល​មាន​សុខ​ភាព​ល្អ​និង​កម្លាំង​ខ្លាំង​មាន​ប្រ​ហែល​ជា​៣​ភាគ​រយ ។​

​ទោះ​ជា​យ៉ាង​នេះ​ក្តី សម្រាប់​វេជ្ជ​បណ្ឌិត Edmund Sabanegh ប្រ​ធាន​នា​យកដ្ឋាន​រោគ​ផ្លូវ​នោម​ប្រ​ចាំ​មន្ទីរ​ព្យា​បាល​ Cleveland Clinic ​សហ​រដ្ឋ​អា​មេរិក ​​នៅ​តែ​គិត​ថា ការ​ព្យា​បាល​ គឺ​ជា​រឿង​ចាំ​បាច់​តែ​មួយ​គត់​ ។ លោក​ថា គេ​មិន​អាច​ប្រាប់ឱ្យ​បុរស​ដែល​មាន​បញ្ហា​គ្មាន ​កូន​រង់​ចាំ​ដល់​សិសិ​ររដូវ​ឬ​និទាឃ​រដូវ​បាន​នោះ​ទេ ។ យើង​ចាំ​បាច់​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​ទៅ​រក​ការ​ព្យា​បាល​ជា​បន្ទាន់ ៕