សារអេឡិចត្រូនិច
សុទ្ធ​តែ​ដី​មាន​ម្ចាស់​


អ្នក​កសិករ​ម្នាក់​ដោយ​គ្មាន​សង្ឃឹមថា ឲ្យ​កូន​ធ្វើ​អី​នៅ​ថ្ងៃ​អនាគត ក្រៅ​ពី​របរ​កសិកម្ម​ក៏​ឲ្យ​កូន​ទៅ​រៀន​កសិកម្ម តែ​ចៃដន្យ​ក៏​បាន​ការ​ធ្វើ​ជា​មន្ត្រី​កសិកម្ម​មាន​ឋានៈ​គួរសម​។ ក្រោយពី​ធ្វើការ​បាន​មួយរយៈ ក៏​លេចមុខ​តាម​សារព័ត៌មាន​។ ម្តាយ​គាត់​ត្រេកអរ​ណាស់ ក៏​ទិញ​កាសែត​អាន​រាល់​ថ្ងៃ​ដើម្បី​ឃើញ​មុខ​កូន​។ តែ​ឃើញតែ​ព័ត៌មាន​ទិតៀន​កូន​គាត់​ថា កាប់បំផ្លាញ​ឈើ​ទៅវិញ ដោយ​នឹក​មិន​អស់ចិត្ត​ក៏​ហៅ​កូន​មក​សួរ :
​ម្តាយ : កូនប្រុស​ម៉ែ ក្រែង​កូន​ទៅ​រៀន​កសិកម្ម​ដាំ​ដើមឈើ ម្តេច​បាន​ជា ម៉ែ​ឃើញ​គេ​សរសេរ​ថា​កូន​កាប់​បំផ្លាញ​ដើមឈើ​ទៅវិញ​?
​កូនប្រុស : ម៉ែអើយ​ម៉ែ​... ម៉ែ​ទៅ​ជឿ​ស្អី​ពួក​សារព័ត៌មាន​នោះ​ម៉ែ បើ​ពួកគេ​រៀន​តែ​សារព័ត៌មាន​ពុំដែល​រៀន​ក្បួន​ដាំ​ដើមឈើ​ពី​អង្កាល​ផង​ហ្នឹង​!
​ម្តាយ : មិនមែន​ទេ​កូន គេ​អាន​ឮ​ច្បាស់ៗ​ណាស់ រួច​គេ​សរសេរ​ថែមទាំង​ឃើញ​មាន​រូបភាព​ទៀតផង​។ មើល​កូន​និយាយប្រាប់​ម៉ែ​មើល តើ​រឿង​ពិត​វា​យ៉ាង​ម៉េច​ដែរ​?
​កូនប្រុស : បើ​ម៉ែ​គិត​បន្តិច គឺ​វា​ងាយ​ណាស់ ព្រោះ​គ្រប់​ទីកន្លែង​ដី​សុទ្ធតែ​មាន​ម្ចាស់​អស់​ទៅហើយ តើ​ឲ្យ​យើង​ទៅ​ដាំ​ឈើ​លើ​ដី​គេ​ម្តេច​កើត​? អ៊ីចឹង​មានតែ​កាប់​ដើមឈើ ឆ្ការព្រៃ​អស់​ទើប​បាន​ដី​ដាំ​ដើមឈើ​ណា​ម៉ែ !
​ម្តាយ : អ៊ឺ ! អ៊ឺ ! កូន​ខ្ញុំ​វា​រៀនសូត្រ​ចេះដឹង​មែន និយាយ​អ៊ីចឹង​ដូចជា​ត្រូវ​ជាងនែ៎ ! ៕​