សារអេឡិចត្រូនិច
ព្យាករណ៍​: ព្រលានយន្តហោះ​សៀមរាប នឹង​ទទួលភ្ញៀវ​ឆ្លងកាត់ ក្នុង​កំណើន​២៤% សម្រាប់​ឆ្នាំ​២០១៣


ខេត្តសៀមរាប: ឆ្នាំ​២០១៣​នេះ បើតាម​ព្យាករណ៍ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នឹងមាន​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់ ក្នុង​កំណើន​កើនឡើង​ប្រមាណ​២៤% និង​មាន​កំណើន​ចរាចរណ៍​យន្តហោះ​ប្រមាណ ២០% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១២ ដែល​អាកាសយានដ្ឋាន​នេះ បានទទួល​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ភ្ញៀវ ២ លាន​នាក់​។​
      
​លោក​ទេសរដ្ឋមន្ត្រី ញឹម ដុល្លា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​អាកាសយានដ្ឋាន​កម្ពុជា បាន​ឲ្យ​ដឹង​បែបនេះ នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ ក្នុងឱកាស​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ប្រារព្ធ​ពិធីសូត្រមន្ត ប្រោះព្រំ​សុគន្ធវារី សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​បន្ថែម​ថ្មី សម្រាប់​អ្នកដំណើ​នោះ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប លោក គឹម សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ស្តីទី នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក​ឧកញ៉ា សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប​។​
      
​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​អគារ​សម្រាប់​ការរង់ចាំ​របស់​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់ ជាច្រើន​ខ្នង​រួចមកហើយ ក្នុង​ទំហំ​សរុប​ប្រមាណ ១៣.០០០ ម៉ែត្រក្រឡា​។ ​លោក ញឹម ដុល្លា បាន​ថ្លែងថា ការបើក​សម្ពោធ​អគារ​អ្នកដំណើរ​ថ្មី របស់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប គឺជា​ស្ថាបត្យកម្ម​តាម​ទម្រង់​វប្បធម៌​ប្រពៃណី​ខ្មែរ រួមបញ្ចូល​គ្នា​ជាមួយ​ភាពទាន់សម័យ​នៃ​សេដ្ឋកិច្ច​សកល គឺជា​ការឆ្លើយតប​ឲ្យ​មាន​តុល្យភាព នៃ​ចំនួន​កំណើន​ភ្ញៀវ​ឆ្លងកាត់ និង​បម្រើ​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ស្របតាម​បទដ្ឋាន​អន្តរជាតិ​។

លោកបានបញ្ជាក់ថាឥឡូវនេះអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានទទួល​ភ្ញៀវ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ឆ្លងកាត់ ជា​មធ្យម​ក្នុង​មួយថ្ងៃ​ប្រមាណ ១៣.០០០ នាក់ ក្នុងនោះ​រួមមាន​ទាំង​ភ្ញៀវទេសចរ និង​ភ្ញៀវ​ធុរកិច្ច​៕