សារអេឡិចត្រូនិច
ប្រាសាទ​លើ​ភ្នំ​ចរចា នៅ​បាធាយ​


ក្នុងការ​សាងសង់​ប្រាសាទ បុព្វការី​ជន​ខ្មែរ​រមែងតែ​ជ្រើសរើស​ទីតាំង ដូចជា​កំពូលភ្នំ​, ទីទួល​ខ្ពស់​មិន​លិច​ទឹក ដើម្បី​ធ្វើ​ឲ្យ​សំណង់​ស្ថាបត្យកម្ម​មាន​ភាពសមស្រប​តាម​ទ្រី​ស្តី នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​-​ខ្មែរ ដែល​ចាត់ទុកថា ភ្នំ គឺជា​ទេវស្ថាន ដ៏​សក្តិ​សិទ្ធ ជាទីគោរព​សក្ការៈ ។ យ៉ាងណាមិញ​ការសាងសង់​ប្រាសាទ​នៅលើ​កូនភ្នំ​មួយ ក៏​ស្ថិតក្នុង​ចក្ខុវិស័យ​នេះដែរ ។

​​​បំណែក​ផ្តែរ ដែល​ធ្លា​ក់បាក់​ជា​ពី​កំណាត់ ស​ឲ្យ​ឃើញថា​ប្រាសាទ​នេះ​ត្រូវបាន​សាងសង់​នៅ​ស​.​វ​ទី​១០-១១ នៃ​គ​.​ស ហើយ​មាន​ស្ថិតក្នុង​រចនា​ប័​ថ្ម​បាពួន ។ ហេតុដែល​យើង​លើក​ប្រាសាទ​លើ​ភ្នំ​ចរចា​នេះ បណ្តាលមកពី​វត្តមាន​របស់​ប្រាសាទ​នា​សម័យអង្គរ​នេះ​ពុំ​សូវ​ត្រូវគេ​ស្គាល់ ឬ​ដឹងឮ​ទេ ។​

​ពាក់ព័ន្ធ​ទៅនឹង​ចំណាស់​នៃ​ប្រាសាទ ថ្វីត្បិតតែ​យើង​ពុំបាន​ជួបប្រទះ​នូវ​សិលាចារឹក​ក្តី ក៏ប៉ុន្តែ​វត្តមាន​របស់​ក្បាច់​ផ្តែរ បែកបាក់​ជា​ពីរ​បំណែក​នៅខាងមុខ​ប្រាសាទ អាច​ចង្អុលបង្ហាញ​នូវ​ចំណាស់​ពិតប្រាកដ​នៃ​សំណង់​ស្ថាបត្យកម្ម​ខាងលើ​នេះដែរ ។ ជា​ព័ត៌មាន​បន្ថែម យើង​អាច​បញ្ជាក់​ផងដែរ​ថា ទីតាំង​នៃ​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ខាងលើនេះ ក្នុង​អតីតកាល​ដ៏​យូ​លង់​មួយ ដែល​គេ​ពិបាក​នឹង​កំណត់​សម័យកាល​បាន គឺជា​កន្លែង​ពិសិដ្ឋ​មួយ​យ៉ាងសំខាន់​សំរាប់​ប្រជាជន​ដែល​រស់នៅ​ភូមិភាគ​នេះ ។

លក្ខណៈ​ដ៏​ពិសិដ្ឋ​នេះ ត្រូវបាន​សំដែងឡើង​តាមរយៈ​ស្លាកស្នាម​បុរាណវិទ្យា ដូចជា រន្ធ​តូច​-​ធំ​ទាំងឡាយ ដែល​បុព្វបុរស​ជន​បាន​ចោះ​នៅលើ​ថ្មភ្នំ ដើម្បី​ទុក​ជាទីគោរព​សក្ការៈ ។ នេះ​ជា​បញ្ហា​មួយ​ដែល​គប្បី​គេ​ត្រូវ​សិក្សា វិភាគ​ស៊ីជម្រៅ​នៅពេល​អនាគត​ខាងមុខនេះ ៕