សារអេឡិចត្រូនិច
វត្តភ្នំខ្លែង


វត្តភ្នំខ្លែង គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ កែឆ្នៃ ស្ថិតនៅក្នុងព្រៃស្លឹក ស្រុកត្រាំង ប៉ែកខាងត្បូងនៃខេត្តតាកែវ មាន ចម្ងាយ ១២ គ.ម ពីទីរួមខេត្ត ក្បែរ ផ្លូវជាតិលេខ២។ វត្តភ្នំខ្លែងជាអារាមរបស់ព្រះពុទ្ធសាសនា កកើតឡើងក្នុងឆ្នាំ ១៧៥៣ ។

ប្រជាជនដែលមាន​រឿងទំនាស់ផ្សេងៗ តែងតែមកធ្វើសច្ចា​ប្រណិធាន រកការពិតចំពោះមុខវត្ថុសក្តិសិទ្ធ ឬបួងសួងបន់ ស្រន់ជាប់​មិនដាច់ សុំឲ្យមានបរមសុខ និងសុភមង្គល។ ក្នុងរបបប៉ុលពត គេបានយកកន្លែង​នេះធ្វើជាមន្ទីរពេទ្យតំបន់ និងជីកយក​គ្រួសក្រហមតាមជើងភ្នំ ទៅជួសជុលផ្លូវលំ កសាងប្រព័ន្ធផ្លូវពិសេស។ រមណីយដ្ឋាន​នេះមានទំហំផ្ទៃដី​ ១១ហិកតា មានភ្នំខ្លែងនៅចំកណ្តាល​ព័ទ្ធជុំវិញដោយវាលស្រែ។ នៅលើកំពូលភ្នំកំពស់ ៣០ម​ មានព្រះវិហារកសាង ជាថ្មីនៅឆ្នាំ ១៩៩២ ក្រោមការឧបត្ថម្ភជួសជុលពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ ភ្នំខ្លែងភាគច្រើន​បម្រើឲ្យភ្ញៀវទេសចរជាតិ ដែលមាន​ចំណង់ចំនូលចិត្តខាង​ ការលំហែកំសាន្ត មានជំនឿ តាមប្រពៃណីជាតិព្រះពុទ្ធសាសនា ក៏ដូចជាបារមីសក្តិសិទ្ធ ដែលគេបានទទួលតាមការឧទ្ទិសបួងសួង។ នៅលើកំពូល ភ្នំនេះ មានថ្មក្រានីតដែលមានប្រភព​ទឹកជ្រាបចេញគ្រប់រដូវ ដែលគេមានជំនឿ​ថាជាវត្ថុសក្តិសិទ្ធិ។