សារអេឡិចត្រូនិច
រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ប្រាសាទ​ព្រះវិហារ


ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។



សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​​តំបន់​នោះ​ភាគច្រើន​​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​​ផ្លូវ​នោះ​វា​ងាយ ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​​បាន​សាងសង់​ឡើង​​នៅ​ក្នុង​អំលុង​ចុង​​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះ​មហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​​បាន​ប្រគល់​ឲ្យ​ប្រទេស​​ថៃ​ដោយ​ពួក​អាណានិគម​​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាម​ទារ​បាន​មក​វិញ​​ដោយ​ការ​កាត់​សេចក្ដី​ពី​​តុលាការអន្តរជាតិ​​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​​ព្រះមហាក្សត្រ​ខ្មែរ​។ នៅ​ថ្ងៃ​ទី១៥ មិថុនា​ ឆ្នាំ​២០១២៤នេះ​ គឺ​​ជា​ព្រឹត្ដិ​ការ​ណ៍​​ នៃ​ខួប​លើក​ទី​​៥២​ឆ្នាំ​ ដែល​តុលាការ​​យុត្ដិធម៌​​អន្ដរជាតិ​​ក្រុង​ឡា​អេ​​បានសម្រេច​​​​លើ​រឿង​ក្ដី​​ប្រាសាទព្រះវិហារ ​។


នៅ​ក្នុង​សម័យកាល​ សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ រាជាណាចក្រកម្ពុជា​ ប្រជា ជន​ខ្មែរ​គ្រប់​រូប​បាន​ចាត់​​ទុក​ថា​ជា​មោទនភាព​ថ្មី​មួយទៀត​​ ដែល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​​ក្រុម​​ប្រឹក្សា​អន្ដរជាតិ​ស្ដី​ពី​ប្រាង្គ​ប្រាសាទ​​ និង​រមណីយដ្ឋាន (ICOMOS) ទទួលស្គាល់​ថា​​ ជា​កំពូល​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​​ស្ថាបត្យកម្ម​ខ្មែរ​​ និង​មាន​តម្លៃ​​សាកល​ដ៏​ចំណាន​នោះ​​ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ នា​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០០៨​​ នៅ​ទីក្រុង​កេ​បិ​ច​ ប្រទេស​កា​ណា​ដា​ ។

លោក​គង់ វិបុល ប្រធាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​​ព្រះវិហារ​បាន​មានប្រសាសន៍ថា សម្រាប់​រយៈ​ពេល​១ ឆ្នាំ​២០១២ នេះ​នៅ​ខេត្តព្រះវិហារ​​ទទួលបាន​កំណើន​ភ្ញៀវ​​ទេសចរ​សរុប​ចំនួន ២០០៩៨៥​នាក់​ក្នុងនោះ​ភ្ញៀវ​​ជាតិ​មាន​ចំនួន​១៨១ ៧៩៧​នាក់ និង​បរទេស​​មាន​ចំនួន ១៩១៨៨​នាក់ ហើយ​បើ​​យើង​ធ្វើ​ការប្រៀប​ធៀប​នឹង​រយៈពេល​​ដូចគ្នា​ឆ្នាំ ២០១១​នោះ​មាន​ចំនួន​ភ្ញៀវ​សរុប ១២៥០៣៥​នាក់​ភ្ញៀវ​ទេសចរ​ជាតិ​មាន ១១៤៤៦៣ នាក់ និង​អន្តរជាតិ​​មាន​ចំនួន ១០៥៧២​នាក់ បើ​គិត​ជា​ភាគរយ​វិញ​នៅ​ឆ្នាំ​២០១២ ភ្ញៀវទេសចរ​ជាតិ​​កើនឡើង ៦០,៧៤​ភាគរយ និង​បរទេស​​កើនឡើង ៨១,៤៩​ភាគរយ​។​
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​​ខេត្តព្រះវិហារ​បន្ត​ឲ្យដឹងថា​​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​គឺជា​​តំបន់​ខ្ពង់រាប​ជួរ​​ភ្នំ​គ្របដណ្តប់​ទៅ ដោយ ​ព្រៃឈើ​មាន​ស្ទឹង​​សែន​ហូរ​កាត់​​រួច​ហូរ​ធ្លាក់​ទៅ​ខេត្ត​កំពង់ធំ និង​សម្បូរ​ធន​ធានធម្មជាតិ​ទាំង​នៅលើ​ដី និង​ក្រោម​ដី​ជា​ពិសេស​​នោះ​គឺ​សម្បូរ​ទៅដោយ​​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​​ជាតិ​ដែល​មាន​ប្រាសាទ​បុរាណ​រហូត​ជាង ២៤៥​ប្រាសាទ​ផ្តល់​តម្លៃ​មហាសាល​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ជាក់ស្តែង​ដូច ជា​ប្រាសាទ​ព្រះវិហារ​​ដែល​ជា​កំពូល​​បញ្ញាញាណ​ពោរ ពេញ ទៅដោយ​​ទេពកោសល្យ​របស់​​មនុស្ស​ជាតិ​ខ្មែរ​ហើយ​​ក៏​ភស្តុតាង​ដ៏​ល្អ​ឯក​​ផ្នឹក​ខាង​សិល្បៈ​ប្រពៃណី​វប្បធ​ម៌ និង​អារ្យធម៌​​និង​ជា​ទស្សនីយភាព​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​​​របស់​មនុស្ស​លោក​​ផង ដែរ​។​