សារអេឡិចត្រូនិច
ទេសចរណ៍​តំបន់​អង្គរ ត្រូវបានធ្វើ​ពិធី ប្រគល់​និង​ទទួល រវាង​អាជ្ញាធរ​អប្សរា និង ស្ថានទូត​អូស្ត្រាលី​


ខេត្តសៀមរាប: ផែនការ​គ្រប់គ្រង​ទេសចរណ៍​ជា​សមិទ្ធផល​កសាងឡើង​ដោយ​ជំនួយ​នៃ​ប្រទេស​អូស្ត្រាលី និង ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល កម្ពុជា ដែលជា​គម្រោង​មួយ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​គ្រប់គ្រង​បេ​តិក​ភ័​ណ្ឌ​អង្គរ​ត្រូវបានធ្វើ​ពិធី​ប្រគល់ និង​ទទួល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣ រវាង​អាជ្ញារ​អប្សរា និង ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក សុខ អាន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ប្រាសាទអង្គរវត្ត ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ស្ថិតក្នុង​គ្រោះថ្នាក់ កាលពី ឆ្នាំ​១៩៩២​។ ឆ្នាំ​បន្តបន្ទាប់​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​អង្គរ (ICC Angkor) ត្រូវបាន​បង្កើតឡើង​។ តាំងពី​ការចាប់ផ្តើម ICC Angkor និង​អាជ្ញាធរ​អប្សរា រួមជាមួយ​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាច្រើន បានធ្វើ​កិច្ចសហប្រតិបត្តិការ ប្រកបដោយ ជោគជ័យ នៅក្នុង​ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ដែល​នាំ​ឲ្យ​មានការ​ដកចេញ​តំបន់​អង្គរ ពី​បញ្ជី​បេ​តិក​ភ័​ណ្ឌ ស្ថិតក្នុង​គ្រោះថ្នាក់ នា​ឆ្នាំ​២០០៤​។ បច្ចុប្បន្ន ក្រោម​ការសម្របសម្រួល​នៃ ICC-Angkor មាន​ប្រទេស​ចំនួន​១៦ និង​អង្គការ​អន្តរជាតិ​ជាង​៣០ បាននិងកំពុង អនុវត្ត​គម្រោង​ជាង​៦០ ដើម្បី​ស្តារ និង​ជួសជុល​ប្រាសាទ​នានា ក្នុង​តំបន់​អង្គរ​។​

​លោក សុខ អាន បាន​មានប្រសាសន៍​វាយតម្លៃថា​ទេសចរណ៍​ជា​អាវុធ​មុខ​ពីរ ដែល​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ល្អ​។ រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយ​នឹង​បណ្តា​ដៃគូ​កន្លងមក​បាន​ពិចារណា​ថ្លឹងថ្លែង និង​ដាក់ចេញ​នូវ​វិធានការណ៍​ជាច្រើន ក្នុងការ​លុបបំបាត់​ក​ង្វះ​ខាត​នានា​ដែលមាន ដើម្បី​បានទទួល​ផល​អំពី​វិស័យ​ទេសចរណ៍​។​

​លោកស្រី ផេ​នី រី​ឆាត (Penny Richards) ឯកអគ្គរដ្ឋទូត​អូ​ស្រា​លី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ផែនការ គ្រប់គ្រង ទេសចរណ៍​នេះ (TMP) ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​គម្រោង​ក្របខ័ណ្ឌ​គ្រប់គ្រង​បេ​តិក​ភ័​ណ្ឌ ដោយមាន​ការពិគ្រោះ យោបល់ ជាមួយ​ក្រុម Godden Mackay Logan heritage ព្រម​ជាមួយនឹង​បណ្តា​ដៃគូ​នៃ​គម្រោង​ដទៃទៀត រួមមាន អាជ្ញាធរ​អប្សរា អង្គការ យូនេស្កូ និង​ធាតុ​ចូល​ពី​សមាសភាព​ផ្សេងៗ​ទៀត ដែល​ក្នុងនោះ​មាន​ក្រសួងទេសចរណ៍​ផងដែរ​។ ផែនការ​គ្រប់គ្រង​ទេសចរណ៍ នឹង​ជួយ គ្រប់គ្រង និង​សម្របសម្រួល​នូវ​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ​៕