សារអេឡិចត្រូនិច
ទីក្រុង​ឥសាន​បុរី​តាម​កាល​ប្ប​ប្រវត្តិ​ចិន​


ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យ​ចេនឡា​ត្រូវបាន​កត់ត្រា​ជា​លើកដំបូង​បង្អស់​ក្នុងកា​លប្ប​ប្រវត្តិ​ចិន ឈ្មោះ ស៊ូ​យ​ហ្ស៊ូ ហើយ​បន្ទាប់មកទៀត​នៅក្នុង​ច្បាប់​ចេនឡា​ហ្ស៊ូ​ន និង​ជី​ទូ​ហ្ស៊ូ​ន​។ “​ស្ថិតនៅ​ខាងលើ​នៃ​ហ្វូ​-​ណន​” ហើយ “​ខាងត្បូង​ឆៀង​ខាងលិច​នៃ​លីន​យី​” (​ចម្ប៉ា​) “​ចេនឡា ដើមឡើយ​គឺជា​សាមន្តរដ្ឋ​របស់​ហ្វូ​-​ណន​”​។ ដើម្បី​ទៅកាន់​ចេនឡា គេ​ត្រូវ​ចាកចេញ​ពី​ទី​មេបញ្ជាការ រី​ណាន (​ស្ថាបនា​ឡើង​នៅ​ឆ្នាំ ១១១​មុន​គ​.​ស​) ក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​បច្ចុប្បន្ន ដោយ​ធ្វើដំណើរ​តាម​ទូក​អស់​រយៈពេល ៦០​ថ្ងៃ​។ ខាងត្បូង​នៃ​ចេនឡា​ជាប់​ព្រំប្រទល់​ដែន​ជាមួយនឹង​អាណាចក្រ​ចែ​គូ (​ប៉េ​គូ​) ខាងលិច​អាណាចក្រ​ហ្ស៊ូ​ជាន អតីត​រដ្ឋ​ព្យូ ឬ ព្យ៉ា​វ នៅ​ភូមា​។​

​ព្រះរាជា​ចេនឡា មាន​ព្រះនាម​ថា ហ្ស៊ី​តួ​ស៊ីណា (​ចិត្រ​សេនា ម​ហេ​ន្ទ្រ​វរ្ម័ន​) នាមត្រកូល​របស់​ទ្រង់​គឺ ជាលី (​ក្សត្រ​)​។ តាំងពី​សម័យ​ជីតា​របស់​ទ្រង់​អាណាចក្រ​ចេនឡា​បន្តិច​ម្តងៗ​មាន​សភាព​ខ្លាំង ហើយ​រីកចំរើន​។ គឺ​ហ្ស៊ី​តួ​ស៊ីណា ដែល​បាន​វាយ​ដណ្តើម​អាណាចក្រ​ហ្វូ​-​ណន (​នគរ​ភ្នំ​) ហើយ​កាន់កាប់​តាំងពី​ពេលនោះ​មក​។ ពេលដែល​ទ្រង់​សោយ​ទីវ​ង្គ​ត់ ព្រះរាជបុត្រ​ព្រះនាម​យី​ក្សេ​ណា​សៀន (​ឥសាន​វរ្ម័ន​) សោយរាជ​សម្បត្តិ​បន្ត ហើយ​ទ្រង់​ប្រថាប់​គង់នៅ​ទីក្រុង​យ៊ី​ស្សេនា (​ឥសាន​បុ​រៈ​) ក្បែរ​ទីតាំង​នៃ​ក្រុម​ប្រាសាទ​សម្បូរ​ណ៍​ព្រៃ​គុក​បច្ចុប្បន្ន​។

​​សូមជម្រាបថា ព្រឹត្តិការណ៍​ដដែល​នេះ ដែលជា​តឹកតាង​ប្រវត្តិសាស្ត្រ​មួយ​យ៉ាងសំខាន់ ក៏​ត្រូវបាន​កត់ត្រា​ក្នុង​ច្បាប់​ចេនឡា​ហ្ស៊ួ​ន និង​ជី​ទូ​ហ្ស៊ួ​ន​ផងដែរ​។ ក្នុង​បណ្តា​ព័ត៌មាន​ទាំងឡាយ ច្បាប់​ចេនឡា​ហ្ស៊ួ​ន បាន​ពិពណ៌នា​ថា មាន​សេចក្តី​ថា "​អាណាចក្រ​ចេនឡា​ស្ថិតនៅ​ខាងត្បូង​ឈាង​ខាងលិច​នៃ​លិ​ន​យី គឺជា​ស្រុក​ចំណុះ​របស់​នគរ​ភ្នំ (. . .) គឺ​ព្រះបាទ​ចិត្រ​សេនា ដែល​វាយលុក​ហ្វូ​-​ណន ហើយក៏​កាន់កាប់​នគរ​នេះ​ទៅ (. . .)” រីឯ​ច្បាប់​ជី​ទូ​ហ្ស៊ួ​ន ក៏មាន​ខ្លឹមសារ​ដូចគ្នា​ដែរ​គឺថា ’​អាណាចក្រ​ជី​ទូ ដើមឡើយ កើតចេញពី​មែកធាង​មួយទៀត​នៃ​នគរ​ភ្នំ (. . .)​។

​    ​សូមបញ្ជាក់ថា ស្រុក ឬ​អាណាចក្រ​ជី​ទូ គឺជា​ឈ្មោះ​មួយទៀត​របស់​ប្រទេស​ចេនឡា​។

​ស្តីពី​ចេនឡា កាលប្រវត្តិ​ស៊យ​ស្ស៊ូ បាន​កត់ត្រា​បន្ថែមទៀត​ថា ’​នៅ​សង្កាត់ ក្រុង មានគ្រួសារ ២​ម៉ឺន គ្រួសារ​រស់នៅក្នុង​ព្រះរាជ​ធានី​មាន​អគារ​មួយ​ធំ ដែល​នៅ​ទីនោះ ស្តេច​ប្រទាន​សា​វនា​ការ​។ អាណាចក្រ​ចេនឡា​គ្របដណ្តប់​លើ​ទីក្រុង​ធំៗ​ចំនួន ៣០ ដេ​ល​នៅមាន​ផ្ទះសម្បែង​ចំនួន​ច្រើន​ពាន់ ហើយ​ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត ទាហាន​ម្នាក់ (​សេនាបតី​)​។ ឋានន្ត​រ៍ ស័ក​មន្ត្រី​នៃ​ស្រុក​នេះ ដូចនឹង​លិ​ន​យី (​ចម្ប៉ា​)​។

​"​  ព្រះមហាក្សត្រ​ទ្រង់​ស្លៀកសំពត់​មួយ ធ្វើ​អំពី​កប្បាស​ពណ៌​ក្រហម ដែល​រំ​ជុំវិញ​ចង្កេះ និង​ពោះ ហើយ​ធ្លាក់​សំយុង​ដល់​កំភួនជើង​។ ព្រះអង្គ​ទ្រង់​ពាក់​មកុដ​មាស​មួយ​ដាំ​ត្បូង​មួយ​មានតម្លៃ​។ ក​របស់​ទ្រង់​លម្អរ​ដោយ​ខ្សែក​-​គុជ​មួយ​ខ្សែ បាត​របស់​ទ្រង់ ពាក់​ស្បែកជើង (​ស្បែកជើងសង្រែក​) នៅលើ​ត្រចៀក​មាន​ក្រវិល​មាស​។ សម្លៀកបំពាក់​ធម្មតារ​បស់​ទ្រង់​ធ្វើ​អំពី​កប្បាស​ពណ៌​ស ទ្រនាប់ជើង​ភ្លុក​។ កាលណា​ព្រះ​កេស​ទ្រង់​ទទេ ព្រះអង្គ​មិន​ពាក់​ខ្សែក​គុជ​ទេ​។ សម្លៀកបំពាក់​របស់​ក្រុម​បរិវា​របស់​ព្រះអង្គ​មាន​លក្ខណៈ​ដូចៗ​គ្នា​។​

​នៅក្នុង​ព្រះរាជ​នគរ មាន​មន្ត្រីជាន់ខ្ពស់​៥​នាក់ គឺ​គូ​លួ​ហ្សី​, គាវ សៀង​ពិ​ង​, ផូ ហេ​តួ​ល៉ី​ង​, ស្ស៊ែ ម៉​លីង​, រ៉ា​ន តួ​លឺ ព្រមទាំង​មន្ត្រី​ថ្នាក់ក្រោម​ជាច្រើន​។​ បី​ថ្ងៃ​ម្តង ស្តេច​ប្រទាន​សា​វនា​ការ​។ ព្រះអង្គ​គង់ប្រថាប់​នៅលើ​គ្រែ​មួយ​មាន​ក្លិនក្រអូប​៥​យ៉ាង និង​ត្បូង​មានតម្លៃ​៧​មុខ (​លំអរ​)​។ នៅ​ពីលើ​មាន​ក្រណាត់​ភ្លឺ​មួយ​ទ្ររ​ដោយ​បង្គោល​ឈើ​ក្រញូង​គ្របពីលើ​គ្រែ​។ គេ​ម​គ្រែ​ធ្វើ​អំពី​ភ្លុក​ហើយ​បិតមាស​។ ការណ៍​ទាំងនេះ​ធ្វើ​ឲ្យ​បន្ទប់​តូច​មួយ​នេះ ដែលមាន​វត្ថុ​ព្យួរ​ពណ៌​មាស​ភ្លឺ​ចិញ្ចាច ការណ៍​ទាំងនេះ​មាន​សភាព​ដូច​នៅ​ស្រុក​ជី​ថ៌ូ​។ នៅមុខ​គ្រែ​របស់​ព្រះរាជា​មាន​គ្រឿង​ដុត​ឈើ​ក្រអូប​ធ្វើ​អំពី​មាស​មួយ ដែល​អមដោយ​មនុស្ស​ប្រុស​ម្នាក់​ម្ខាង​ឈរ​យាម​”​។​ ​វត្តមាន​របស់​ព្រះនាម​ព្រះមហា​ក្ស​ឥសាន​វរ្ម័ន និង​ទីក្រុង​របស់​ទ្រង់ គឺ​ឥសាន​បុ​រៈ ត្រូវបាន​គូសបញ្ជាក់​ថ្មីៗ​នេះ​តាមរយៈ​កា​រកឃើញ​នូវ​កាក់​មាស​មួយ នៅ​ទីក្រុង​ឥសាន​បុ​រៈ អង្គរបុរី​៕