សារអេឡិចត្រូនិច
ឆ្នាំ​២០១៣ត្រី​មាស​ទី​១ ​រាជធានី​ភ្នំពេញ​ទទួល​បាន ​ភ្ញៀវ​ទេសចរជាង​២៥៧.១៦២​នាក់​


រាជធានីភ្នំពេញ​ ៖​ នៅ​ក្នុង​ឆ្នាំ​២០១៣​ ត្រី​មាស​ទី១​ រាជធានី​ភ្នំពេញ​ ទទួល​បាន​ភ្ញៀវ​ទេស​ចរ​មក​សម្រាក​លំហែ​កម្សាន្ត​ និង​ទេស​ចរធុរ​កិច្ច​ជាង​២៥៧.១៦២​នាក់​ ក្នុង​នោះ​មក​ពី​១៣៧​សញ្ជាតិ​ ។ នេះ​បើ​តាម​ការ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ពីលោក​ឃួង ស្រេង​ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​នៃ​ទីក្រុង​ណាន​នីង​នៅ​ភ្នំពេញ​ នា​សណ្ឋា​គារ​សូហ្វីតែល​ ។

លោក​អភិបាល​រង​បាន​បន្ត​ថា​ វិស័យ​ទេស​ចរណ៍​ជា​វិស័យ​មួយ​ដែល​មាន​សក្តា​នុពល​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ ។ ជាក់​ស្តែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ឆ្នាំ​២០១២​ មាន​សន្ទុះ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេស​ចរ​មាន​ចំនួន​៩៩០២.៦៧៦​នាក់​ កើន​ឡើង​២៤,៤០%​ បើ​ធៀប​នឹង​ភ្ញៀវ​ទេស​ចរទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​៥.៥៨៤.៣០៧​នាក់​ ។ ជាង​នេះ​ទៅទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ​ រាជធានី​ភ្នំពេញ​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ដែល​មាន​រហូត​ទៅ​ដល់​២៥៧.១៦២​នាក់​ ។

លោក​អភិបាល​រង​រាជធានី​ បាន​បន្ត​ទៀត​ថា​ កត្តា​ដែល​ភ្ញៀវ​ទេស​ចរ​មាន​ការ​កើន​ឡើង​ជាង​រាល់​ឆ្នាំ​ែបប​នេះ​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​សន្តិសុខ​ច្បាស់​លាស់​ ។ ចំណែក​រាជ​ធានី​ភ្នំពេញ​កំពុង​តែ​រក្សា​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​ល្អ មាន​គោល​នយោ​បាយ​ និង​ផែន​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ជាតិ​ត្រឹម​ត្រូវ​ច្បាស់​លាស់​ដូច​ការ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មក​ពី​គោល​ដៅ​ផ្សារ​ភ្ជាប់​ទេសចរណ៍​សំខាន់ៗ​រួម​មាន​ អាមេរិក​ អឺរ៉ុប​ប៉ាសុីហ្វិក​ ជា​ដើម​ ។ ការ​ពង្រីក​កិច្ច​សហការ​ល្អ​ជា​មួយ​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ បើក​ច្រក​ផ្លូវ​គោក​បន្ថែម​ ការ​លើក​លែង​ទិដ្ឋាការ​-វីសា និង​ការ​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេស​ចរណ៍​អាស៊ាន​រួម​ ។

លោក​អភិបាល​រង​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ រាជធានី​ភ្នំពេញ​ជា​តំបន់​ប៉ូល​មួយ​ក្នុង​ចំណោម​ប៉ូល​ទាំង​៤​រួម​មាន​រាជធានី​ភ្នំពេញ​ ខេត្ត​សៀម​រាប​ ខេត្ត​នៅ​តាម​បំបន់​ឆ្នេរ​ និង​ខេត្ត​នៅ​តំបន់​ប៉ែក​ឦសាន​ ។ ​បច្ចុប្បន្ន​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ រមណីយ​ដ្ឋាន​ស្អាត​ សេវា​ល្អ​ ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ ដើម្បី​ធានា​នូវ​សុខ​សន្តិភាព​ជូន​ភ្ញៀវ​ទេស​ចរ​ ។ លើស​ពី​នេះ​ពង្រឹង​គុណ​ភាព​សេវា​កម្ម​ទេស​ចរណ៍​ដូច​ជា​ កែ​លម្អ​សណ្ឋា​គារ​ឱ្យ​ត្រូវ​តាម​ស្តង់​ដា​អន្តរ​ជាតិ​ ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​ អនាម័យ​តាម​ភោជ​នីយដ្ឋាន​ រួម​ទាំង​កំណត់​តម្លៃ​សេវា​កម្ម​ជា​ដើម​ ។

លោក​អភិបាល​រង​បន្ថែម​ថា​ សព្វ​ថ្ងៃ​សាលា​រាជធានី​បាន​និង​កំពុង​បង្កើត​មធ្យោបាយ​ បទ​ដ្ឋាន​តម្រង់​ទិស​ដៅ​ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​ទំនើប​កម្ម​ទីក្រុង​ ដែល​គម្រោង​ទាំង​នោះ​បាន​និង​កំពុង​បញ្ចប់​សិក្សា​ និង​កំពុង​សិក្សា​រួម​មាន​ គម្រោង​ប្លង់​អភិវឌ្ឍន៍​នគរូប​នីយកម្ម​សម្រាប់​ឆ្នាំ​២០២០​ គម្រោង​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាង​ជើង​រាជ​ធានី​ និង​គម្រោង​ប្លង់​គោល​អភិវឌ្ឍន៍​ការ​ដឹក​ជញ្ជូន​ក្នុង​រាជធានី​ គម្រោង​សិក្សា​ខ្សែ​រថភ្លើង​ប្រើ​អគ្គិសនី​ និង​គម្រោង​បណ្តាញ​បង្ហូរ​ទឹក​ក្នុង​រាជធានី​ ។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ទីក្រុង​ណាន​នីង​ នៅ​រាជធានី​ភ្នំពេញ​ លោក​យ៉ាង​ មីញ សមាជិក​គណៈ​កម្មាធិការ​បក្ស​ប្រជា​ជន​ចិន​ប្រចាំ​ទីក្រុង​ណាន​នីង​ និង​ជា​អភិបាល​រង​ក្រុង​ណាន​នីង​ បាន​មាន​ប្រសាសន៍​ថា​ រាជធានី​ភ្នំពេញ​ ជា​រាជធានី​មួយ​ដែល​មាន​ទេស​ភាព​ដ៏​មាន​សោភ័ណ​ភាព​ ហើយ​រាជធានី​ភ្នំពេញ​ជា​ទី​ប្រជុំ​ជន​នៃ​ប្រព័ន្ធ​នយោបាយ​សេដ្ឋ​កិច្ច​ វប្បធម៌​ និង​ទូរគមនា​គមន៍​ ។ ជាង​នេះ​ទៅ​ទៀត​ រាជ​ធានី​ភ្នំពេញ​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​-ប្រវត្តិ​សាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ​ ហើយ​ក៏​ជា​ទីក្រុង​ដែល​មាន​សោភ័ណ​ភាព​មួយ​នៅ​ក្នុង​អាសុី​អាគ្នេយ៍​ពោរ​ពេញ​ទៅ​ដោយ​ទេស​ភាព​ល្អ​ប្រសើរ​មាន​រាជ​វាំង​ដ៏​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​ មាន​វត្ត​ភ្នំ​ដ៏ល្អ​ស្អាត​ និង​វិមាន​ឯករាជ្យ​ដ៏​ស្កឹម​ស្កៃ​ ព្រម​ទាំង​មាន​វត្ត​អារាម​នានា​ប្រកប​ដោយ​លក្ខណៈ​ពិសេស​សម្រាប់​ប្រជា​ជាតិ​កម្ពុជា​ទៀត​ផង​ ។

លោក​អភិបាល​រង​ក្រុង​ណាន​នីង​ បាន​បន្ត​ថា​ ទេស​ភាព​ដែល​សម្បូរ​បែប​របស់​កម្ពុជា​នេះ​បាន​ធ្វើ​ឱ្យ​រូប​លោក​ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរមក​ទស្សនា​មិន​នឿយ​ណាយ​ចិត្ត​ និង​ភ្លេច​មិន​បាន​ទេ​នូវ​ទម្រង់​ដ៏​ផូរ​ផង់​របស់​រាជធានី​ភ្នំពេញ​ នៅ​ពេល​ដែល​ត្រឡប់​ចេញ​ពី​រាជធានី​ភ្នំពេញ​ ។ ចំពោះ​ទីក្រុង​ណាន​នីង​ គឺ​ជា​ទីរួម​ខេត្ត​មួយ​នៃ​តំបន់​ស្វយ័ត​ជន​ជាតិ​ចិន​ គ័ងសុី​ ហើយ​ជា​ទីក្រុង​ស្នូល​នៃ​តំបន់​សេដ្ឋ​កិច្ច​បៃតង​ និង​ជា​ទីប្រជុំ​ជន​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​អាស៊ាន​ ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ទីក្រុង​ណាន​នីង​ បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរ​ណ៍​ហើយ​បាន​យក​វិស័យ​ទេស​ចរណ៍​ជា​សសរ​ទ្រូង​ខាង​យុទ្ធ​សាស្ត្រ​សេដ្ឋ​កិច្ច​ប្រទេស​ជាតិ​ ។

លើស​ពី​នេះ​ ក្រុង​ណាន​នីង​ បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​ទេស​ចរណ៍​ណាន​នីង​ ស្ថិត​នៅ​ក្នុង​តំបន់​ក្តៅ​ពេញ​មួយ​ឆ្នាំ​ និង​គ្រប​ដណ្តប់​ទៅ​ដោយ​ពណ៌​បៃតង​ ។ ក្រុង​ណាន​នីង​ត្រូវ​បាន​ទទួល​កេរ្តិ៍​ឈ្មោះ​ជា​ទីក្រុង​បៃតង​នៃ​ប្រទេស​ចិន​ រហូត​ធ្វើ​ឱ្យ​​ទីក្រុង​ណាន​នីង​បាន​ទទួល​រង្វាន់​ការ​ស្នាក់​នៅ​ប្រជា​ជន​ទូទាំង​ប្រទេស​ពី​អង្គការ​សហប្រជា​ជាតិ​ ។

ទីក្រុង​ណាន​នីង​ដែល​ជា​ទីក្រុង​​សម្បូរ​អរិយ​ធម៌​ជាង​គេ​នៃ​ប្រទេស​ចិន​ និង​ជា​ទិស​ដៅ​នៃ​ទេស​ចរណ៍​ទាំង​១០​របស់​ប្រជា​ជន​ចិន​ ជា​ពិសេស​យុវជន​ចិន​ ។ ជាង​នេះ​ទីក្រុង​ណាន​នីង​ក៏​ជា​កន្លែង​មួយ​សម្រាប់​សម្រាក​ព្យាបាល​ដ៏​ល្អ​ប្រសើរ​ថែម​ទៀត​ផង​ ។លោក​បាន​បញ្ជាក់​ថា​ ទីក្រុង​ណាន​នីង​ជា​ទីតាំង​ប្រជុំ​ពិព័រណ៍​អាស៊ាន​ និង​ជា​ទីក្រុង​ល្បី​ឈ្មោះ​ខាង​ចម្រៀង​ប្រជា​ប្រិយ​ ៕