សារអេឡិចត្រូនិច
ភ្នំ​ត្បែងមានជ័យ, អាថ័កំបាំងដែល មិនទាន់ទម្លាយ​


 ​ជួរ​ភ្នំ​ត្បែងមានជ័យ ស្ថិតនៅក្នុង​ទឹកដី​ខេត្តព្រះវិហារ ត្រូវបាន​ប្រជាជន​ខ្មែរ​គ្រប់​សម័យកាល​ចាត់ទុកថាជា ភ្នំ​ដ៏​ពិសិដ្ឋ ដែល​ឥឡូវនេះ​មិនទាន់​បង្ហាញ​អាថ៌កំបាំង​នៅឡើយ ពោលគឺ​រហូតមកដល់​សព្វថ្ងៃនេះ ពុំទាន់​មានការ​ស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅ​ណាមួយ​ពាក់ព័ន្ធ​ទៅនឹង​ខាង​បុរាណ​វី​ទ្យា ​ជាតិ​ពិ​ន្ធុ​វិទ្យា​នៅ​ទីនោះ​នៅឡើយ​។

​កន្លងមក​នៅ​ខែមករា ឆ្នាំ ២០១២ យើង​បាន​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ និង​ធ្វើបុណ្យ​នៅលើ​កំពូលភ្នំ​ត្បែងមានជ័យ នៅ​ត្រង់ចំណុច​មួយ​ឈ្មោះថា ថ្ម​បី​ដុំ ។ យើង​បានឃើញ​​សិលាចារឹក​ ព្រមទាំង​ចម្លាក់​ផ្កាឈូក​មួយ​នៅក្នុង​គុហា ដែល​មាន​រូប​ភ្ជាប់​មកជាមួយនេះ​ជា​តឹកតាង​។ ផ្នត់គំនិត​របស់​ខ្មែរ​គ្រប់​សម័យកាល បានចាត់ទុក​​ជួរ​ភ្នំ​ត្បែងមានជ័យ​ជា​កន្លែង​ដ៏​ពិសិដ្ឋ​ដែល​ពួកគាត់​រមែងតែងតែ​ទៅធ្វើ​ធម៌ ឬ​សមាធិ ធ្វើ​ធុ​ដុ​ង្គ រុក្ខមូល ឬ​មាន​អ្នក​សច្ចំ តាបស ឥសី​ជាដើម ។ ពួក​គាត់​ក៏​បានទៅ​ទីនោះ​បន់ស្រន់​វត្ថុ​សក្តិ​សិទ្ធិ​ទាំងឡាយ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ចម្រុងចម្រើន​រុងរឿងផងដែរ​។​

ការ​បន់ស្រន់​, ថ្ម​កម្រើក និង សិលាចារឹក​នៅលើ (​ម​.​ត ២០១២)

តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន ថ្វីត្បិតតែ​ជួរ​ភ្នំ​ត្បែងមានជ័យ​ជា​កន្លែង​ព្រៃភ្នំ​ក៏​មែនពិត ក៏ប៉ុន្តែ​ដូនតា​ខ្មែរ​រមែង​តែង​ឡើង​ភ្នំ ចុះ​ភ្នំ​នោះ ដើម្បី​ស្វែងរក​នូវ​បុណ្យ​កុសល សម្រាប់​ខ្លួនឯង​ផ្ទាល់ ឬក៏​ដូច​សម្រាប់​សង្គមជាតិ​ទាំងមូល​។​
​លើ​កំពូលភ្នំ​នេះ យើង​ឃើញ​មាន​ថ្ម​ធំៗ​ជា​ច្រើ​ដុំ រួមមាន​ថ្ម​គម្ពីរ ដែល​ស្ថិត​នៅក្បែរ​ដើមឈើ​មួយ​ដើម ដែល​គេ​ហៅថា ថ្ម​កម្រើក និង​ថ្ម​ហោះ ដែលជា​វត្ថុ​សក្តិ​សិទ្ធិ​ជាងគេ​នៅ​ទីនោះ​។ ​នៅលើ​ស្រទាប់​ថ្ម​កម្រើក គេ​ឃើញ​មាន​ចារ​អត្ថបទ​សិ​លា​ចារឹក​ដ៏​វែង​មួយ ជា​ភាសាសំស្ក្រឹត មាន ១០​បន្ទាត់​។

​សិលាចារឹក​នេះ​មាន​ប្រវែង​ប្រមាណ​ជា ១,២៧​ម៉ែត្រ និង​ទទឹង ០,៨៧​ម៉ែត្រ​។ នៅខាងមុខ​នៃ​​សិលាចារឹក​នេះ មាន​សិលាចារឹក​មួយទៀត​ជាប់​គ្នា ដែលមាន​ប្រវែង ១,២៧​ម៉ែត្រ តែជា​អកុសល​អក្សរ​លើ​នោះ​បាន​រលប់​អស់​នៅសល់តែ ១​បន្ទាត់​ប៉ុណ្ណោះ​។

​ជារួម ផ្ទាំងសិលា​ចារឹក​នេះ មានការ​ខូចខាត​ជាច្រើន​អន្លើ រី​ផ្ទាំងសិលា​ទី​២ ចារ​នៅ​ផ្នែក​ខាងក្រោយ​ផ្ទាំង​ថ្ម ដែលមាន​ឈ្មោះថា ថ្ម​ហោះ​នោះ ក៏មាន​ចារអក្សរជា​ពីរ​ជួរដែរ មាន​ប្រវែង​ប្រមាណ​ជា ១,១៤​ម៉ែត្រ​។ ម្យ៉ាងវិញទៀត ដោយសារ​ផ្នែក​មួយ​ផ្ទាំង​នៃថ្ម​ដ៏​ធំ​មហិមា​នេះ ផ្តេក ផ្អៀង ហើយ​គង​លើ​ថ្ម​ជម្រាលភ្នំ ជាហេតុ​នាំ​ឲ្យ​កើតជា​រូង​ធម្មជាតិ​មួយ​នៅ​កណ្តាល ហើយ​រូង​នេះ​ក៏មាន​រាង​មូល វា​ក៏​ក្លាយទៅជា​អ​សនៈ​សម្រាប់​ភាវនា​ធម៌​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ​។ គេ​ឃើញ​មាន​វត្តមាន​របស់​យ័ន្ត​មួយ ដែលមាន​រូប​ជា​ផ្កាឈូក​ក្រពុំ មាន​ប្រាំបី​ត្របក ស្ថិតនៅ​ចំ​កណ្តាល​នៃ​ថូ​ទឹក​ទាំង​បួន ដែល​ពោរពេញ​ទៅដោយ​ទឹកមន្ត​ដ៏​ពិសិដ្ឋ កំពុង​ហូរ​ចេញពី​កំពួ​ច (​សព្វថ្ងៃ​ឃើញតែ​បី​ទេ មួយទៀត​រលប់​បាត់​អស់ហើយ​)​។​


រូង​ថ្ម​ហោះ នៅលើ​ភ្នំ​ត្បែងមានជ័យ​, ផ្នែក​ខាងក្រោយ​មាន​សិលាចារឹក និង ចម្លាក់​លើ​ពិតាន​គុហា (​ម​.​ត ២០១២)
​តាម​ការប៉ាន់ស្មាន​នៅ​ដំណាក់កាល​ដំបូង យើង​សូមបញ្ជាក់ថា ផ្ទាំងសិលា​ចារឹក​ទី​១ Ka 725 ស្ថិតនៅ​សម័យអង្គរ ពោលគឺ​ស​.​វ​ទី​៩-១០ រីឯ​ផ្ទាំង​ទី​២ ស្ថិតក្នុង​សម័យអង្គរ Ka 726។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​អនាគត ​នឹង​មាន​គេ​រកឃើញ​នូវ​សិលាចារឹក​ថ្មី​ដ​ទៃៗ​ទៀត ដើម្បី​បំពេញ​កង្វះខាត​អំពី​តំបន់​ខាងលើ​៕