សារអេឡិចត្រូនិច
សិ​ល្បះ​គំនូរ​គុហា​មន​-​ខ្មែរ នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន (​ភាគ ១)


​ដោយសារតែ​នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​អំពី​សិ​ល្បះ​គុហារ ឬ​គំនូរ​លើ​ជញ្ជាំង​ភ្នំ​នៅឡើយ ជាហេតុ​ដែល​នាំ​ឲ្យ​គេ​យល់ច្រឡំ​ថា បុព្វការី​ជន​ខ្មែរ​ពុំ​ធ្លាប់​ស្គាល់​សិ​ល្បះ​ខាងលើ​នេះឡើយ ។​ ​ស្ថិតក្នុង​ស្ថានភាព​អវិជ្ជមាន ដូច្នេះ​រាល់​ការរកឃើញ​នូវ​ស្លាកស្នាម​វប្បធម៌​បុរាណ សុទ្ធសឹង​តែមាន​សារសំខាន់​បំផុត​សម្រាប់​ការស្វែងយល់​អំពី​វប្បធម៌​ខ្មែរ​ដើម ។ ម្ល៉ោះហើយ​ការរកឃើញ​នូវ​ផ្ទាំងគំនូរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន មាន​អត្ថប្រយោជន៍​ក្រៃលែង​សម្រាប់​យើង ដើម្បី​បំពេញ​នូវ​កង្វះខាត​ផ្នែក​ទិន្នន័យ​ប្រវត្តិសាស្ត្រ ។​

​ជាការ​ពិត របកគំហើញ​ខាង​បុរាណវិទ្យា​បុរេប្រវត្តិសាស្ត្រ​ខាងលើនេះ ចោទ​ជា​បញ្ហា ដែល​គេ​ត្រូវតែ​ដោះស្រាយ ព្រោះ​ស្ថិតក្នុង​បង្គោល​ខ័​ណ្ឌ​សីមា​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ។ ​ក៏ប៉ុន្តែ​បញ្ហា​នេះ អាច​នឹង​ដោះស្រាយបាន​យ៉ាង​ងាយស្រួល ដោយ​កត្តា​ប្រវត្តិសាស្ត្រ ទោះបីជា​សម្មិទ្ធិផល​ទាំងនោះ​មិន​ស្ថិតក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ។​ ផ្ទាំងគំនូរ​ទាំងនោះ ដែល​ត្រូវ​បាទ​អនុវត្ត​ឡើង​រវាង​ស​.​វ​ទី​៥ និង​ទី​១ មុន​គ​.​ស ត្រូវគេ​ទទួលស្គាល់ថា មិនមែនជា​ស្នាដៃ​នៃ​បុព្វការី​ជន​សៀម ឬ​ថៃ​ដែលជា​មនុស្ស​ចំណូល​ថ្មី​ក្នុង​តំបន់​នេះ​ទេ ក៏ប៉ុន្តែ​ជា​របស់​ដូនតា​ខ្មែរ ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ​ដែល​បាន​កាន់កាប់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ខ្មែរ រាប់ពាន់​ម៉ឺន​ឆ្នាំមុន​ការបង្កើត​រដ្ឋ​ថៃ នៅ​ចុង​ស​.​វ ទី​១៣ នៃ​គ​.​ស នៅ​ខេត្ត​សុខោទ័យ ។​

​បើ​និយាយ​ម្យ៉ាងទៀត ដូច​សេចក្តី​កត់សម្គាល់​របស់លោក ហ្ស​ក​ស៊ឺ​ដេ​ស ការដែល​ប្រទេស​ថៃ​បច្ចុប្បន្ន​ធ្លាប់ជា​ភាគ​មួយ​នៃ​អតីត​ទឹកដី​ដើមកំណើត​របស់​ប្រជាជន​ខ្មែរ គឺ​ចក្រភព​កម្ពុជទេស គ្មាន​ហេតុផល​អ្វីដែល​គេ​ត្រូវ​មិន​ចាត់ទុកថា គំនូរ​គុហារ​ទាំងនោះ​មិនមែនជា​របស់​ពូជសាសន៍​ខ្មែរ​នោះទេ ។ ឬ​ផ្ទុយទៅវិញ គឺ​របស់​ប្រជាជន​ថៃ ។​ ​តទៅ​នេះ គឺជា​សម្រង់​រូបភាព​មួយចំនួន​របស់លោក ហ្លឺ​លម័យ យើង​មាន​កិត្តិយស និង​បង្ហាញជូន​ជា​ព័ត៌មាន ។

​​​ការសិក្សា​វិភាគ​ផ្ទាំងគំនូរ​ទាំងនោះ បញ្ជាក់​ឲ្យ​យើង​ឃើញ​នូវ​បំណង​របស់​សហគមន៍​នា​ជំនាន់​បុរាណ​យ៉ាង​ប្រាកដ ហើយ​បំណង​នេះ​ដែល​កើតចេញពី​ភាពជាក់ស្តែង គឺ​ការចង់បាន​នូវ​សេចក្តីសុខ​សេចក្តីចំរើន ពោលគឺ​ភាព​ផូរផង់​នៃ​ជីវិត​ប្រចាំថ្ងៃ  ក្នុងសង្គម​មួយ​ដែល​នៅមាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ​នៅឡើយ ។ ហើយ​តាំងពី​នោះ​រហូតដល់​សព្វថ្ងៃ ស្ថានភាព​នេះ​ក៏​មិនទាន់​កែប្រែ​ប៉ុន្មាន​ដែរ សម្រាប់​សហគមន៍​មន​-​ខ្មែរ ក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ វៀតណាម​ខាងត្បូង ឬ​កណ្តាល និង​កម្ពុជា​ផងដែរ ។​

​តាមរយៈ​ស្នាដៃ​គំនូរ​គុហារ យើង​ឃើញ​សង្គម​នា​សម័យ​បុរេប្រវត្តិសាស្ត្រ វិស័យ​សង្គម​សិល្បៈ​មានការ​រីកចំរើន​រួចទៅហើយ ។ មនុស្ស​ក្នុង​សហគមន៍​ចេះ​ស្លៀកពាក់ (​ប៉ឹង​) ធ្វើការ​បរបាញ់​ដោយ​ប្រើ​ធ្នូ ដោយមាន​សត្វ​ឆ្កែ​ចូលរួម ដែល​គេ​បាន​ផ្ស៊ាំ​ង ព្រមទាំង​ចេះ​ធ្វើ​ពិធីបួងសួង​តាមរយៈ​របាំ​ពិសិដ្ឋ ដើម្បី​សុំ​សេចក្តីសុខ​ចំរើន​ពី​វត្ថុ​ស័​ក្ត​សិទ្ធិ បីបាច់​ថែរក្សា​លោក ។ ហើយ​ទង្វើ​នេះ ក៏​មិនជា​ការចម្លែក​អ្វី​ឡើយ ជំនឿ​សាសនា ដែល​សម្តែង​តាមរយៈ​របាំ​បួងសួង​ដូនតា ឬ​បុព្វការី​ជន ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ មុន​សម័យ​ប្រវត្តិសាស្ត្រ ។​ សូម​ជម្រាប​ផងដែរ​ថា ដូច​បច្ចុប្បន្នភាព គ្រប់​សកម្មភាព​សង្គម​សំខាន់ៗ នៅក្នុង​សហគមន៍ បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ប្រ័​ត្យ​ក្ស​ថា​មេក​ន្ទ្រា​យ មិន​ត្រឹមតែ​ជា​អ្នកចាត់ចែង​ប្រារព្ធ​ផ្ទាល់​នូវ​អធិកម្ម​សាសនា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​តំណាង​នូវ​សេចក្តីសង្ឃឹម​របស់​សមា​ជិ​ក​សហគមន៍​គ្រប់រូប​ទៀតផង ៕