សារអេឡិចត្រូនិច
ភ្ញៀវ​​ទេសចរ​​ចម្រុះ​ជាតិ​សាស​ន៍​កើនឡើង​១៦,៤៤%​ សម្រាប់​ត្រីមាស​ដើម​ឆ្នាំ​២០១៣ ប្រៀបធៀប​​ត្រីមាស​​ដើមឆ្នាំ​២០១២​


ក្រុង​ប៉ោយប៉ែត ៖ ភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ដែលចូលមក​កម្ពុជា តាមច្រកទ្វារ​អន្តរជាតិប៉ោយ​ប៉ែត សម្រាប់​ត្រីមាសដើមឆ្នាំ​​២០១៣ ​មានការកើនឡើង​១៦,៤៤% បើប្រៀបធៀបទៅ​នឹងត្រីមាសដើមឆ្នាំ២០១២ នាពេលក​ន្លងមក ហើយ​ភ្ញៀវដែល​​ឈរ​លំដាប់​លេខ​១​​គឺភ្ញៀវ​​ថៃ ។

លោក​ជុង​ ឡឹម ប្រធានមន្ទីរ​ទេសចរណ៍ខេត្ត​ និងជាអនុប្រធាន​ក្រុមការងារច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ឲ្យកោះ សន្តិភាព​ដឹង​តាម​ទូរ​ស័ព្ទនៅ​​រសៀលថ្ងៃទី​៤ ​មេសា ​២០១៣ថា ភ្ញៀវទេសចរចម្រុះ​ជាតិសាសន៍​ដែលចូលមកកម្ពុជា​តាម​ច្រកទ្វារអន្តរជាតិ​​ប៉ោយ​ប៉ែត​ ​ដើម្បីទៅ​ទស្សនា​តាមបណ្ដា​ខេត្តមួយចំនួន​ដែល​ភាគច្រើនទៅខេត្តសៀម​រាប នៅត្រី មាសដើមឆ្នាំ២០១៣​នេះ មានការកើន​ឡើង១៦,៤៤% បើប្រៀប​ធៀប​នឹង​ត្រីមាសដើមឆ្នាំដូច​គ្នា​ កាលពីឆ្នាំ២០១២ ដោយត្រីមាស​ដើមឆ្នាំ២០១៣នេះ ​មានភ្ញៀវសរុប​១៧៧៦៤៤​នាក់​ ចំណែកភ្ញៀវសរុបកាលពីត្រីមាស​​ដើមឆ្នាំ២០១២​មានត្រឹម​តែ១៥២៥៥០​នាក់តែប៉ុណ្ណោះ ។

លោកជុង ​ឡឹម​ បន្តថា ​ភ្ញៀវចម្រុះ​ជាតិសាសន៍​ខាងលើ​ដែលលើក​មកធ្វើការ​ប្រៀបធៀប​រវាងត្រីមាសដើម​ឆ្នាំ២០១៣ ​នឹងត្រីមាស​ដើមឆ្នាំដូចគ្នា​​ក្នុងឆ្នាំ២០១២​ភ្ញៀវថៃឈរ​លំដាប់លេខ១, ភ្ញៀវរុស្សីលេខ២,​ ភ្ញៀវកូរ៉េលេខ៣,​ភ្ញៀវអង់គ្លេស​លេខ៤ ឯភ្ញៀវឈរ​លំដាប់​​លេខ៥គឺ​ភ្ញៀវជប៉ុន ៕