សារអេឡិចត្រូនិច
ប្រាសាទ​មឿង​តាំ នៅ​ខេត្ត​បុរីរម្យ​


​ស្ថិតនៅ​ភូមិ​គោក​មឿង​ប្រមាណ​ជា ៨ គ​.​ម ពី​ប្រាសាទភ្នំរុង ក្នុងស្រុក​ព្រះ​កូន​ជ័យ ខេត្ត​បុរីរម្យ​ក្នុងប្រទេស​ថៃ បច្ចុប្បន្ន ប្រាសាទ​នេះ​ជា​ក្រុម​ប្រាសាទ ដែលមាន​ក្បាច់ក្បូរ​យ៉ាង​ល្អ​ប្រណីត​ជាងគេ បន្ទាប់ពី​ប្រាសាទភ្នំរុង ឬ​ភ្នំ​ភ្នំ ។ ជនជាតិ ថៃ​ដើមកំណើត​ខ្មែរ ដែល​រស់នៅ​យ៉ាង​កុះករ​នៅ​ជិត​ប្រាសាទ​នៅឡើយ នៅតែ​រក្សា​ភាព​និង​ប្រពៃណី​របស់ខ្លួន​នៅឡើយ ។ ពេលមកដល់​ទីនេះ​យើង​មាន​អារម្មណ៍​ថា កំពុងស្ថិត​នៅក្នុង​ទឹកដី​ន់​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ចឹង ដោយសារតែ​ទិដ្ឋភាព ខាងលើនេះ អ្នកភូមិ​ស្រុក​នូវ​រក្សាបាន នូវ​ទំនៀមទម្លាប់​និង​ភាសា​ខ្មែរ ។​

​ប្រាសាទ​ក្រោម​ឬ​មឿង​តាំ បើ​ប្រៀបធៀប​ទៅនឹង​ប្រាសាទភ្នំរុង ដែល​នៅ​ខាងលើ​ភ្នំ (​រុង​) មាន​លក្ខណៈពិសេស ជាង គេ ដោយមាន​កំពែង​ពិរ​ជាន់ គឺ​កំពែង​ខាងក្រៅ និង​ខាងក្នុង​ព័ទ្ធជុំវិញ​ប្រាសាទ ។ នៅតាម​ទិស​នៃ​កំពែង​និ​មួយៗ គេ​ឃើញ មាន​គោ​បុ​រៈ​ឬ​ទ្វារ​ចេញចូល​មួយ​ធ្វើ​ពី​ថ្ម ដែលមាន​ក្បូរ​ក្បាច់រចនា យ៉ាង​ល្អ​ក្រៃលែង​គួរ​ឲ្យ​ចង់​គយគន់​ណាស់ ។​

បុរាណ​ស្ថាន​ដ៏​ស្រស់ប្រិមប្រិយ​នេះ មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​ប្រាង្គ​ធ្វើ​អំពី​ឥដ្ឋ​ចំនួន​ប្រាំ ហើយ​នៅ​កណ្តាល គេ​ឃើញ​មាន​ស្រះ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ ។ នៅ​ជុំវិញ​ស្រះ​ទឹក​មាន​របៀប​ជា​បង្កាន់ដៃ​ថ្ម ដែលមាន​រាង​ជា​នាគរាជ​ក្បាល ប្រាំ​ហ៊ុមព័ទ្ធ​ជុំវិញ ។​

​នៅក្បែរ​ប្រាសាទ​គេ​ឃើញ​មាន​បារាយណ៍​មួយ​យ៉ាង​ធំ ដែលមាន​បណ្តោយ​ដល់ ១០០០​ម៉ែត្រ (​មួយ​គីឡូម៉ែត្រ​) ឯណោះ និង​មាន​ទទឹង ៥០០​ម៉ែត្រ ។ បារាយណ៍​បុរាណ​ដ៏​ធំ​សម្បើម​នេះ ត្រូវបាន​ជីក​ឡើង​នៅ​សម័យ​សាងសង់​ប្រាសាទ តែម្តង នា​ស​.​វ​ទី​១១ នៃ​គ​.​ស សម្រាប់​វិស័យ​កសិកម្ម ។ បច្ចុប្បន្ន​គេ​ស្តារ​ស្រះ​នេះ ដើម្បី​យក​ទឹក​ផ្គត់ផ្គង់​ជូន​អ្នកស្រុក​នៅ​ទីនោះ សម្រាប់ធ្វើ​ស្រែចម្ការ ។

​ប្រាសាទ​ក្រោម​ធ្វើ​ពី​ឥដ្ឋ​ត្រូវបាន​សាងសង់​ឡើងជា​ពីរ​ជួរ សម្រាប់​តម្កល់​ព្រះ​ទេវរូប និង​លិង្គព្រះឥសូរ ដែលជា​គ្រឿង សិរី​មង្គល សម្រាប់​ស្រុកភូមិ​នៃ​ប្រជាជន​រស់នៅ​តំបន់​នេះ ដែលជា​ទីក្រុង​បុរាណ​មួយ ។ ប្រាសាទ​នេះ បច្ចុប្បន្ន​ត្រូវបាន​ក្រុម បុរាណវិទ្យា​ថៃ ជួសជុល​ឡើងវិញ​រួចស្រេច​ជា​ស្ថាពរ ដោយសារតែ​រចនាបថ​របស់​ប្រាសាទ​មាន​លក្ខណៈ​យ៉ាង​ល្អ​ប្រណីត ។​

​អតីត​ប្រាសាទ​ទីក្រុង​ក្រោម របស់​ខ្មែរ​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​សម័យអង្គរ ។ នៅតាម​ចម្លាក់​ហោជាង និង​ផ្តែរ​នៃ​ប្រាង្គ​ប្រាសាទ​ខាងជើង គេ​ឃើញ​ខ្មែរ​បុរាណ​ឆ្លាក់​ទេវ​កថា នៃ​ព្រហ្មញ្ញសាសនា ដែលជា​រឿង​ទំនាក់ទំនង​ទៅនឹង ប្រវត្តិ​នៃ​ព្រះ​ឥសូរ ដូចជា​ទ្រង់​គង់ប្រថាប់​លើ​គោ​ន​ន្ទិ​ន ដោយមាន​បីទ្រ​នាង​បរ​វ​តី ។ ព្រះ​គោ​ន​ន្ទិ​ន​ទ្រង់​ឈរលើ​ក្បាល​រាហូ ក្បែរ​សិង្ហ​មួយគូ ដែល​កំពុង​ព្រោះ​កំរងផ្កា​ដ៏​ស្រស់បំព្រង ។ នៅ​ដៃ​របស់​ព្រះអាទិទេព​មាន​កាន់​ត្រីសូល៍ ដែលជា​អាវុធ ប្រកប ដោយ​មហិទ្ធិឫទ្ធិ ដ៏​គួរ​ឲ្យ​ព្រឺព្រួច ។ ឯ​នៅតាម​ផ្តែរ​ទាំងអស់ គេ​ឃើញ​មាន​ចម្លាក់​រូប​ឥសី​ដប់​អង្គ លុត ជង្គង់​លើកដៃ​ប្រណម្យ ។ នេះ​ជា​រឿងរ៉ាវ​មួយ​ក្នុងចំណោម រឿងរ៉ាវ​ជាច្រើន​ទៀត នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​ត្រូវបាន​ឆ្លាក់​លើ​ក្បាច់​ផ្តែរ ។​

​ទេវស្ថាន​ដ៏​ស្រស់ត្រកាល នៅ​បន្ត​រហូតដល់​សព្វថ្ងៃនេះ ដែល​ស្ថាបត្យករ​ខ្មែរ​បុរាណ​សាងសង់ឡើង ស្ថិតក្នុង​រចនាបថ បាពួន និង​ក្បាច់ក្បូរ​មាន​សភាព​ដូច​ប្រាសាទព្រះវិហារ​ដែរ ។ ទេព​កោសល​នៃ​ការកសាង​ប្រាសាទ​នេះ គឺជា​ព្រះតម្រិះ​របស់ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ឆ្នើម នៅក្នុង​អម្លុង​ស​.​វ​ទី​១១ នៃ​គ​.​ស គឺ​ព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី​២ ។​

ប្រាសាទ​មឿង​តាំ ដេ​ល​ស្ថិតក្នុង​រចនាបថ​បាពួន គឺជា​រូបភាព​នៃ​ចក្រ​វា​ឡ តាម​លំនាំ​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​-​ខ្មែរ ដោយហេតុថា ប្រាង្គ​ទាំង​ប្រាំ​ដែលមាន​ប្រាង្គ​កណ្តាល​ធំជាងគេ​នោះ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ហើយ​វា​ក៏​ជា​ចំណុច កណ្តាល​នៃ​សកលលោក​ផងដែរ ។ រីឯ​ស្រះ​ទាំង​បួន​វិញ ដែល​ហ៊ុមព័ទ្ធ​ដោយ​នាគរាជ គឺជា​និមិត្តរូប​នៃ​សមុទ្រ​ទាំង​បួន​នៃ​ចក្រ​វា​ឡ ។ ចំពោះ​កំពែង​ខាងក្រៅ ពិតជា​តំណាង​ឲ្យ​ទ្វារ​នៃ​លោក​យ៉ាងពិត​ប្រាកដ ។​

​នៅលើ​ហោជាង​យើង​ឃើញ​មាន​ចម្លាក់ ព្រះឥន្ទ្រ​ជិះ​លើ​ដំរី​អី​រា​វ័​ន្ត ប្រថាប់​លើ​ព្រះ​កាល ។ យើង​ក៏បាន​ឃើញ​ក្បាច់​ផ្តែរ​ពិពណ៌នា​អំពី​ចម្បាំង រវាង​ព្រ​ស​គ្រិ​ស្ណៈ ដែលជា​អវតារ​របស់​ព្រះ​វិស្ណុ និង​នា​គក​ល្យី​ក្បាល​ពីរ​ផងដែរ ដោយ​នៅទីនេះ​ទ្រង់​ចែក​ស្តេច​នាគ​ជា​ពីរ ។​

​នៅមាន​ផ្តែរ​មួយចំនួនទៀត អធិប្បាយ​ពី​ប្រវត្តិ​របស់​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា ដែល​ប្រថាប់​លើ​គោ​ន​ន្ទិ​ន (​ឧមា​ម​លោ​ស្វា​រៈ​) ការលើក​ភ្នំ​គោ​វ​ឆនៈ ដោយ​ព្រះ​គ្រិ​ស្ណៈ ដើម្បី​ជួយសង្គ្រោះ​ដល់​ពួក​ឃ្វាលគោ ដែល​ត្រូវ​ព្យុះ​បោកបក់ ព្រះ​ភិ​រុន ដែលជា​ទេវតា​រក្សា​ទិស​ខាងលិច ប្រថាប់​លើស​ត្វ​ហង្ស និង​ព្រះឥន្ទ្រ​ធី​រាជ ទេវតា​ទិសខាងកើត ប្រថាប់​លើ​ព្រះ​កាល​ជាដើម គួរ​ឲ្យ​គយគន់​ក្រៃលែង ។​

សូម​ជម្រាប​ផងដែរ​ថា ស្រះ​ទាំង​បួន ខាងលើនេះ ត្រូវបាន​សាងសង់ឡើង​អំពី​ថ្មបាយក្រៀម ជា​ថ្នាក់ៗ ។ ម្យ៉ាងវិញ ទៀត​នៅ​មាត់​ស្រះ​នីមួយៗ យើង​ឃើញ​មាន​ក្លោងទ្វារ​ធ្វើ​អំពី​ថ្ម ដើរ​ចុះទៅ​កាន់​ស្រះ​ដើម្បី​ស្រង់ទឹក ។ រីឯ​ជណ្តើរ​ចុះ​ស្រះ​នោះ ត្រូវគេ​រៀប​ជា​បី​ថ្នាក់​យ៉ាង​សមសួន ។​ សូមជម្រាបថា ពី​បុរាណកាល​ប្រាសាទ​នេះ​ត្រូវ​ប្រជាជន ក្នុង​តំបន់​ហៅថា​ប្រាសាទ​ក្រោម ក៏ប៉ុន្តែ​ដោយសារ​តំបន់​នេះ ត្រូវបាន​ត្រួ​ត្រា​កាន់កាប់​ដោយ​ជនជាតិ​សៀម​ក្រោយពី​បុ​រេ​អង្គរ អង្គរ រវាង​ស​.​វ​ទី​១៦-១៧ នៃ​គ​.​ស មកម្ល៉េះ បានជា​ប្រែ​ឈ្មោះថា ប្រាសាទ​មឿង​តាំ ទៅជា​ភាសា​សឿ​ម​ទៅវិញ ៕