សារអេឡិចត្រូនិច
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង


ពោធិសាត់៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងគឺជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិមួយកន្លែងដែលពោពេញដោយសោ
ភ័ណ្ឌភាពគួរជាទីមនោរម្យ ប្រកបដោយទឹកធ្លាក់ត្រជាក់ស្រិប នៅតាមជ្រលងភ្នំចាអោកទីរមណីយដ្ឋានធម្មជាតិ
មួយនេះមានប្រវែង៩៦០ម៉ែត្រ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

បច្ចុប្បន្នរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងបានទាក់ទាញភ្ញៀវទសចរណ៍ជាតិ និងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាន ឱ្យមកកំសាន្តនៅទីនោះ តាមរយៈការមកលេងទឹកជ្រោះដ៏ស្រស់ត្រកាលកណ្តាលទ្រូងព្រៃ ប្រកបដោយភាពត្រជាក់ និងខ្យល់អាកាសបរិសុទ្ធរបស់ខ្លូន។

បើតាមប្រសាសន៍របស់លោក អ៊ិច អាត ប្រធានក្រុមអភិរក្សរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានឱ្យដឹងថា រមណីយដ្ឋានធម្មជាតិមួយនេះត្រូវបានរកនៅក្នុងឆ្នាំ២០០២ ដោយក្រសួងទេសចរណ៍ ហើយត្រូវបានរៀបចំ
ឱ្យមានជាកន្លែងកំសាន្តជាលក្ខណៈធម្មជាតិ បែបនេះនៅអំឡុងខែសីហា ឆ្នាំ២០០៣។ លោកបន្តថា បច្ចុប្បន្នទីរមណីយដ្ឋាននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់សហគមភូមិមេព្រៃ ដោយមានការចូលរួមត្រូតពិនិត្យ និងដឹកនាំដោយមន្ទីទេសចរណ៍ខេត្តពោធិសាត់។ លោកថា ក្នុងឆ្នាំ២០១៣ និង២០១៤កន្លងទៅ ទឹកធ្លាក់ច្រកល្អៀងបាន ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិប្រមាណជាជាង៣ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

រមណីដ្ឋានទឹកធ្លាក់ច្រកល្អៀងមានចម្ងាងប្រមាណជាជាង៣០គីឡូម៉ែត្រតែប៉ុណ្ណោះពីទីរួមស្រុកក្រគរ។ រមណីដ្ឋាន
មួយនេះ មានកន្លែងទឹកធ្លាក់ប្រមាណជា៧កន្លែងដែលភ្ញៀវទេសចរណ៍អាចងូតទឹកលេងកំសាន្តជាលក្ខណៈក្រុម
គ្រួសារ មិត្តភក្តិ ក៏ដូចជាគូរសង្សាផងដែរ។

ទឹកធ្លាក់ច្រកល្អៀងជាទីរមណីយដ្ឋានធម្មជាតិដ៏កម្រមានមួយដែលភ្ញៀវទេសចរណ៍គួរតែនាំគ្នាទៅកំសាន្តលេង ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធពីព្រៃភ្នំ និងងូតទឹកលេងយ៉ាងត្រជាក់ស្រួលក្រោយពេលសម្រាក
ពីការងារហឿយហត់ក្នុងការងារ។

គេសង្កេតឃើញថា នៅនាបច្ចុប្បន្ននេះ អាជ្ញាធរស្រុកក្រគរ និងមន្ទីទេសចរណ៍ខេត្តពោធិសាត់បានរៀបចំឱ្យមាន
ផ្លូវចូលទៅទស្សនានៅតំបន់ទេសចរណ៍នោះបានយ៉ាងងាយស្រួល រួមទាំងបានរៀបចំកន្លែងចតរថយន្ត និងយាន្តជំនិះគ្របប្រភេទថែមទៀតផង។ បន្ថែមលើនេះ ក៏មានរៀបចំ កន្លែងលក់អាហារចំណី តូបអង្គុយលំហែរ និងកន្លែងលក់សំបុត្រចូលទស្សនាក្នុងតម្លៃសមរម្យផងដែរ។

បើទោះជារមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងគឺជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិពោពេញសក្តានុពលទេសចរណ៍មួយនៃប្រទេសកម្ពុជាក៏ដោយ ក៏គេនៅមើលឃើញថា រមណីយដ្ឋានមួយនេះត្រូវការការពារបរិដ្ឋាននិងការអភិវឌ្ឍបន្ថែមទៀតដើម្បីធ្វើឱ្យតំបន់
ទេសចរណ៍មួយនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងទីនេះកាន់តែច្រើន ។