សារអេឡិចត្រូនិច
រមណីយដ្ឋាន​អេកូ​ទេស​ចរណ៍​ ព្រែកតាតៃ


រមណីយដ្ឋាន​អេកូ​ទេស​ចរណ៍​មួយ​កន្លែង ដែល​បង្កើត​ឡើង​ដោយ​ដៃ​ព្រែក​អម​សង​ខាង និង​ជាប់​លំហរ​សមុទ្រ ព្រម​ទាំង​​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា​ដើម​ឈើ​តូច​ធំ​ជា​ធម្ម​ជាតិ​បៃតង​ដ៏​ស្រស់​ស្អាត បាន​នឹង​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៅ​កំសាន្ត​ទីនោះ​យ៉ាង​ពេញ​និយម។

អ្នក​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​ចេញ​ពី​គល់​ស្ពាន តាតៃ (ស្ពាន​ទី ៤ ពី​ ភ្នំពេញ-កោះកុង) តាម​ផ្លូវ​ទឹក​ដោយ​មា​ន​កាណូត​ដឹក​ជញ្ជូន​ឆ្ពោះ​ទៅ​កាន់​ដៃ​ព្រែក​ខាង​លើ​ ជាប់​លំហ​សមុទ្រ ចម្ងាយ​ប្រមាណ​កន្លះ​គីឡូម៉ែត ​អម​សង​ខាង​ព្រែក​ ហ៊ុម​ព័ទ្ធដោយ​ធម្មជាតិ​បៃ​តង​ស្រស់​ត្រកាល​គួរ​ឲ្យ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ យើង​នឹង​ឃើញ​រមណីយដ្ឋាន​បណ្តែត​ទឹក​មួយ​ផុស​ឡើង​កណ្តាល​ទឹក​គួរ​ឲ្យ​ចម្លែក។

រមណីយដ្ឋាន​ខ្មែរ​នេះ មាន​បន្ទប់​សំណាក់​សង់​លើ​ទឹក គ្រប​ដណ្តប់​ដោយ​ក្រណាត់​ចំនួន ១២ ផ្ទះ​សំណាក់ និង​មាន​សំណង់​រដ្ឋបាល​មួយ​បម្រើ​សេវា​គ្រប់​ផ្នែក​ទាំង​អស់ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​កំសាន្ត​និង​ស្នាក់​នៅ​ទីនោះ​ មាន​ទាំង​ការ​ហូប​ចុក ម្ហូប​អាហារ​គ្រប់​គ្រាន់​តាម​ខ្នាត​អន្តរជាតិ។

រមណីយ​ដ្ឋាន​អេកូ​ទេស​ចរណ៍​តាតៃ ជា​តំបន់​អេកូ​ដ៏​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សប្បាយ​នឹង​ធម្មជាតិ​ពិតៗ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ​អាច​សម្រួល​សុខ​ភាព​បាន​ល្អ អាច​ទៅ​កម្សាន្ត​ព្រៃ​កោង​កាង និង​ជិះ​ទូក​លេង​តាម​ព្រែក។