សារអេឡិចត្រូនិច
ប្រ​វត្ថិ​វត្ត​បារាយណ៍​វិហារ​ពីរ និង​ សកម្មភាព​កសាង​សមិទ្ធផល​ របស់​ពុទ្ធបរិស័ទ


តាកែវ​: ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ពីរ ចេញពី​ក្រុង​ដូន​កែវ ឆ្ពោះទៅ​កាន់​ទិស​ខាងត្បូង កាត់​តាម​ស្រុក​ទ្រាំង ក្នុង​រយៈ​ចម្ងាយ​ផ្លូវ ប្រមាណ​ជា​ជិត ២០ គីឡូម៉ែត្រ ប្រសិនបើ​គេ​ក្រឡេក​មើលទៅ​ប៉ែក​ខាងស្តាំ​ដៃ ឬ​ទិស​ខាងលិច​ផ្លូវជាតិ​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៩០ គេ​នឹង​ឃើញ​ក្លោ​ង​ទ្វារ​វត្ត​មួយ​ហាក់ដូចជា​មាន​សភាព​ចំណាស់​បន្តិច​ទៅ​ហើយ ស្ថិត​នៅ​ប្រប​នឹង​ដងផ្លូវ​ជាតិ​។

នោះ​គឺ​ក្លោ​ង​ទ្វារ​ចូល​ទៅ​កាន់​វត្ត​បារាយណ៍​វិហារ​ពីរ តាម​ផ្លូវលំ​មួយ​ខ្សែ​ធំ ល្មម​នឹង​រថយន្ត​ធ្វើ​ចរាចរ​បាន ស្ថិត​ក្នុង​មូល ដ្ឋាន​ភូមិ​បារាយណ៍ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។
   
សាធារណៈ​មតិ​មហាជន​ពិតជា​មានការ​ងឿងឆ្ងល់​ទៅ​នឹង​ឈ្មោះ​វត្ត​ខាងលើ​នេះ និង ​ចំពោះ​សភាព​វត្ត​ដែល​មាន​វិហារ​ចំនួន​ដល់​ទៅ​ពីរ ស្ថាបនា​ក្បែរ​គ្នា​ខុស​ប្លែក​ពី​បណ្តា​វត្ត​ដទៃ​ទៀត ជាក់​ជា​ពុំខាន​ឡើយ​។
   
ពុទ្ធបរិស័ទ​ទាំងឡាយ​ពិតជា​លុប​បំបាត់​បាន​នូវ​ក្តី​ងឿងឆ្ងល់ ក្រោយ​ពេល​បាន​ជួប​ជាមួយ​លោកតា​អាចារ្យ និង​ គណៈ កម្មការ​ប្រចាំ​វត្ត​បារាយណ៍​វិហារ​ពីរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ប្រ​វត្ថិ​វត្ត​បារាយណ៍​វិហារ​ពីរ តាម​ការ​រៀបរាប់​របស់​លោក ឯម សុត ដែល​ជា​ប្រធាន​គណៈកម្មការ​វត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា តាម​ការ​ដំណាល​ត​ៗ​គ្នា​កន្លង​មក​របស់​ចាស់​ព្រិ​ទ្ធា​ចា​រ្យ​ប្រចាំ​មូលដ្ឋាន​ភូមិ​បារាយណ៍ បាន​បញ្ជាក់​ថា វត្ត​បារាយណ៍​វិហារ​ពីរ បាន​កសាង​ឡើង ក្នុង​អំឡុង​ឆ្នាំ​១៦៩១ ដែល​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ មាន​អាយុ កាល ៣២៤ ឆ្នាំ​។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​វត្ត​ខាងលើ​នេះ កើត​មាន​ព្រះ​វិហារ​ដល់​ទៅ​ពីរ​នោះ បើ​តាម​ការ​រៀប រាប់​របស់​លោក​អាចារ្យ ក៏​ដូច​ជា​ប្រធាន​គណកម្មការ​វត្ត បញ្ជាក់​ថា ក្នុង​អំឡុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ការ​ត្រួតត្រា​របស់​នឹម​អាណា និគមនិយម​បារាំង​វិហារ​វត្ត​ខាងលើ​នេះ ត្រូវ​បាន​បំផ្លាញ​ក្នុងអំឡុងពេល​សង្គ្រាម​បារាំង​-​ជប៉ុន ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​។

តាម​ការ​ដំណាល​ត​ៗ​មក ដោយ​មានការ​តវ៉ា​ទាមទារ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះ​ជើងវត្ត​បារាំង ក៏​បាន​សាងសង់​ព្រះ​វិហារ​ពី​ឈើ​សង​ដល់​វត្ត​វិញ​ក្នុង​អ​ឡុ​ង​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​រដ្ឋា ភិបាល​បារាំង បាន​ប្រកាស​ទទួល ស្គាល់​ឯករាជ្យ​ភាព​របស់​កម្ពុជា​។

ចំណែក​វិហារ​ថ្មី​មួយ​ផ្សេង​ទៀត ក៏​បាន​កសាង​ឡើង​ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​ព្រះ​គ្រូ​ចៅអធិការ ព្រះ​នាម ហ៊ីង ង៉ែត រួម​ជាមួយនឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទុក​ជាទី​សក្ការៈបូជា​ផង​ដែរ​។

វត្ត​បារាយណ៍​វិហារ​ពីរ ក៏​មាន​សភាព​ដូច​ជាទី​វត្ត​អារាម ក្នុង​ទូ​ទាំង​ប្រទេស​ផង​ដែរ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បន​ក្បត់​ប្រល័យពូជសាសន៍ ប៉ុ​ល ពត  បាន​ប្រែក្លាយ​ទី​វត្ត​អារាម​ទៅ​ជា​កន្លែង​សន្តិសុខ ជា​គុក សម្លាប់​មនុស្ស ជា​ឃ្លាំង​ផ្ទុក​សម្ភារៈ និង​ជា​ទ្រុង​ជ្រូក ជាដើម​។

ក្រោយ​ថ្ងៃជ័យ​ជំនះ ៧​មក​រា​ឆ្នាំ​១៩៧៩ វត្ត​បារាយណ៍​វិហារ​ពីរ ក៏​បាន​រស់រាន​ឡើង​វិញ​ ក្រោម​កិច្ច​ជ្រោមជ្រែង​ពី​សំណាក់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មូលដ្ឋាន​ជិត​ឆ្ងាយ​។

បើ​តាម​ការ​បញ្ជាក់​ពី​សំណាក់​ចាស់ទុំ​ព្រិ​ទ្ធា​ចា​រ្យ និង​គណៈ កម្មការ​វត្ត បានឱ្យ​ដឹង​ថា ចាប់តាំងពី​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ វត្ត​បារាយណ៍​វិហារ​ពីរ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចៅអធិការ​ជា​បន្តបន្ទាប់​ចំនួន​ប្រាំមួយ​អង្គ ដោយ​ក្នុង​នោះ មាន​លោកគ្រូ​ចៅអធិការ​ព្រះ​តេជ គុណ សំ ព្រះ​តេជគុណ​មហា អ៊ុំ ព្រះ​តេជគុណ ឡុ មេ ព្រះ​តេជគុណ ឈឹ​ម ណែម ព្រះ​តេជគុណ ហ៊ីង ង៉ែត និង​ព្រះ​តេជគុណ ហម សា​រឿ​ន ដែល​ជា​ព្រះ​គ្រូ​ចៅអធិការ នា​ពេល​បច្ចុប្បន្ន​នេះ​។


ជួប​ជាមួយនឹង​លោក ព្រហ្ម ណែ​ត មេឃុំ​ព្រៃ​ស្លឹក ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​របស់​វត្ត​បារាយណ៍​វិហារ​ពីរ បាន​ប្រាប់​ឱ្យ​ដឹង​ថា វត្ត​បារាយណ៍​វិហារ​ពីរ ហាក់ដូចជា​មាន​ភាពយឺត​យ៉ាង​ជាង​វត្ត​ចំនួន​ពីរ​ផ្សេង​ទៀត ក្នុង​ទូ​ទាំង​ឃុំ​ព្រៃ​ស្លឹក​រួម​មាន​វត្ត​ភ្នំ​ខ្លែង និង​វត្ត​ព្រៃ​មៀន ជាដើម លើ​វិស័យ​កសាង​សំណង់​ផ្សេង​ៗ សម្រាប់​ការងារ​ព្រះពុទ្ធ​សាសនា​។

តាម​ការ​ផ្តល់​ព​ត៌​មាន​ពី​លោក ឯម សុត បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សមិទ្ធផល ដែល​ផ្តួ​ត​ផ្តើមកសាង​ឡើង​ដោយ​ព្រះ​គ្រូ​ចៅអធិការ​គ្រង​វត្ត សហការ​ជាមួយ​ពុទ្ធសាសនិកជន ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ចាប់តាំងពី​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ រួម​មាន កុដិ​ស្ថាបនា​ពី​បេតុង​ចំនួន​បី សាលា​ធម្មសភា ព្រះ​វិហារ​ថ្មី ស្រះ​ទឹក ក្លោ​ង​ទ្វារ បន្ទប់ទឹក​អនាម័យ​។

ជាមួយ​គ្នា​នេះ​ដែរ វត្ត​ក៏​បាន​សម្រេច​កសាង​បាន​សាលា​បឋម​សិក្សា​វត្ត​បារាយណ៍​ចំនួន​បី​ខ្នង មាន ១៤ បន្ទប់ និង​អនុ​វិទ្យាល័យ​វត្ត​បារាយណ៍​ចំនួន​ពីរ​ខ្នង មាន ១០ បន្ទប់ ដែល​បាន​ផ្តល់​លទ្ធភាព​ឱ្យ​ដល់​កូនចៅ​រៀនសូត្រ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។


ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ រវាង​លោក​ឧត្តមសេនីយ៍ឯក ម៉​ម សំ នាយ​រង​សេនា ធិការ​ចម្រុះ នាយក​ខុទ្ទកាល័យ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ ជាមួយ​ព្រះ​គ្រូ​ចៅអធិការ គណៈ កម្មការ និង​តំណាង​ប្រជាជន​ពុ​ទ្ឋ​បរិស័ទ​ចំណុះ​ជើងវត្ត​បារាយណ៍​វិហារ​ពីរ នា​ការដ្ឋាន​ជីក​ស្រះ​ថ្មី​ក្បែរ​ទីតាំង​វត្ត​ខាងលើ​នេះ​។

លោក ព្រហ្ម ណែ​ត មេឃុំ​ព្រៃ​ស្លឹក បាន​ពាំនាំ​នូវ​មតិ​គាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្រុក​ទ្រាំង និង​បងប្អូន​ប្រជាជន​មូលដ្ឋាន ដែល​បាន​សំ​ដែ​នូវ​ក្តី​សោមនស្ស​រីករាយ និង​អបអរសាទរ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ជីក​ស្រះ​ទឹក​ថ្មី​មួយ​កន្លែង ដែល​ផ្តួចផ្តើម​ឡើង​ដោយ​លោកនាយក​ខុទ្ទកាល័យ អគ្គបញ្ជាការ​សំដៅ​បម្រើ​ឱ្យ​ដល់​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាជន ក្នុង​មូល​ដ្ឋា​ម​មួយ​ចំនួន ក្នុង​ឃុំ​ព្រៃ​ស្លឹក ដែល​បាន និង​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​។

លោក​ប្រធាន​ឃុំ បានឱ្យ​ដឹង​ថា ស្រះ​ទឹក ដែល​គ្រោង​នឹង​ដំណើរការ​ជីក នា​ពេល​បច្ចុប្បន្ន​នេះ អាច​បម្រើ​ឱ្យ​ដល់​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាជន​មូលដ្ឋាន​ភូមិ​ចំនួន​៥ រួម​មាន ភូមិ​បារាយណ៍ ភូមិ​សំរោង​មាន​ជ័យ ភូមិ​ត្រពាំង​វែង ភូមិ​ត្រពាំង​អង្គ និង​ភូមិ​ត្រពាំង​តា​មួ​ង​។

លោក​ប្រធាន​ឃុំ​បាន​បន្ត​ថា ក្នុង​ចំណោម​ភូមិ​ទាំង ១៧ របស់​ឃុំ​ព្រៃ​ស្លឹក ភូមិ​បារាយណ៍ ភូមិ​ត្រពាំង​វែង និង​ ភូមិ​ត្រពាំង​អង្គ រង​នូវ​ភាព​ប្រឈម​ខ្លាំង​លើ​បញ្ហា​កង្វះ​ទឹក ហើយ​ក៏​ជា​មូលដ្ឋាន ដែល​ជិ​ក​អណ្តូង ឫ​បុក​អណ្តូង​រហូត​ដល់​ជម្រៅ​ជាង ១០០​ម៉េ​ត្រ ក៏​គ្មាន​ទឹក​ចេញ​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ម៉​ម សំ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ស្រះ​ទឹក​ថ្មី​ខាងលើ​នេះ នឹង​ដំណើរការ​ជីក​ប្រប​នឹង​បណ្តោយ​ផ្លូវ​ក្បែរ​វត្ត​បារាយណ៍​វិហារ​ពីរ មាន​បណ្តោយ​ប្រវែង ១៣៥ ម៉ែត្រ ទទឹង​ប្រវែង ១០៨ ម៉ែត្រ និង​ជម្រៅ​ពី​បី​ទៅ​បី​ម៉ែត្រ​កន្លះ​។
   
ពាក់ព័ន្ធ​ដល់​កិច្ច​កសាង​សមិទ្ធផល​ជា​សម្បត្តិ សម្រាប់​បម្រើ​ឱ្យ​ដល់​វិស័យ​ពុទ្ធសាសនា​នេះ​ដែរ នា​ឆ្នាំ​កន្លង​ទៅ​លោក​ឧត្តមសេនីយ៍ឯក នាយក​ខុទ្ទកាល័យ រួម​នឹង​ក្រុម​គ្រួសារ​ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ចំណុះ​ខុទ្ទកាល័យ​អគ្គបញ្ជាការ បាន​ចំណាយ​ថវិកា​ក្នុង​ការ​ជួសជុល​ឡើង​វិញ​ដំបូល​ព្រះ​វិហារ​វត្ត​បារាយណ៍​វិហារ​ពីរ ព្រមទាំង​ជួយ​សាង​ផ្លូវ និង​កន្លែង​ជាទី​សក្ការៈបូជា​មួយ​ចំនួន​ទៀត​ជូន​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​ភូមិ​សំរោង​មាន​ជ័យ​ផង​ដែរ​៕