សារអេឡិចត្រូនិច
កោះ​ខ្សាច់​សេកុងបាត់ទៅ​យូរ​ ឆ្នាំ​ហើយបង្កើត​ឡើងវិញ​


ស្ទឹងត្រែង: ខ្សាច់​សក្បុស​លាតសន្ធឹង​ផុសចេញ​ពី​ផ្ទៃ​ទឹកទន្លេ​សេកុង នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី បាន​អន្ទង​ចិត្ត​ភ្ញៀវទេសចរណ៍ ឱ្យទៅ​កម្សាន្ត​សប្បាយរីករាយ ជួបជុំ​គ្រួសារ​បងប្អូន និង​មិត្ត​ភ័ក្តិ​មុន​បុណ្យចូលឆ្នាំថ្មី​។​ អ្នកផ្តើម​គំនិត​ បង្កើត​អេកូ​ទេសចរណ៍​ឆ្នេរ​ខ្សាច់ បាន​ប្រាប់​ឱ្យដឹងថា ដោយសារ​តំបន់ឆ្នេរ​ខ្សាច់​ធ្លាប់ជា​ទីកន្លែង សប្បាយ​បាន​ប្រាក់ ចំណូល ហើយ​ត្រូវគេ​បោះបង់ចោល​អស់​ជាច្រើន​ឆ្នាំ ទើបនឹង​រៀបចំ​បង្កើតបាន​ជាង ២០ ថ្ងៃនេះ​ទេ​។

ខ្ជូ​ស​ធ្វើ​ពី​ឈើ​ដំបូល​ប្រក់​ស្បូវ ក្នុង​ទឹក និង​លើ​ឆ្នេរ​ខ្សាច់ មាន​ត្រឹម​ជាង ១០ ខ្ជូ​ស តែប៉ុណ្ណោះ​។ ក្រោយ​មានការ​រៀបចំ​កោះ​ខ្សាច់​ឡើងវិញ ភ្ញៀវទេសចរ​ក្នុង​ខេត្តស្ទឹងត្រែង នាំគ្នា​សម្រុក​ដណ្តើម​កក់​ខ្ជូ​ស​ទុក​អង្គុយ និង​ហូបចុក​ជួបជុំ​គ្រួសារ ឬក៏​មិត្តភក្តិ​ហែល​ទឹក​លេង​យ៉ាង​សប្បាយរីករាយ​។​

​អ្នកស្រុក បានឱ្យដឹងថា កាលពីមុន​រមណីយដ្ឋាន​កោះ​ខ្សាច់ ត្រូវគេ​បោះបង់ចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​។ ឆ្នេរ​ខ្សាច់ ត្រូវ​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ពី​ក្រុម​អ្នកធ្វើអាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់ ដែល​បាន​ស៊ុមគ្រលំ​គ្នា ជាមួយនឹង​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​។ ដោយ​មើលឃើញ​ពី​សារប្រយោជន៍​របស់​កោះ​ខ្សាច់ ទើប​សហគមន៍​បង្កើត​វា​ឡើង​ឱ្យទៅជា​តំបន់​ទេសចរ ដើម្បី​រកប្រាក់​ចំណូល​ឡើងវិញ​។ ការបង្កើត​តំបន់​នោះ ឡើង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មាន​ក្តី​រីករាយ ចំពោះ​ការរៀបចំ​ឆ្នេរ​ខ្សាច់​ឱ្យទៅជា​កន្លែង​ទេសចរ​។​
​  
​អ្នកផ្តើមគំនិត​រៀបចំ​បង្កើត​កោះ​ខ្សាច់​សេកុង​ឡើងវិញ លោក សុ​រ៉េ​ន អ្នកភូមិ​ស្រែ​ពោធិ៍ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សេ​សាន​ផង​នោះ បានឱ្យដឹងថា លោក​យល់ឃើញ​ពី​វិស័យ​ទេសចរណ៍ នៅ​ខេត្តស្ទឹងត្រែង ពុំ​សូវ​មានការ​អភិវឌ្ឍន៍​ច្រើន​។ តំបន់​ទេសចរណ៍ ដែល​បាន​បង្កើត​រួចហើយ នៅមាន​តិចតួច​មិនអាច​ទាក់ទាញ​ដល់​ភ្ញៀវ បាន​ទាំង អស់​ទេ​។​

​លោក សុ​រ៉េ​ន បានឱ្យដឹងថា ទេសចរ ដែល​បង្កើត​រួច​មានដូចជា​រមណីយដ្ឋាន​ទឹកថ្លា បុប្ផា​ភ្លុក អូរ​ច្រឡង់ ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល ស្រុក​សៀម បូក​សុទ្ធសឹង​ជា​តំបន់​នៅ​ឆ្ងាយ​ពី​ក្រុង​ស្ទឹងត្រែង​។​ លោក សុ​រ៉េ​ន អះអាងថា កោះ​ខ្សាច់​សេកុង មាន​ទីតាំង​អំណោយផល ទើប​បង្កើត​ឱ្យទៅជា​តំបន់​អេកូ​ទេសចរណ៍​ឡើង សម្រាប់​ឱ្យ​ភ្ញៀវ​ចូលទៅ​ហូបចុក អង្គុយ និង​ហែល​ទឹក​លេង​មាន​លក្ខណៈ​ត្រឹមត្រូវ​។

​លោក សុ​រ៉េ​ន រំលឹក​ឱ្យដឹងថា កាលពីមុន​ឆ្នេរ​ខ្សាច់​មួយ​នេះ គឺជា​កន្លែង​ចាប់អារម្មណ៍​ដល់​ភ្ញៀវទេសចរ ប៉ុន្តែ​ត្រូវគេ​បោះបង់ចោល​ទៅ​យូរ​ឆ្នាំ ដោយសារតែ​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់ បានមក​បំផ្លាញ​។​ លោក​យល់ឃើញថា កោះ​ខ្សាច់​មាន​ទេសភាព​ស្រស់ស្អាត​ហើយ​មនុស្ស​ចូលចិត្ត​ទៅលេង​រាល់ថ្ងៃ ទោះបីជា​ត្រូវ​បោះបង់ចោល​។ ដូច្នេះ​ទើប​លោក​ផ្តើមគំនិត បង្កើត​វា​ឡើង​សង់​ជា​ខ្ជូ​សបាន​ជាង ១០ សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​ហូប​។ ការរៀបចំ​របស់លោក ទើប បាន​ជាង ២០ ថ្ងៃនេះ​ទេ ដើម្បី​ត្រៀម​ទុក​បុណ្យ​ចូល​ថ្មី​ខាងមុខ​។​


​ចាប់តាំងពី​លោក​បង្កើតឡើង​ភ្លាម មាន​មនុស្ស​ជាច្រើន សម្រុក​ទៅលេង​ធ្វើឱ្យ​ខ្ជូ​ស ដែល​ទើបនឹង​បង្កើតឡើង​ភ្ញៀវ​រក​កន្លែង​អង្គុយលេង​គ្មាន​។​ ​លោក សុ​រ៉េ​ន បញ្ជាក់ថា ភ្ញៀវ​គេ​សុទ្ធតែ​ទូរស័ព្ទ​ទៅ​កក់​ខ្ជូ​ស​ទុក​មុន ហើយ​ក្នុង​មួយ​ខ្ជូ​ស​អង្គុយលេង​ក្នុង​មួយថ្ងៃ លោក​យក​ថ្លៃ​ត្រឹម ១ ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​បង្កើត​តំបន់​ទេសចរ​ឆ្នេរ​ខ្សាច់ ខាង​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បានផ្តល់​ជា​គំនិតល្អៗ​ក្នុងការ​រៀបចំ​។ មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ជំរុញ និង​ផ្តល់​ជា​បទពិសោធន៍​ទាំង​បច្ចេកទេស ដើម្បីឱ្យ​លោក​សុ​រ៉េ​ន ចេះ​ពី​របៀប​ទាក់ ទាញ​ភ្ញៀវ​។ ​ចំណែក​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក៏បាន​គាំទ្រ​ចំពោះ​ការរៀបចំ​កន្លែង ដែល​គេបោះបង់​ឡើងវិញ​ដែរ​។​

​លោក សុ​រ៉េ​ន បញ្ជាក់ថា ខ្ជូ​ស​ដែល​ទើប​បង្កើតបាន​ជាង ២០ ថ្ងៃ មាន​ជាង ១០ នោះ លោក​នឹង​បង្កើត​ខ្ជូ​ស ២០ ទៅ ៣០ បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​ដល់​ភ្ញៀវ​។ ​លោក បានឱ្យដឹងថា ជំហាន​ដំបូង មុន​បុណ្យចូលឆ្នាំ​២០១៥ លោក​បង្កើត​តំបន់​អេកូ​ទេសចរណ៍​ឡើង​មាន​គ្នា​បីនាក់​។ ពេលនេះ មានការ​ខ្វះខាត​ច្រើន លោក​ស្នើ​សុំឱ្យ​ប្រជាពល រដ្ឋ ក្នុង​សហគមន៍ មានការ​ចូលរួម​អភិវឌ្ឍ​បង្កើត​ខ្ជូ​ស និង​ការលក់​ម្ហូប​ជូន​ភ្ញៀវ ឱ្យបាន​ច្រើនជាង​នេះ បន្ថែមទៀត ដើម្បី​បាន​ប្រាក់ចំណូល​ដល់​គ្រួសារ​។​

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង ធ្លាប់បាន​និយាយ​នៅ​សាលាខេត្ត​ថា ខេត្ត​នេះ មាន​ទន្លេ​ចំនួន​៤ ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក​។ ទន្លេ​ទាំង​បួន​នោះ បានផ្តល់​សក្តានុពល​ជាច្រើន​ដល់​វិស័យ​ទេសចរ​។ ផែនការ​ជា​យុទ្ធសាស្ត្រ​ខេត្តស្ទឹងត្រែង បង្កើតជា​តំបន់​សហគមន៍​អេកូ​ទេសចរណ៍ ចំនួន ២១ កន្លែង​។​

​លោក​បាន​និយាយថា សព្វថ្ងៃ រមណីយដ្ឋាន​ទេសចរណ៍ នៅ​ខេត្តស្ទឹងត្រែង ដែល​កំពុងដំណើរការ​មមាញឹក​ជាងគេ មានដូចជា​រមណីយដ្ឋាន ចំនួន ១១ កន្លែង​។ ក្រៅពីនេះ ក៏មាន​សណ្ឋាគារ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាច្រើន​ទៀត​។

រមណីយដ្ឋាន​អេកូ​ទេសចរ ដែល​គួរឱ្យ​ទាក់ទាញ​ជាងគេ​នៅ​ស្ទឹងត្រែង មានដូចជា អន្លង់​ផ្សោត​ឃុំ​ព្រះ​រំកិល បុរី​អូរ​ស្វាយ អូរ​ប្ញ​ស្សី​កណ្តាល បុប្ផា​ភ្លុក ជាដើម​។​ ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា កោះ​ខ្សាច់​សេកុង គឺជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​ថ្មី បន្ទាប់ពី​តំបន់​សម្បូរ​ណ៍​សក្តានុពល​សំខាន់ៗ ដែល​បាន​បង្កើត ឡើង​ខាងលើនេះ​៕