សារអេឡិចត្រូនិច
កោះ​ស្ដេច ៖ រមណីយដ្ឋានធម្មជាតិ និង ប្រជុំកោះ


ក្នុង​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នេះ តើ​អ្នក​គ្រោង ទៅ​ដើរ​កម្សាន្ត​ទីណា​ហើយ​ ឬ​នៅ? បើ​នៅទេ everyday សូម​ណែនាំ រមណីយដ្ឋាន កោះ​ស្ដេច ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង ដែល​ជា​រមណីយដ្ឋាន​ធម្មជាតិ ជួយ​បំបាត់​ភាព​តានតឹង​។



កោះ​ស្ដេច ជា​កោះ​ធម្មជាតិ​មួយ ដែល​លាតសន្ធឹង​តាម​បណ្ដោយ​សមុទ្រ ចម្ងាយ​ប្រមាណ​ជាង ៨១ គីឡូម៉ែត្រ ពី​ទីរួមខេត្ត​កោះកុង ស្ថិត​នៅ​ភូមិ កោះ​ស្តេច ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ។

កោះ​នេះ មាន​ចំងាយ​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​ត្រូវធ្វើ​ដំណើរ​ជា​ពីរ​ដំណាក់កាល គឺ​ផ្លូវគោក និង ផ្លូវទឹក ដោយ​ជិះ​អូ​ប័​រ (​ទូក​តូច​ដែល​មាន​ល្បឿន​លឿន​)​។

ឆ្នេរ​ខ្សាច់​ស​ស្អាត ផ្ទះសំណាក់ និង ទេសភាព​ស្រស់​ស្អាត​សម្រាប់​លំហែ​អារម្មណ៍​អផ្សុក មាននៅ​រមណីយដ្ឋាន​កោះ​ស្ដេច ព្រោះ​មាន​កោះ​ជា​ច្រើន​នៅ​ជុំវិញ រួម​ទាំង​ព្រៃ​ធម្មជាតិ​។ ជាង​នេះ​ទៀត ភ្ញៀវ​ទេសចរ​អាច​ជួល​ទូក​ជិះ​ទៅ​ស្ទូច ត្រី មុជទឹក​សមុទ្រ មើល​ផ្កាថ្ម និង ប្រព័ន្ធ​ជីវចម្រុះ នៅ​បាតសមុទ្រ ព្រមទាំង​មាន​ទូក​យន្ត​ សម្រាប់​ដឹក​អ្នកទេសចរ​ជាតិ និង អន្តរជាតិ ពី​កោះ​ស្ដេច​ទៅ​ទស្សនា​តំបន់​កោះ​នានា ឋិត​នៅ​ប្រជុំ​កោះ​ក្បែរ​ៗ​នោះ​ទៀត​ផង​។
 
ម្យ៉ាងវិញទៀត​នោះ នៅ​រមណីយដ្ឋាន កោះ​ស្ដេច ភ្ញៀវ​ទេសចរ​ទាំងឡាយ ក៏​អាច​មើល​ថ្ងៃ​រៀប​លិច​ ដ៏​ស្រស់​ស្អាត ដែល​ជាទី​កម្សាន្ត បំបាត់ទុក្ខ​កង្វល់  បន្ទាប់​ពី​បំពេញការងារ​យ៉ាង​នឿយហត់​ពេញ​មួ​យស​ប្ដា​ហ៍​កន្លង​មក​៕