សារអេឡិចត្រូនិច
បញ្ចៀស​ការ​តាំងទី​លំនៅ​របស់​ជន​វៀតណាម នៅ​វាលស្រែ ៥០០ ជំនួស​ដោយ​ការ​អភិវឌ្ឍ


កំពត​: ចំណុច​វាលស្រែ​៥០០​ ក្លាយជា​កន្លែង​សមាធិ​របស់​ជនជាតិ​វៀតណាម ដែល​បាន​ធ្វើ​ដំណើរ ទេសចរណ៍​លើ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​។

ព្រោះតែ​ទិដ្ឋភាព នៃ​ការ​ចូល​មក​ធ្វើ​សមាធិ យ៉ាង​ពពាក់ពពូន​នោះ ទើប​កន្លង​មក មានការ​ចោទប្រកាន់​ថា ប្រជាជន​វៀតណាម បាន​តាំងទី​លំនៅ​ជុំវិញ​ទី​សមាធិ ដែល​មានឈ្មោះ​ថា វាលស្រែ​៥០០ រហូត​គណៈកម្មការ​ទី​៧ រដ្ឋសភា ចុះ​ពិនិត្យ និង​តាម ដាន​ស្រាវជ្រាវ​ផ្ទាល់​។

ជា​លទ្ធផល​ក្រុមការងារ​នេះ រក​មិនឃើញ​បាតុភាព​អាក្រក់ ដូច​ពាក្យ​ច​ចាម អារាម​ដែល​បង្កើត​ឡើង​នោះ​ឡើយ​។ គណៈកម្មការ​ទី​៧ រដ្ឋសភា មិន​បាន​ប្រតិកម្ម​ចំពោះ​ពិធី​សមាធិ នោះ​ឡើយ តែ​តម្រូវ​យកចិត្តទុកដាក់​បញ្ចៀស​ឱ្យ​បានការ​យក​ឧទ្យាន​ជាតិ សម្រាប់​តាំងទី​លំនៅ ។

ពេល​ជួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​នេះ លោក​ឧកញ៉ា សុខ គង់ បាន​ជម្រាប ​ជូន​ថា ទាំង​នៅ​ក្នុង ទាំង​ខាងក្រៅ បរិវេណ​នៃ​កន្លែង​ធ្វើ​សមាធិ​នោះ មិន​មាន​អ្នក​ណាមួយ​តាំងទី​លំនៅ​ទេ​។

ការ​ចូល​ទៅ​ទីនោះ ក្រុមហ៊ុន​អាច​អនុញ្ញាត​ឱ្យ​ភ្ញៀវ ស្នាក់​យូរ​បំផុតត្រឹម​រយៈពេល​ពីរ​យប់ក្នុង​តម្លៃ​ម្នាក់​ៗ១៥ ដុល្លារ ពីព្រោះ​ភ្ញៀវ​មួយ​ចំនួន​ត្រូវការ​ធ្វើ​សមាធិ​ពេល​យប់​។ បើ​ហួស​កាលកំណត់ សន្តិសុខ​នឹង​ចាប់​បញ្ជូន​ចេញ​ក្រៅ​វិញ ដោយនៅ​ទីនោះ​មានការ​ឃ្លាំមើល និង ការពារ​សុវត្ថិភាព​គ្រប់ពេលវេលា​។

លោក​ឧកញ៉ា បាន​ជម្រាប​ជូន​ទៀត​ថា សម្រាប់​ផ្លូវ​ធ្វើ​ដំណើរ ទៅ​ទីនោះ ក្រុមហ៊ុន​ធ្វើ​បាន​ល្អ និង​កំពុង​បន្ត​ឱ្យ​កៀក​នឹង​កន្លែង ដែល​អ្នកមាន​ជំនឿ​ទាំងឡាយ ទៅ​កាន់​ទីនោះ​។

ក្រៅពី​ជនជាតិ​វៀតណាម ដែល​ចូល​ទៅ​ធ្វើ​សមាធិ ទីនោះ​ក៏​មានការ​ចូល​ទៅ​លេង ពី​សំណាក់​ជនជាតិ​ថៃ ជនជាតិ​ចិន និង​ជនជាតិ​ផ្សេង​ៗ​ផង​ដែរ តែ​វៀតណាម​ច្រើន​ជាងគេ​។
   
លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍ ក្នុង​ជំនួប​នេះ​ថា បន្ទាប់​ពី​ចុះ​តាមដាន​ដោយ​ល្អិត ល្អន់ គណៈ​ កម្មការ​ទី​៧ រដ្ឋសភា រក​មិន ឃើញ​មាន ការ​តាំង ទី​លំនៅ​ទីនោះ​ទេ ហើយ​គណៈ កម្មការ​នេះ តម្រូវ​បញ្ចៀស​ឱ្យ​បាន ចំពោះ​ការ​តាំងទី​លំនៅ ក្នុង​ដែន​ឧទ្យាន​ជាតិ​។ ដោយឡែក សម្រាប់​ភ្ញៀវ​ដែល​ចូល​ទៅ​តំបន់​នោះ ក្រុមហ៊ុន​ត្រូវ​គិតគូរ​ពី​សន្តិសុខ សុវត្ថិភាព ព្រោះ ជា​រឿង​សំខាន់​បំផុត​។

ពាក់ព័ន្ធ​នឹង ​វិស័យ​ទេសចរណ៍ លោក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ បន្ត​ថា បូកគោ​ជា​ប៉ូ​ល​​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ ទាញ​ភ្ញៀវ​។ បើ​ភ្ញៀវ​មក​រមណីយដ្ឋាន​បូកគោ ធ្លាក់​ចុះ មាន ន័យ​ថា ចំណូល​សេដ្ឋកិច្ច សម្រាប់​ពលរដ្ឋ​ខេត្តកំពត ពិតជា​បាត់បង់​ហើយ​។

ដូច្នេះ​ក្រម​ហ៊ុន​ត្រូវ​បង្កើន កន្លែង​ទាក់ទាញ​ភ្ញៀវ ដូច​ជា​ត្រង់​តំបន់​វាលស្រែ ៥០០នេះ ដែល​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​និយម​ចូល ចិត្ត​មក​កម្សាន្ត ដើម្បី​បាន​គយគន់​មើល ផ្កា​បំពង់​ក្រ​ឡោម និង​សម្រស់​ព្រៃ​ព្រឹក្សា​ដ៏​ខៀវស្រងាត់ ចាំបាច់​ត្រូវ​កែ​ច្នៃ​លើ​អ្វី​ដែល​មាន​ស្រាប់​ដោយ​ប្រែ​ក្លាយជា​តំបន់​កាន់តែ​ទាក់ទាញ​។

ក្នុង​នោះ​ក៏​ត្រូវ​បង្កើត​ឱ្យ​មាន​គ្រប់​សេវា​ទាំងអស់ ដូច​ជា​កន្លែង​លក់​ម្ហូបអាហារ បន្ទប់​អនាម័យ ផ្នែក​សង្គ្រោះ​បន្ទាន់ ពិសេស​កម្លាំង​ការពារ សន្តិសុខ​ជូន​ភ្ញៀវ​។

យ៉ាងណាមិញ ចំពោះ​គ្រប់​រុក្ខជាតិ ក្រៅពី​ដើមឈើ ដែល​ត្រូវ​ឈូស ឆាយ ដក​ចេញ​ដើម្បី​ធ្វើ​ផ្លូវ ក្រុមហ៊ុន​ត្រូវ​យក ចិត្តទុកដាក់ ដាំ​បន្ថែម ព្រោះ​ភ្ញៀវ​មក​កម្សាន្ត ពួក​គេ​ត្រូវការ​ម្លប់​សម្រាប់​ផាសុកភាព​ជា​ចាំបាច់ ហើយ​ក៏​ជា​ផ្នែក​ទាក់ ទាញ​ផង​ដែរ​។

នៅ​ចំពោះ​មុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មានការ បណ្តុះបណ្តាល​មគ្គុទេសក៍ ទេសចរណ៍ ដោយ​សហការ​ជាមួយ ក្រុមហ៊ុន ហើយ​មគ្គុទេសក៍​ទៀត​សោត ក៏​ត្រូវ​ជ្រើស​យក​អ្នក​ដែល​ស្គាល់ និង​ដឹង​ទាំង​ទីតាំង​ភូមិសាស្ត្រ ទាំង​ប្រវត្តិ នៃ​តំបន់​ទេសចរណ៍​ទាំងមូល​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ថោ​ង ខុន បាន​ក្រើនរំលឹក​ថា រាល់កន្លែង​សំខាន់​ៗ ទោះជា​សំណង់​ថ្មី ទំនើប​ត្រូវ​រក្សា​ឱ្យ​បាន​នូវ អត្តសញ្ញាណ​ជាតិ ដើម្បី​ប​ញ្ចៀស​ពី​ការ​យល់​ច្រឡំ​៕