សារអេឡិចត្រូនិច
អាស៊ាន​បង្កើន​វិស័យ​ទេសចរណ៍​ដោយ​ការធ្វើ​ផ្លូវ​និង​ការសម្រួល​ទិដ្ឋាការ​


សមាគម​នៃ​ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ៍​(​អាស៊ាន​) នឹង​ផ្តល់​អាទិភាព​លើ​ការធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​ផ្លូវ​ដឹកជញ្ជូន​​និង​សម្រួល​ទិដ្ឋាការ​នៃ​លិខិតឆ្លងដែន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​បង្កើន​វិស័យ​ទេសចរណ៍​​នៅបណ្តា​ប្រទេស​ជា​សមាជិក​។​

​លោកឡេ លឿង មីញ អគ្គលេខាធិការ​អាស៊ាន បាន​និយាយថា ផ្លូវ​ដឹកជញ្ជូន​កាត់​ព្រំដែន​ដែល​កាន់​តែមាន​​ភាពល្អ​ប្រសើរឡើង​រវាង​ប្រទេស​ជា​សមាជិក​ទាំងឡាយ​រប​ស់អា​ស៊ាន នឹង​នាំ​ឲ្យ​មានការ​ធ្វើដំណើរ​តាមផ្លូវ​គោក​កាន់តែ​ច្រើនឡើង​ផងដែរ​ដែល​នឹង​បង្កើន​និង​ធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​នូវ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍​សង្គម​នៅក្នុង​តំបន់​នេះ​។​

​លោក ឡេ លឿង មីញដែល​បាន​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​អាស៊ាន​នេះ​កាលពី​ខែមករា​មក​នោះ នឹង​​ជំរុញ​ឲ្យ​មានការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC) នៅ​ខែធ្នូ​ឆ្នាំ​២០១៥​។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​​គឺមាន​បំណង​ប្រែក្លាយ​អាស៊ាន​ឲ្យ​ទៅជា​តំបន់​មួយ​ដែលមាន​សេរីភាព​ក្នុងការ​ដឹកជញ្ជូន​ទំនិញ សេវាកម្ម​ផ្សេងៗ ការវិនិយោគ និង កម្លាំង​ការងារ​ជំនាញ។ ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​គឺជា​ការសំខាន់​បំផុត​ដើម្បី​សម្រេច​​ជោគជ័យ​វិស័យ​ទាំងនេះ​៕