សារអេឡិចត្រូនិច
ផលិតកម្ម​សាន់​ដេរ គំរាម អ្នកលេង Facebook និង Youtube


ភ្នំពេញ: ក្រោយពី​ផលិតកម្ម សាន់​ដេ បានដាក់​ពាក្យបណ្តឹង​ទៅ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឲ្យ​ចុះ​រើប​អូស និង​ចាប់ខ្លួន​អ្នករកស៊ី​បញ្ចូល​បទ​ភ្លេង ពី​ទីតាំង​ចំនួន​៤​កន្លែង កាលពី​រសៀល ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១៣ ដោយ​ចោទថា ពួកគេ ផ្សព្វផ្សាយ រឿង ព្រាយ​ដែកគោល ដោយ​រំលោភ កម្ម​សិទ្ធ​បញ្ញា របស់​ផលិតកម្ម​ខ្លួន​នោះ នៅលើ​បណ្តាញ​សង្គម Facebook  ផលិតកម្ម​មួយ​នេះ បាន​ព្រមាន​ដល់​អ្នកលេង Facebook និង Youtube ទៀត ដោយ​ហាម​មិនឱ្យ​ចែកចាយ​បន្ត​រឿង “​ព្រាយ​ដែកគោល​”​។ ក្នុងនោះដែរ​ក៏មាន​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកប្រើប្រាស់ បណ្តាញ​ទាំងនេះ​។​

​នេះ​ជាការ​ព្រមាន​ថ្មី​មួយ បន្ទាប់ពី​ផលិតកម្ម​ក្នុងស្រុក​មួយ​នេះ ទើបបាន​សហការ​ជាមួយ​សមត្ថកិច្ច ចុះបង្ក្រាប អ្នក​បញ្ចូល​បទ​ភ្លេង នៅ​ផ្សារ​ឃ្លាំង​រំសេវ និង​ផ្សារ​សាន់​ហាន់ និង​ទីតាំង​២​ផ្សេងទៀត ក្នុងករណី​សង្ស័យថា អ្នក​ទាំងនោះ ជា​អ្នក​ចែកចាយ​ខ្សែ​រឿង “​ព្រាយ​ដែកគោល​” ដែលជា​កម្មសិទ្ធិបញ្ញារ​បស់​ពួកគេ ខណៈ​ជា​លទ្ធផល​នៃ​ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​រឹបអូស​កុំព្យូទ័រ ជាច្រើន​គ្រឿង សង្ស័យថា បាន​លួច​ចម្លង​ស្នាដៃ​រឿង “​ព្រាយ​ដែកគោល​” របស់​សាន់​ដេ​ដោយ​គ្មាន​ការអនុញ្ញាត រួមទាំង​អ្នកប្រព្រឹត្ត​ផង​។

​ក្រុ​អ្នក​បញ្ចូល​បទ​ភ្លេង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់យក​ឧបករណ៍​របស់​ពួកគេ​នោះ បាន​ឲ្យ​ដឹងថា ៖ ក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ មិន​ត្រឹមតែ ធ្វើការ​ឃាត់ខ្លួន​ទៅលើ​អ្នក​ដែលមាន​ផ្ទុក​នូវ​រឿង ព្រាយ​ដែកគោល នោះទេ គឺ​សមត្ថកិច្ច​បានធ្វើការ ពិន័យ ទៅលើ​កុំព្យូទ័រ​ណា ដែលមាន​ផ្ទុក​បទ​ចម្រៀង របស់​ផលិក​ម្ម​សាន់​ដេ នេះ​ទៀតផង​។​

​នៅក្នុង​សេចក្ដីប្រកាស​ជាបន្ទាន់​មួយ​ដែល​អ្នកលេង Facebook បាន​ចែកចាយ​បន្ត​ឲ្យ​គ្នា​ទៅវិញទៅមក​នេះ ផលិតកម្ម​សាន់​ដេ បានប្រកាស​ជូនដំណឹង​ថា “​ផលិតកម្ម​សាន់​ដេ ភាពយន្ត​សូម​ជម្រាប​ដល់​ប្រិយមិត្ត​ដែល​និយម​លេង Facebook និង Youtube ឱ្យបាន​ជ្រាបថា ផលិតកម្ម​សាន់​ដេ​ភាពយន្ត សូម​ហាម​ដាច់ខាត​នូវ​ការ​បង្ហោះ​ខ្សែភាពយន្ត​រឿង​ព្រាយ​ដែកគោល​នៅលើ​ទំព័រ Facebook និង Youtube​របស់ខ្លួន និង​ចែកចាយ​រឿង ព្រាយ​ដែកគោល នេះ​បន្ត ទៀត​នោះ សូម​លោកអ្នក​លុប​វិញ​ជាបន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ​ផលិតកម្ម​យើងខ្ញុំ និង សមត្ថកិច្ច ធ្វើការ​ចោទប្រកាន់​ទៅ តាម ​ផ្លូវច្បាប់​”​។​ ​ទាក់ទង​ទៅនឹង​ការចុះ​បង្ក្រាប​អ្នក​លួច​ចម្លង​ស្នាដៃ​រឿង “​ព្រាយ​ដែកគោល​” មិនទាន់មាន​ការ បក ស្រាយ​ណាមួយ ពី​សមត្ថកិច្ច និង​ខាង​ភាគី​ផលិតកម្ម​សាន់​ដេ​នោះទេ​៕