សារអេឡិចត្រូនិច
តួ​បារាំង​ Depardieu ​ប្រៀបធៀប ​Putin ទៅ​នឹង​សម្តេច​ប៉ា​ប John Paul II


តួ​បារាំង​និង​ពលរដ្ឋ​រុស្ស៊ី​ដែល​ទើប​ចូលសញ្ជាតិ​ថ្មីៗ លោក ​Gerard Depardieu កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រៀបធៀប​ប្រធានាធិបតី​រុស្ស៊ី​​លោក​ Vladimir Putin​ ទៅ​នឹង​សព​សម្តេច​សង្ឃ​កា​តូ​លិច​ប៉ាប​ John Paul II និង​បាន​និយាយ​ថា​អតីត​ភ្នាក់ងារ​ KGB ​រូប​នេះ​ជា​អ្វី​ដែល​រុស្ស៊ី​ត្រូវការ​សំរាប់​ដឹកនាំ​ប្រទេស​។​ Depardieu កំពុង​ត្រៀម​ថត​ខ្សែភាពយន្ត​ថ្មី​នៅ​ក្រុង​មូ​ស្គូ​និង​រដ្ឋធានី​ហ្គ្រោ​ស្នី របស់​ឆេច​ឈ្នី នៅ​ពេល​លោក​ចាប់ផ្តើម​បន្សាំ​ខ្លួន​ជាមួយ​តួនាទី​ថ្មី​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ពិភពលោក​សំរាប់​វប្បធម៌​រុស្ស៊ី​។​

​តួ​សម្តែង​មាធ​ធំ​រូប​នេះ​បាន​ទទួល​សញ្ជាតិ​ថ្មី​ក្នុងអំឡុង​ទទួលទាន​អាហារ​មួយ​ជាមួយ​លោក​ Putin​ កាលពី​ខែ​មករា​បន្ទាប់ពី​លោក​តតាំង​ជាមួយ​អាជ្ញាធរ​បារាំង​អំពី​ការយកពន្ធ​៧៥​ភាគរយ​លើ​អ្នក​មាន​កំពូលៗ​នៅ​បារាំង​។​ ​លោកបាន​ប្រាប់​កាសែត ​Komsomolskaya Pravda​ នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​លោក​​បាន​មាន​អារម្មណ៍​ថា​មាន​មោទនភាព ចំពោះ​អ្វី​ដែល​លោក ​Putin​ បានធ្វើ​នៅ​ក្នុង​ការ​កាន់​អំណាច​អស់​ពេល​១៣​ឆ្នាំ​របស់​លោក​៕