សារអេឡិចត្រូនិច
អាល្លឺ​ម៉ង់​​ជា​ប្រទេស​​មាន​ប្រជា​ប្រិយ​​ភាព​បំផុត​នៅ​លើ​​ពិភព​លោក​


អាល្លឺម៉ង់ជា​ប្រទេស​ដែលមាន​ប្រជា​ប្រិយ​​​បំផុត​នៅ​លើ​ពិភព​លោក​ បើទោះ​បី​ជា​មាន​​ការ​តវ៉ា​ប្រឆាំង​របស់ខ្លួន​ចំពោះ​វិធាន​ការ​ក្បិត​ក្បៀត​​​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​​ក៏ដោយ​ ។ នេះ​បើ​យោង​តា​ម​​ការ​អង្កេត​ប្រចាំឆ្នាំដោយសារព័ត៌មាន​​BBC​ចេញ​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​២៣​ឧសភា ឆ្នាំ​២០១៣​​។​

ប្រជាជនជាង​២៦.០០០​នាក់​មកពី​ជុំ​វិញ​ពិភព​លោក​ត្រូវ​បាន​គេ​សួរ​នាំ​ឲ្យ​កំណត់​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​១៦​ថា តើ​ឥទ្ធិ​ពល​ពិភព​លោក​​មាន​ភាព​វិជ្ជ​មាន​ ឬអវិជ្ជមាន​​ ។​​ ប្រមាណ​ជា​៥៩%​​នៃ​អ្នកដែលបាន​​អង្កេត​បាន​ផ្តល់​ចំណាត់​​ថ្នាក់​ប្រទេស​អាល្លឺម៉ង់​ថា មាន​ឥទ្ធិ​ពល​វិជ្ជ​មាន​​ ខណៈ​ដែល​ប្រទេស​អីុរ៉ង់​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ចុង​​ក្រោយ​ដែលមានតែ​១៥%​ដែល​ចាត់​ទុក​ប្រទេស​នេះថា​ មានលក្ខណៈ​អនុគ្រោះ​ ។​

សូម្បីតែនៅប្រទេសអេស្ប៉ាញ​​ដែល​ជា​ប្រទេស​​ទទួល​រង​ឥទ្ធិ​ពល​ពី​វិធាន​ការ​ក្បិត​ក្បៀត​​​ដោយ​សារ​​កញ្ចប់ថវិកា​​សង្គ្រោះ​​ហិរញ្ញវត្ថុ​របស់​អាល្លឺម៉ង់​ក៏ដោយ ក៏​ប្រជាជន​៦៨%​និយាយ​ថា គេ​មាន​អារម្មណ៍ថា​​អាល្លឺម៉ង់មាន​ឥទ្ធិ​ពល​​វិជ្ជ​មាន​នៅ​លើ​ពិភព​លោក​ ។​

អ្នកឆ្លើយតបជា​ច្រើន​នៅ​ប្រទេស​ក្រិច​ដែល​គេ​ឃើញថា​ បាន​តវ៉ាប្រឆាំង​​អាល្លឺម៉ង់​​ ចាត់​ទុក​លោក​ស្រី​អធិការបតី​អង់ហ្គេឡា មើគែល​ថា ​ជា​ពួក​ណាហ្ស៊ី ដោយ​សារ​​​លោក​ស្រី​តវ៉ានឹង​ការ​កាត់​បន្ថយ​​ការ​ចំណាយ​សាពើ​ពន្ធ​ ។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ប្រជាជនក្រិច​៥២%​ផ្តល់​ចំណាត់​ថ្នាក់​​អាល្លឺ​ម៉ង់​ជា​ប្រទេស​មានឥទ្ធិ​ពល​អាក្រក់ ។​

ប្រទេសអាល្លឺម៉ង់បានជំនួសកន្លែង​ប្រទេស​ជប៉ុន​មក​នៅលើតារាង ដែលកាលពី​ឆ្នាំ​ទៅ​​ប្រទេស​ដែល​មាន​ប្រជាប្រិយ​នៅ​អាស៊ី​មួយ​នេះ​ធ្លាក់​ពី​​៥៨%​មក​នៅ៥១%​ ។​ ប្រទេសកាណាដា និងប្រទេសអង់គ្លេស​​ជាប់​ចំណាត់​​​ថ្នាក់​លេខ​២ និង​លេខ​៣ ។ ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ចំណាត់​ថ្នាក់វិជ្ជមាន​៥៥%​ ខណៈ​ដែល​ប្រទេស​ប៉ាគីស្ថាន និង​កូរ៉េ​ខាង​ជើង​ជាប់​នៅ​បាត​តា​រាង ។​ ការអង្កេតនេះ​ត្រូវបាន​ធ្វើឡើងដោយ​​អង្គ​ការ GlobeScan and PIPA សម្រាប់​សារ​​ព័ត៌​មាន​ BBC ហើយ​បាន​សួរ​សំណួរ​​ប្រជាជន​ដែល​បាន​ជ្រើស​រើស​នៅ​ក្នុង​​២៥ប្រទេស​ ៕​​