សារអេឡិចត្រូនិច
រឿង​កំប្លែង​៖ មិន​យល់​គឺ​គ្រោះថ្នាក់


អ្នកឯកទេស​ក្រុមហ៊ុន​ទឹកក្រូច​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​ដោយ​មិន​ចេះ​ភាសា​ចិន អ្នកឯកទេស​នោះ​ប្រើ​រូបភាព​៣​ជំនួស​ឱ្យ​ការ​សរសេរ​ជា​អក្សរ​។

រូបភាព​ទី​១​នៅ​ខាងឆ្វេង​ដៃ គូរ​អំពី​បុរស​ម្នាក់​ដើរ​អូស​ជើង​កណ្ដាល​សមុទ្រ​ខ្សាច់​ក្ដៅ​ស្ទើរ​ស្លាប់ មើលទៅ​ដូច​ជា​មិន​សល់​កម្លាំងកំហែង​ក្នុង​ខ្លួន និង​កំពុង​ស្រេកទឹក​យ៉ាង​ខ្លាំង​។

រូបភាព​ទី​២ គូររូប​បុរស​នោះ​ផឹកទឹក​ក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​។

ចំណែក​រូបភាព​ទី​៣ នៅ​ខាងស្ដាំ​បង្អស់ គូររូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មាន​កម្លាំងកំហែង​ឡើង​វិញ​។

ន័យ​របស់​រូបភាព​ទាំង​៣​ចង់​បង្ហាញ​ថា ទោះជា​កំពុង​ហេវ​ហត់​យ៉ាងណា​ក៏​ដោយ ឱ្យ​តែ​បាន​ផឹកទឹក​ក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹង​មាន​កម្លាំង​ឡើង​វិញ​ភ្លាម​មួយ​រំពេច​។

ទោះជា​យ៉ាងណា មួយ​ឆ្នាំ​ក្រោយ មិន​ត្រឹមតែ​មិន​អាច​បង្កើន​ការ​លក់​ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ប៉ុណ្ណោះ​ទេ គឺ​លក់​លែង​ដាច់​សោះតែ​ម្ដង រហូត​ដល់​អ្នកឯកទេស​រូប​នោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ចេញពី​ការងារ​ដោយសារ​តែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាតបង់​ច្រើន​ពេក​។ មាន​មនុស្ស​មួយ​ចំនួន​នឹក​ឆ្ងល់ ព្រោះ​បើ​ពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែល​ត្រូវ​បណ្ដេញ​ពី​ការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា​៖ មក​ពី​ខ្ញុំ​មិន​យល់​អ្វី​សោះ​។ ខ្ញុំ​មិន​ត្រឹមតែ​មិន​ចេះ​ភាសា​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិន​បានដឹង​ថា អក្សរ​ចិន​អាន​ពីស្ដាំ​ទៅ​ឆ្វេង​ទៀត​ផង ហេតុនេះ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំ​ទៅ​ឆ្វេង​ដែរ គឺ​គេ​មើលទៅ​អ្នក​កំពុង​សប្បាយ​មាន​កម្លាំងកំហែង បន្ទាប់​ពី​ផឹកទឹក​ក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹង​ក្លាយជា​អ្នក​បាក់កម្លាំង​រហូត​ដល់​ដើរ​អូស​ជើង ព្រោះ​ហេវ​ហត់​ពេក​លើកជើង​លែង​រួច​៕