សារអេឡិចត្រូនិច
រមណីយដ្ឋាន​ប្រាសាទ​បាណ​ន់ ខេត្តបាត់ដំបង


ប្រាសាទ​បាណ​ន់ ជា​រចនាបថ​កណ្តាល​ស​.​តទី ១១ និង​ចុង​ស​.​តទី ១២​។ ព្រះរាជា​ដែល​បាន​កសាង​មុនគេ គឺ​ព្រះបាទ​ឧទ​យា​ទិ​ត្យា​វរ្ម័ន​ទី​២ (១០៥០ ដល់​១០៦៦) ក្រោយមក​ត្រូវ​បញ្ចប់​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១.១២១៩)​។ ប្រាសាទ​បាណ​ន់ ត្រូវ​បាន​កសាង​លើ​កំពូលភ្នំ ដែល​មានកំ​ពស់​ប្រមាណ​ជាង​១០០​ម ដោយ​មាន​កាំជណ្តើរ​ចំនួន​៣៥២​កាំ ស្ថិត​នៅ​ក្នុង​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ចំងាយ ២៥​គ​,​ម ពី​ទីរួមខេត្ត​បាត់ដំបង តាម​ដងផ្លូវ​ខេត្ត​លេខ ១៥៥ ស្រប​តាម​ដងស្ទឹង​សង្កែ​ទៅ​ទិសនិរតី​។ នៅ​ជើងភ្នំ​បាណ​ន់​មាន​គូ​ទឹក និង​ល្អាង​សំខាន់​ពីរ គឺ​ល្អាង​ព្រះ​ទឹក និង​ល្អាង​បិទមាស​។ រមណីយដ្ឋាន​ប្រាសាទ​បាណ​ន់ គឺជា​រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ​ផង និង​ជា​រមណីយដ្ឋាន​ធម្មជាតិ​ផង ពីព្រោះ​ប្រាសាទ​បាណ​ន់​ស្ថិត​នៅ​លើ​កំពូលភ្នំ​ដែល​ប្រកប​ទៅ​ដោយ​ធម្មជាតិ ព្រៃ​ព្រឹក្សា ដ៏​ស្រស់​ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹង​សង្កែ ហូរ​ជិត​ជើងភ្នំ ទៀត​ផង​។ ភូមិសាស្ត្រ និង បរិស្ថាន​ជុំវិញ បាន​ផ្តល់​អំណោយផល​បន្ថែម​ទៀត លើ​វិស័យ​ទេសចរណ៍ ពីព្រោះ​សងខាង​ដងផ្លូវ ទៅ​កាន់​រម​នី​យ​ដ្ឋា​ន​នេះ សំបូរ​ទៅ​ដោយ​ភោគផល​ដំណាំ កសិកម្ម​ដូច​ជា​ស្រូវ ចំការ​ទំពាំងបាយជូរ ចំការ​ម្នាស់ ចំការ​ដំណាំ​បន្លែ និង​ចំការ​ក្រូចពោធិ៍សាត់​ដ៏​មាន​រសជាតិ​ឆ្ងាញ់ ល្បីល្បាញ​ពេញ​ប្រទេស​។ ដំណាំ​ក្រូច​ផ្តល់​ផល​ក្នុង​មួយ​ឆ្នាំ ២ ដង ហើយ​បាន​ដឹកនាំ​ទៅ​លក់​តាម​បណ្តា​ខេត្ត​នានា រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​។