សារអេឡិចត្រូនិច
រឿង​អប់រំ​ខ្លី​៖ ដំបូន្មាន​នៅ​ក្នុង​ជីវិត (​គ្រប់​គ្នា​គប្បី​គួរ​អាន​)


ជា​យូរលង់​ណា​មក​ហើយ មាន​ប្តី​ប្រពន្ធ​ក្រីក្រ​មួយគូ​រស់នៅ​ក្នុងភូមិ​ដាច់​ស្រយាល​មួយ​។ ថ្ងៃមួយ​បុរស​ជា​ប្តី​បាន​សំរេចចិត្ត​ចាក​ចេញពី​ភូមិ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ទីក្រុង ដោយ​ទុក​អោយ​ប្រពន្ធ​របស់​គាត់​រស់នៅ​តែ​ម្នាក់ឯង​។ គិត​រួច​បុរស​ជា​ប្តី​ក៏​បាន​និយាយ​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​ថា​,

«​អូន​សម្លាញ់​, បង​នឹង​ចាក​ចេញពីផ្ទះ ធ្វើ​ដំណើរ​ទៅ​ទី​សែន​ឆ្ងាយ​មួយ​ដើម្បី​រក​ការងារ​ធ្វើ​។ បង​នឹង​ខិតខំ​ប្រឹង​ធ្វើការ​ដើម្បី​បាន​ប្រាក់​ត្រលប់​មក​រស់នៅ​ជាមួយ​អូន ហើយ​បង​នឹង​ផ្តល់​ជីវភាព​សមរម្យ​មួយ​ដល់​អូន​។ បង​មិនដឹង​ថា​តើ​បង​នឹង​ទៅ​យូរ​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​បង​សុំ​អូន​ម្យ៉ាង​គឺ​សុំ​អូន​រង់ចាំ​បង ហើយ​ពេល​ដែល​បង​មិន​នៅ សូម​អូន​ស្មោះត្រង់​ជាមួយ ព្រោះ​បង​នឹង​ស្មោះត្រង់​ចំពោះ​អូន​»​។

បន្ទាប់​ពី​ទទួល​ការ​ព្រមព្រៀង​គ្នា​រួច​ហើយ បុរស​កំសត់​ក៏​បាន​ចាក​ចេញពីផ្ទះ​ទៅ​។ គាត់​ចេះ​តែ​ដើរ​ៗ​ទៅ ជា​ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​គាត់​ក៏​បាន​ជួបនឹង​បុរស​កសិករ​ម្នាក់ ដែល​កំពុង​តែ​ស្វែងរក​អ្នក​មក​ជួយ​ការងារ​គាត់​។ កសិករ​ក៏​ទទួល​បុរស​កំសត់​អោយ​ចូល​ធ្វើការ​។

មុន​ពេល​ដែល​ចូល​ធ្វើការ​កសិករ និង​បុរស​បាន​និយាយ​ពី​គ្នា​លក្ខ​ខ័​ណ្ឌ​ការងារ

បុរស​កំសត់​បាន​និយាយ​ទៅ​កាន់​កសិករ​ថា​, «​ខ្ញុំ​នឹង​ធ្វើការ​អោយ​លោក​យូរ​តាម​ដែល​ខ្ញុំ​ចង់​។ ខ្ញុំ​នឹង​មិន​បើក​ប្រាក់ខែ​របស់ខ្ញុំ​នោះ​ទេ​, ខ្ញុំ​ផ្ញើរ​ទុក​នៅ​លោក​អោយ​ជួយ​សន្សំ​អោយ​ខ្ញុំ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​វិញ​»​។

បន្ទាប់​ពី​និយាយ​ពី​លក្ខ​ខ័​ណ្ឌ​ការងារ​ចប់​សព្វគ្រប់​ហើយ ពួក​គេ​ទាំង​ពីរ​ក៏​យល់ព្រម​នឹង​គ្នា​។ បុរស​កំសត់​ក៏​ចាប់ផ្តើម​ធ្វើ​ការងារ​របស់​គាត់​។ គាត់​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​មិន​ហ៊ាន​សំរាក​នោះ​ទេ មិន​ថា​ថ្ងៃ​សៅរ៍​អាទិត្យ រឺ​ថ្ងៃ​ឈប់​សំរាក​ឡើយ​។ គាត់​អំណត់​នឹង​ការងារ​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​អោយ​កសិករ​ពេញចិត្ត​គាត់​ជា​ខ្លាំង​។ គាត់​ធ្វើការ​អោយ​កសិករ​រយៈពេល ២០ ឆ្នាំ​ដោយ​មិន​បើក​ប្រាក់ខែ​ម្តងណា​ឡើយ​។

ថ្ងៃមួយ​, បុរស​សំរេចចិត្ត​ឈប់​ធ្វើការ ហើយ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ជួបជុំ​ប្រពន្ធ​គាត់​។ គិត​រួច​បុរស​ក៏​បាន​ទៅ​ជួប​កសិករ​ដើម្បី​លាឈប់​ពី​ការងារ​។ បុរស​និយាយ​ទៅ​កាន់​កសិករ​ថា​,

«​លោក​ថៅកែ​, ខ្ញុំ​ចង់បាន​ប្រាក់ខែ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​គិត​ចង់​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ​»​។

ថៅកែ​ឆ្លើយ​តប​វិញ​ថា​, «​ល្អ​, ប៉ុន្តែ​ខ្ញុំ​មាន​អ្វី​ថ្មី​មួយ​ដែល​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ឯង​។ តើ​ឯង​ចង់បាន​ប្រាក់ខែ រឺ​ក៏​ចង់បាន​ដំបូន្មាន ៣ យ៉ាង​ក្នុង​ជីវិត0x017d7 ប្រសិនបើ​យកដំបូន្មាន​ទាំង ៣ គឺ​ខ្ញុំ​មិន​អោយ​ប្រាក់ខែ​ទៅ​ឯង​ទេ ហើយ​បើ​ឯង​យក​ប្រាក់ខែ ខ្ញុំ​នឹង​មិន​អោយ​ដំបូន្មាន​ទេ​។ ឥលូវ​ចូរ​ឯង​ត្រលប់​ទៅ​បន្ទប់ ហើយ​ដេក​គិត​អោយ​ច្បាស់​សិន​ទៅ​ថា ឯង​នឹង​ជ្រើសរើស​យក​មួយ​ណា​»​។

គាត់​ត្រលប់​ទៅ​បន្ទប់​របស់​គាត់​វិញ​, គាត់​គិត​អស់ពីរ​ថ្ងៃ បន្ទាប់​មក​គាត់​ក៏​ត្រលប់​មក​ជួប​ថៅកែ ហើយ​ប្រាប់​ទៅ​គាត់​ថា​

«​ខ្ញុំ​យកដំបូន្មាន​ទាំង ៣»​។

ថៅកែ​បញ្ជាក់​ម្តងទៀត​ថា​, «​បើ​ឯង​យកដំបូន្មាន​ទាំង ៣ នោះ​ឯង​នឹង​មិន​បាន​ប្រាក់ខែ ដែល​ឯង​ខំប្រឹង​ទាំង​នឿយហត់​អស់​រយៈពេល ២០ ឆ្នាំ​នេះ​ទេ​ណា​»​។

បុរស​ឆ្លើយ​យ៉ាង​ម៉ឺងម៉ាត់​ថា​,

«​ខ្ញុំ​ចង់បាន​ដំបូន្មាន​ទាំង ៣»​។

ថៅកែ​ប្រាប់​អំពី​ដំបូន្មាន​ទាំង ៣ ទៅ​កាន់​បុរស​៖

«​ទី​១៖ កុំ​ជ្រើសរើស​ផ្លូវ​កាត់​នៅ​ក្នុង​ជីវិត​របស់​អ្នក​, ផ្លូវ​ដែល​ខ្លី ហើយ​ផ្លូវ​ដែល​មិន​ស្គាល់​ច្បាស់​អាច​ធ្វើ​អោយ​ជីវិត​របស់​ឯង​ខូចខាត​។

ទី ២៖ មិន​ត្រូវ​ចង់​ដឹង​ចង់​ឃើញ​ពេក​នោះ​ទេ ព្រោះ​ការ​ដែល​ចង់​ដឹង​ចង់​ឃើញ​ខ្លាំង​ពេក អាច​នាំ​អោយ​មាន​សេចក្តីស្លាប់​។

ទី ៣៖ ចូរ​កុំ​ធ្វើការ​សម្រេចចិត្ត​ខណៈ​ពេល​ដែល​ខឹង រឺ​ឈឺចាប់ ព្រោះ​ឯង​អាច​គិត​ខុស ហើយ​ស្តាយក្រោយ ហើយ​វា​អាច​នឹង​យឺត​ពេល​»​។

បន្ទាប់​ពី​ផ្តល់​ដំបូន្មាន​ទាំង ៣ ទៅ​កាន់​បុរស​ហើយ ថៅកែ​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា​,

«​យកនំ​ប៉័ង​មូល​ធំ​ៗ ៣ នេះ​ទៅ​, ២ នេះ​សម្រាប់​ឯង​ញ៉ាំ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ ១​ដុំ​នេះ​សម្រាប់​ឯង​ញ៉ាំ​ជាមួយ​ប្រពន្ធ​របស់​ឯង ពេល​ដែល​ឯង​ទៅ​ដល់​ផ្ទះ​វិញ​»​។

បន្ទាប់​ពី​ទទួល​ដំបូន្មាន និង នំប៉័ង​ហើយ​បុរស​ក៏​លា​ថៅកែ ហើយ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ គាត់​នឹក​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​គាត់​ខ្លាំង​ណាស់​។

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ថ្ងៃ​ទី ១​នោះ​, បុរស​បាន​ជួបនឹង​តា​ចាស់​ម្នាក់​។ តា​ចាស់​នោះ​ក៏​បាន​សួរ​ទៅ​កាន់​គាត់​ថា​,

«​តើ​ចៅ​ទៅ​ណា?»

គាត់​ឆ្លើយ​ប្រាប់​ទៅ​តា​ចាស់​នោះ​វិញ​ថា​, «​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​របស់ខ្ញុំ​វិញ​។ ខ្ញុំ​ចាក​ចេញពីផ្ទះ​ដើម្បី​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​រយៈពេល ២០ ឆ្នាំ​ហើយ​។ ពី​ទី​នេះ​ទៅ​ដល់​ផ្ទះ​របស់ខ្ញុំ​ត្រូវ​ចំណាយពេល​រាប់​ខែ​ទើប​ដល់​»​។

តា​ចាស់​បាន​និយាយ​ទៀត​ថា​,

«​អូ​... ចៅ​កំសត់​អើយ​, ផ្លូវ​ដែល​ចៅ​ធ្វើ​ដំណើរ​នេះ​វែង​ឆ្ងាយ​ខ្លាំង​ណាស់​។ ខ្ញុំ​ស្គាល់ផ្លូវ​កាត់​មួយ​ដែល​មាន​សុវត្ថិភាព ហើយ​ចៅ​នឹង​ឆាប់​ទៅ​ដល់​ភូមិ​របស់​ចៅ​ណា​»​។

បុរស​ចាប់ផ្តើម​ដើរ​តាម​ផ្លូវ​កាត់​ដែល​តា​ចាស់​នោះ​បាន​ប្រាប់ ប៉ុន្តែ​ស្រាប់តែ​គាត់​នឹកឃើញ​នូវ​ដំបូន្មាន​ទី ១ របស់​ថៅកែ​គាត់​។ គាត់​ក៏​ត្រលប់​មក​ផ្លូវ​ដើម​របស់​គាត់​វិញ ហើយ​បន្តដំណើរ​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នេះ​។ ជា​ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​បុរស​ក៏​បានលឺ​ថា ផ្លូវ​កាត់​ដែល​គាត់​បំរុង​នឹង​ដើរ​នោះ មាន​ពួក​ចោរ​បាន​ពួន​សំងំ​ចាំ​ស្ទាក់​ប្លន់​អ្នកដំណើរ​។ គាត់​និយាយ​តែ​ម្នាក់ឯង​ថា​, «​ពិតជា​សំណាង​ខ្លាំង​ណាស់​»​។

ជា​ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​, គាត់​ក៏​បាន​ដើរ​ដល់​ភូមិ​មួយ​។ គាត់​បានឃើញ​ផ្ទះ​ចាស់​មួយ​កន្លែង ដែល​អាច​អោយ​អ្នកដំណើរ​ស្នាក់​អាស្រ័យ​បាន​។ គាត់​ក៏​សំរេចចិត្ត​ស្នាក់​នៅ​ទីនោះ​មួយ​យប់​។ គាត់​ចូល​ទៅ​ក្នុង​បន្ទប់​មួយ បន្ទាប់​ពី​គាត់​ធ្វើការ​ងូតទឹក​សំអាតខ្លួន​រួចរាល់​ហើយ គាត់​ក៏​ដាក់ខ្លួន​ទម្រេត​នៅ​លើ​គ្រែ​គេង​។

នា​ពាក់កណ្តាល​យប់​, គាត់​ភ្ញាក់​ពី​ដំណេក​ដោយសារ​តែ​បាន លឺ​សំលេង​ស្រែក​ដ៏​គួរ​អោយ​ភ័យ​ខ្លាច​មួយ​។ គាត់​ងើបឡើង ហើយ​ដើរ​សំដៅ​ទៅ​មាត់ទ្វារ​បំរុង​នឹង បើក​ចុះ​ក្រោម​មើល​ថា​តើ​មាន​អ្វី​កើតឡើង​។ គាត់​ក៏​នឹកឃើញ​នូវ​ដំបូន្មាន​ទី ២ របស់​ថៅកែ​គាត់​។ គាត់​ក៏​ត្រលប់​មក​គ្រែ​ដើម្បី​គេង​វិញ​។

ព្រឹក​ឡើង​, គាត់​ក្រោក​ឡើង ហើយ​រៀបចំ​ខ្លួន​ចេញដំណើរ​ទៅ​មុខ​ទៀត​។ ពេល​នោះ​ម្ចាស់ផ្ទះ​ដែល​អោយ​គាត់​សំណាក​នោះ​បាន​សួរ​ទៅ​កាន់​គាត់​ថា​, «​តើ​អ្នកមាន​លឺ​សំលេង​អ្វី​ចម្លែក​ដែរ​រឺទេ​កាលពី​យប់មិញ​នេះ0x017d7​» គាត់​បាន​ប្រាប់​ទៅ​កាន់​ម្ចាស់ផ្ទះ​ថា​គាត់​បានលឺ​។ ម្ចាស់ផ្ទះ​ធ្វើ​មុខ​ចម្លែក ហើយ​ក៏​សួរ​បន្ត​ថា​, «​តើ​អ្នក​មិន​ចង់​ដឹង​ទេ​ថា​នោះ​ជា​សម្លេង​អ្វី?​»

បុរស​ឆ្លើយ​វិញ​ថា​,

«​បាទ​, អត់​ចង់​ដឹង​ទេ​»

ម្ចាស់ផ្ទះ​ក៏​បាន​និយាយ​រៀបរាប់​ប្រាប់​ទៅ​បុរស​ថា​,

«​អ្នក​គឺជា​ភ្ញៀវ​ទី​មួយ​ហើយ ដែល​នៅ​មានជីវិត​អាច​ចាក​ចេញពី​ទី​នេះ​។ ភូមិ​នេះ​គឺជា​ភូមិ​ដ៏​ចម្លែក​មួយ​។ ជា​រៀង​រាល់​យប់​តែងតែមាន សំលេង​ស្រែកហៅ​នរណា​ម្នាក់​អោយ​ជួយ​។ ពេល​ដែល​មនុស្ស​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ដើម្បី​មើល​នោះ​, នឹង​ត្រូវ​បាន​គេ​សម្លាប់ ហើយ​សាកសព​នឹង​ត្រូវ​បញ្ចុះ​នៅ​ក្រោយ​ភូមិ​នេះ​។

បុរស​ពិតជា​រន្ធត់ ហើយ​ភ័យ​ខ្លាច​បំផុត​ពេល​ដែល​ដឹង​អំពី​រឿង​នេះ​។ បន្ទាប់​មក​បុរស​ក៏​លា​ម្ចាស់ផ្ទះ​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត​។

គាត់​បាន​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​, គាត់​ពិតជា​អស់កំលាំង​ខ្លាំង​ណាស់ ប៉ុន្តែ​គាត់​បាន​ធ្វើ​ដំណើរ​ជិត​ដល់​ភូមិ​របស់​គាត់​ហើយ​។

គាត់​បានឃើញ​ដំបូលផ្ទះ​របស់​គាត់​ពី​ចំងាយ​, គាត់​ពិតជា​ត្រេកអរ​ខ្លាំង​ណាស់​។ មេឃ​កាន់តែ​យប់​ណាស់​ទៅ​ហើយ គាត់​ខំប្រឹង​ធ្វើ​ដំណើរ​អោយ​ដល់​ផ្ទះ​ឆាប់​ៗ​។ គាត់​បានឃើញ​ភ្លើងចង្កៀង​ភ្លឺ​រឹម​ៗ​ចេញពី​បង្អួច​ផ្ទះ​របស់​គាត់​។ ដោយសារ​តែ​ពន្លឺភ្លើង​ចង្កៀង​ទើប​អាច​ធ្វើ​អោយ​គាត់ អាច​មើលឃើញ​ស្រមោល​របស់​ប្រពន្ធ​គាត់​។ គាត់​ញញឹម ហើយ​និយាយ​តែ​ម្នាក់ឯង​ថា​, «​អូន​សម្លាញ់​, យើង​ជិត​បាន​ជួប​គ្នា​ហើយ បង​នឹក​អូន​ខ្លាំង​ណាស់​»​។ ស្រាប់តែ​ភាព​រីករាយ និង ស្នាមញញឹម​បាន​ប្រែ​ទៅ​ជា​អារម្មណ៍​ឈឺចាប់​ទៅ​វិញ ព្រោះ​គាត់​បានឃើញ​ស្រមោល​មនុស្ស​ប្រុស​នៅ​ក្នុងផ្ទះ​របស់​គាត់​។ ប្រពន្ធ​របស់​គាត់​មិន​បាន​នៅផ្ទះ​តែ​ម្នាក់ឯង​នោះ​ទេ​។ ខណៈ​ពេល​នោះ​បេះដូង​របស់​គាត់​ហាក់ដូចជា មាន​អ្វី​ម្យ៉ាង​មក​កាប់​ចិញ្ច្រាំ ហើយ​អារម្មណ៍​ស្អប់ និង​ល្វីង​ជូរ​ចត់​ក៏​នៅ​ស្ទះ​ពេញ​ក្នុង​នោះ​។ គាត់​បាន​សំរេចចិត្ត​ដើរទៅ​យ៉ាង​ប្រញាប់ ដើម្បី​ទៅ​សម្លាប់​ពួក​គេ​ទាំង​ពីរ​នាក់​។

ប៉ុន្តែ​ពេល​នោះ​គាត់​ក៏​នឹកឃើញ​នូវ​ដំបូន្មាន​ទី ៣ របស់​ថៅកែ​គាត់ ហើយ​គាត់​ខំប្រឹង​ទប់ចិត្ត​ទប់​អារម្មណ៍ ដកដង្ហើម​វែង​ៗ​។ គាត់​ក៏​អាច​បន្ធូរ​បាន​ខ្លះ ហើយ​គាត់​ក៏​ដាក់ខ្លួន​ដេក​ក្រោម​ដើមឈើ​ធំ​មួយ​ទាំង​អារម្មណ៍​មួ​រម៉ង​។

ព្រឹក​ឡើង​, គាត់​រំងាប់​អារម្មណ៍ ហើយ​បាន​គិត​យល់​ថា​,

«​គាត់​នឹង​មិន​សម្លាប់​ប្រពន្ធ​របស់​គាត់ រួម​នឹង​សាហា​យ​នោះ​ទេ​។ គាត់​នឹង​ត្រលប់​ទៅ​ជួប​ថៅកែ​ដើម្បី​សុំ​គាត់​ធ្វើ​ការងារ​បន្ត​ទៀត ប៉ុន្តែ​មុន​នឹង​គាត់​ទៅ​, គាត់​ចង់ទៅ​ប្រាប់​ប្រពន្ធ​របស់​គាត់​ថា គាត់​មិន​ដែល​ក្បត់ចិត្ត​ប្រពន្ធ​របស់​គាត់​ម្តងណា​ឡើយ​»​។

គិត​រួច​បុរស​ក៏​បាន​ធ្វើ​ដំណើរ​រហូត​ដល់​ផ្ទះ​របស់​គាត់​។ គាត់​ឈរ​គោះ​ទ្វារ​។ ពេល​ដែល​ប្រពន្ធ​របស់​គាត់​បើកទ្វារ​ឡើង​ឃើញ​គាត់​, នាង​យំ​ជា​ខ្លាំង ហើយ​ឳ​ប​គាត់​យ៉ាង​កក់ក្តៅ​។ ប៉ុន្តែ​គាត់​ព្យាយាម​ប្រលេះ​ដៃ​របស់​នាង​ចេញពី​គាត់​។

គាត់​រលីងរលោង​ទឹកភ្នែក ហើយ​និយាយ​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​ថា​,

«​បង​ស្មោះត្រង់​ជាមួយ​អូន ប៉ុន្តែ​ហេតុ​អ្វី​បានជា​អូន​ក្បត់​បង0x017d7​»

ប្រពន្ធ​របស់​គាត់​ភ្ញាក់​ព្រឺ​ត ហើយ​នាង​ក៏​បាន​តប​វិញ​ថា​,

«​អូន​ក្បត់​បង​យ៉ាងម៉េច​ទៅ0x017d7 អូន​មិន​ដែល​ក្បត់​បង​នោះ​ទេ​។ អូន​រង់ចាំ​បង​យ៉ាង​អំណត់​អស់​រយៈពេល ២០​ឆ្នាំ​»​។បុរស​ញញឹម​បែប​ឌឺដង​,

«​ចុះ​បុរស​ដែល​នៅ​ជាមួយ​អូន​យប់មិញ​នោះ​គេ​ជា​នរណា0x017d7​»

ប្រពន្ធ​របស់​គាត់​ញញឹម ហើយ​ក៏​បាន​ហៅ​បុរស​នោះ​ចេញ​មក​ជួបនឹង​ប្តី​។

នាង​និយាយ​ទៅ​កាន់​គាត់​ថា​,

«​បុរស​ម្នាក់​នេះ​គឺជា​កូនប្រុសរ​បស់បង​។ ពេល​ដែល​បង​ចាកចេញ​ទៅ ទើប​អូន​ដឹង​ថា​អូន​មាន​ទំងន់​។ ហើយ​ថ្ងៃនេះ​គេ​មាន​អាយុ ២០ ឆ្នាំ​ហើយ​»​។

បុរស​ជា​ប្តី​មាន​អារម្មណ៍​ស្រលាំងកាំង បូក​រួម​ជាមួយនឹង​អារម្មណ៍​ត្រេកអរ​។ គាត់​ក៏​បាន​និយាយ​សុំ​ទោស​ទៅ​កាន់​ប្រពន្ធ​របស់​គាត់ ដែល​គាត់​ឆាប់​វិនិច្ឆ័យ​គិត​ខុស​ថា ប្រពន្ធ​របស់​គាត់​មាន​សាហា​យ​ក្បត់ចិត្ត​គាត់​។

បន្ទាប់​ពី​បានដឹង​រឿង​អស់ហើយ​, បុរស​ក៏​បាន​និយាយ​រៀបរាប់​អំពី​ដំណើរ​ជីវិត ២០ ឆ្នាំ​ដែល​គាត់​បាន​ចាក​ចេញពីផ្ទះ​។ ហើយ​គាត់​បាន​ប្រាប់​ប្រពន្ធ​របស់​គាត់​ថា​ប្រាក់ខែ ២០ ឆ្នាំ​របស់​គាត់​គឺ​ប្តូរ​ជាមួយនឹង​ដំបូន្មាន ៣​។ គាត់​ក៏​បាន​យកនំ​ប៉័ង​ចេញពី​បង្វិច​សម្លៀក​បំពាក់​គាត់ ហើយ​គាត់​ក៏​កាច់​ចែក​ប្រពន្ធ និង​កូន​របស់​គាត់​។ ស្រាប់តែ​គាត់​បើកភ្នែក​ធំ​ៗ ព្រោះ​ខាងក្នុង​នំប៉័ង​ជា​ប្រាក់ខែ​របស់​គាត់​។ គាត់​ពិតជា​រីករាយ​ខ្លាំង​ណាស់​។

គាត់​រស់នៅ​ជាមួយនឹង​ប្រពន្ធ និង​កូនប្រុស​ជាទី​ស្រលាញ់​របស់​គាត់​យ៉ាង​មាន​សុភមង្គល​។ ជាមួយនឹង​ដំបូន្មាន​ទាំង ៣ នេះ​ធ្វើ​អោយ​គាត់​រស់នៅ​យ៉ាង​រីករាយ​៕

ព័ត៌មានពេញនិយម