សារអេឡិចត្រូនិច
បឹង​លំ​កុ​ដ​ជា​គ្រាប់ពេជ្រ​កណ្តាល​ព្រៃ ហើយ​ជា​កន្លែង​អ្នក​ប្រាថ្នា


បឹង​ធម្មជាតិ​ដែល​មានឈ្មោះ​«​លំ​កុ​ដ​» ប៉ុន្តែ​អ្នកខ្លះ​ហៅ​ថា «​បឹង​គី​រី​វ​ង្ក​ក​»​កំពុង​ស្ថិត​នៅ​កណ្តាល​ព្រៃ​ស្តា​ត់​ជ្រងំ​ដែល​គ្មាន​មនុស្ស​ទៅ​លេង​កម្សាន្ត បើ​ទោះជា​មាន​ផ្លូវ​ចូល​ទៅ​ដល់​ក៏​ដោយ​។ វា​ស្ថិត​នៅ​ឃុំ​សេ​ដា ស្រុក​លំ​ផាត​ដែល​មាន​ចម្ងាយ​ប្រមាណ​៥៨​គីឡូម៉ែត្រ​ពី​ទីក្រុង​បាន​លុង​ខេត្ត​រតនគីរី​។

តាម​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា លំ​កុ​ដ​ជា​បឹង​ធម្មជាតិ​ដែល​ត្រូវ​បាន​កើតឡើង​ដោយសារ​ប​ន្ទុះ​ភ្នំភ្លើង​តាំងពីរ​យូរលង់​ណាស់​មក​ហើយ​។ បឹង​ធម្មជាតិ​នេះ​មាន​សណ្ឋាន​ដូច​បេះដូង​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ដី​ទូល និង​ដើមឈើ​ខ្ពស់​ៗ​ជុំវិញ​ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត ខណៈ​ផ្ទៃ​ទឹក​បឹង​ទាំងមូល​ថ្លា​ខៀវស្រងាត់​ដែល​អាច​មើលឃើញ​ត្រី​ហែល​ក្នុង​ទឹក​។ នៅ​ជុំវិញ​ដែល​មាន​រុក្ខជាតិ​ខៀវស្រងាត់ និង​ដើមឈើ​ធំ​សំបូរ​ដោយ​ពពួកសត្វ​ស្លាប និង​ល្មូ​ន​គួរ​ជាទី​គយគន់​។