សារអេឡិចត្រូនិច
ពិធី​ចែក​វិញ្ញាបនបត្រ ជំនាន់​ទី ៣ របស់ Samsung Tech Institute នៅ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា


ភ្នំពេញ​: និស្សិត​ចំនួន ៨0 នាក់​បន្ថែម​ទៀត ទើប​ទទួល​បាន​វិញ្ញាបនបត្រ ពី​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនាន់​ទី​៣ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​មកនេះ​។

កម្មវិធី​នេះ ត្រូវ​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង នៅ​ឯ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​ឯកឧត្តម បណ្ឌិត ប៊ុ​ន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា លោក Seungho Choi អគ្គនាយក​គ្រប់គ្រង សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេ​ឡិច​ត្រូ​និក ប្រចាំ​កម្ពុជា សាស្ត្រាចារ្យ និង​និស្សិត យ៉ាងច្រើន​កុះករ​។

លោក Seungho Choi អគ្គនាយក​សាខា ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ឡិច​ត្រូ​និក ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ "Samsung Tech Institute នេះ ត្រូវ​បាន​បង្កើត​ទ្បើ​ង នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ តាម​រយៈ​ការ​សហការ​គ្នា ជាមួយ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ វា​បាន​ផ្តល់​ជូន​និស្សិត ជាមួយ​និង​ចំណេះដឹង​ច្បាស់លាស់ តាម​រយៈ​ការ​សិក្សា​ទ្រឹស្តី និង​ការ​អនុវត្ត​ផ្ទាល់ ជាមួយ ផលិតផល​អេ​ឡិច​ត្រូ​និក សាម​សុង​ថ្មី​ៗ ចុង​ក្រោយ ដែល​ត្រូវ​បាន​ប្រើប្រាស់ ជា​ច្រើន ទូ​ទាំង​ពិភពលោក​។ រហូត​មក​ដល់​ពេល​នេះ មាន​និស្សិត ៣ ជំនាន់ ដែល​សរុប​ទាំងអស់​ចំនួន ១៩0 នាក់ បាន​បញ្ចប់​ការ​សិក្សា​ពី វគ្គ​បណ្តុះបណ្តាល​នេះ ហើយ​ក៏​មាន​និស្សិត​មួយ​ចំនួន កំពុងធ្វើការ នៅ​ក្រុមហ៊ុន​សាម​សុង ផង​ដែរ​។​"

ក្នុង​កម្មវិធី​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត ប៊ុ​ន ភា​រិ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ "​ក្នុង​នាម​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា ដែល​ជា​គ្រឹះស្ថាន បណ្តុះបណ្តាល​សាធារណៈ​មួយ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ សំដែង​នូវ​អំណរ​គុណ ជា​ពិសេស​ចំពោះ​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេ​ឡិច​ត្រូ​និក ប្រចាំ​កម្ពុជា ដែល​បាន​សហការ​ជាមួយ វិទ្យាស្ថាន​ជាតិ​បច្ចេកទេស រៀបចំ​បង្កើត​ឲ្យ​មាន វគ្គ​បណ្តុះបណ្តាល​នេះ​ទ្បើ​ង​។ នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក្រៅពី​ផ្តល់​ឱកាស ដល់​និស្សិត​ទាំងអស់ បាន​សិក្សា និង​អនុវត្ត​ជាក់ស្តែង លើ​ផលិតផល អេ​ទ្បិ​ច​ត្រូ​និក​ទំនើប​ៗ ស្រប​តាម​ទីផ្សារ បច្ចុប្បន្ន សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ឡិច​ត្រូ​និក ព្រមទាំង​ផ្តល់​ឱកាស​ការងារ ដល់​និស្សិត ដែល​រៀន​ចប់​ផង​ដែរ​។​"

និស្សិត​ម្នាក់​ឈ្មោះ នី ធូ ដែល​បាន​បញ្ចប់ វគ្គ​បណ្តុះបណ្តាល ក្នុង​ឆ្នាំ ២០១៥ បាន​និយាយ​ប្រកបដោយ​ទឹកមុខ យ៉ាង​រីករាយ​ថា​៖ "​ជីវភាព​គ្រួសារ​ខ្ញុំ និង​ជីវិត​ខ្ញុំ បាន​ប្រែ​ពី​ភាព​ខ្មៅ​ងងឹត មក​ជា​ភាព​ភ្លឺ​ថ្លា​វិញ គឺ​ដោយសារ​តែ​ខ្ញុំ បាន​ទទួល​ការ​សិក្សា វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​ពី Samsung Tech Institute បាន​ឧបត្ថម្ភ​គាំទ្រ ដោយ​ក្រុមហ៊ុន​សាម​សុង​។ សាម​សុង នៅ​តែ​ដក់​ជាប់ ក្នុង​បេះ​ដួង​ខ្ញុំ​ជា​និរន្ត​ន៍​។​"

រីឯ​និស្សិត​ឈ្មោះ ជី ជូ​ឡុ​ង ដែល​ទើបតែ​បាន​បញ្ចប់ វគ្គ​បណ្តុះបណ្តាល​ពី Samsung Tech Institute ក្នុង​ឆ្នាំ ២០១៦ ហើយ​ទើបតែ​ទទួល​បាន ការងារ​ធ្វើ​ថ្មី​ៗ​ជាមួយ ក្រុមហ៊ុន​សាម​សុង បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ "​ក្រុមហ៊ុន​សាម​សុង បាន​ផ្លាស់​ប្តូរជីវិត​ខ្ញុំ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ សព្វថ្ងៃ​ខ្ញុំ មានការ​ងារ​សម​ស្រប​មួយ បន្ទាប់​ពី​ខ្ញុំ បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ភ្លាម​ៗ​។ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ដល់​ក្រុមហ៊ុន​សាម​សុង​។​"

សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេ​ឡិច​ត្រូ​និក​ប្រចាំ​កម្ពុជា ផ្តល់​តំលៃ​ខ្ពស់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម ដើម្បី​សហគមន៍ មាន​ភាពល្អ​ប្រសើរ ដូចនេះ​ហើយ បានជា​ក្រុមហ៊ុន បង្កើន​ការ​ឧបត្ថម្ភ​គាំទ្រ Samsung Tech Institute ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្រប​ទៅ​តាម​កំណើន របស់​និស្សិត ដែល​ចង់​ទទួល​បាន នូវ​ចំណេះ និង​ជំនាញ​ពិតប្រាកដ ពី​កម្មវិធី​បណ្តុះបណ្តាល របស់ Samsung Tech Institute​។ ជាក់ស្តែង មាន​និស្សិត​ចុះ​ឈ្មោះ​សិក្សា ចំនួន ៥0 នាក់ ក្នុង​ឆ្នាំ​២០១៤ ចំនួន​៦0​នាក់ ក្នុង​ឆ្នាំ​២០១៥ បាន​បញ្ចប់​ការ​សិក្សា ហើយ​ក្នុង​ឆ្នាំ​២០១៦ ចំនួន​និស្សិត ក៏​មានការ​កើនឡើង​រហូត ៨0 នាក់ ។

វគ្គ​បណ្តុះបណ្តាល របស់ Samsung Tech Institute នេះ​ដែរ ក៏​ទទួល​បាន​នូវ​ពានរង្វាន់ ក្នុង​ភាព​ជា​ដៃគូ​ឆ្នើម ទទួលស្គាល់​ដោយ ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លិខិត​សរសើរ​ពី ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ណ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា​។

ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជា​ក្រុមហ៊ុន​នាំមុខ​គេ លើ​ពិភពលោក ផ្នែក​បច្ចេកវិទ្យា ដោយ​ផ្តល់​លទ្ធភាព​ថ្មី​ៗ ជូន​មនុស្ស​គ្រប់​រូប គ្រប់​ទីកន្លែង​។ តាម​រយៈ ការ​បង្កើត​ថ្មី និង​របកគំហើញ ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ ឲ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេង​ៗ ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ សូម​ចូល​មើល គេហទំព័រ https://news.samsung.com/global/ ៕