សារអេឡិចត្រូនិច
ដុំ​ថ្ម​យក្ស​នៅ​លើ​ដុំ​ថ្ម​តូច កម្លាំង​ទឹកទន្លេ​បុក​ក៏​មិន​ធ្លាក់ យក​ដំរី​អូស​ក៏​មិន​ទៅ


តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ស្ថិត​នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​ដុំ​ថ្ម​យក្ស​មួយ​ដែល​ស្ថិត​នៅ​លើ​ថ្ម​តូច​កណ្តាល​ទឹក​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ធ្លាក់​ចេញ​សោះឡើយ បើ​ទោះជា​កម្លាំង​ទឹកទន្លេ​មេគង្គ​បុក​ខ្លាំង​ៗ ឬ​យក​នាវា​ទៅ​ដាក់​ខ្សែ​ទាញ​ទម្លាក់​ក៏​នៅ​តែ​មិន​ធ្លាក់​។

អ្នកស្រី ហម ចាន់​ថន អ្នក​នាំ​ភ្ញៀវ​នៅ​រមណីយដ្ឋាន​អូរ​ស្វាយ​បាន​ឲ្យ​ដឹង​ថា ថ្ម​យក្ស​នេះ​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​ច្រើន​ឆ្នាំ​ហើយ​។ វា​ស្ថិត​នៅ​លើ​ដុំ​ថ្ម​តូច​ដែល​ពេល​ទឹក​ស្រក​អស់ គេ​អាច​មើលឃើញ​ប្រហោង​ខ្លះ​ៗ​ចន្លោះ​ថ្ម​ខាងក្រោម​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ដែល​ប្រៀប​ដូច​ជា​ថ្ម​លើ និង​ថ្ម​ក្រោម​មិន​ជាប់​គ្នា​។ ពេល​រដូវវស្សា ទឹកទន្លេ​មេគង្គ​បាន​លិច និង​ហូរ​ខ្លាំង ប៉ុន្តែ​វា​នៅ​តែ​មិន​ធ្លាក់ ឬ​ក៏​សឹក​ឡើយ​។ កាលពីមុន​ធ្លាប់​មាន​គេ​យក​នាវា​ទៅ​ដាក់​ខ្សែ​ទាញ​ទម្លាក់ ព្រោះ​ខ្លាច​ខែប្រាំង​បាក់​ធ្លាក់​សង្ករ​គ្រោះថ្នាក់ ប៉ុន្តែ​មិន​អាច​ទាញ​ទម្លាក់​បាន​ឡើយ ដូច្នេះ​ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថ្ម​យក្ស​នេះ​ថា ថ្ម​ស័ក្តិសិទ្ធិ ឬ​ព្រះ​សាន​។

ក្រោយមក​អ្នក​ភូមិ​នៅ​ថា​ឡា​បរិ​វ៉ា​ត់​បាន​ចាត់ទុកជា​កន្លែង​គោរព​បូជា និង​ជាទី​សម្រាប់​អ្នកទេសចរ​ទស្សនា​កម្សាន្ត​ពេល​រដូវ​ទឹក​ស្រក​។ តំបន់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា តំបន់​ព្រៃ​លិច​ទឹក​រុំ​ា​សា​(​តំបន់​អភិរក្ស​លិច​ទឹក​)​។