សារអេឡិចត្រូនិច
ល្អាង​ទឹកជ្រោះ​ហោង​ដូច​ព្រះ​ច័ន្ទ​មួយ​ចំហៀង​ដ៏​កម្រ​មាន​តែ​មួយ​គត់​នៅ​កម្ពុជា


ត្បូងឃ្មុំ​ជា​ខេត្ត​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិនសូវ​សំបូរ​តំបន់​ទេសចរណ៍​ច្រើន​សម្រាប់​ដើរ​កម្សាន្ត​ឡើយ ប៉ុន្តែ​រមណីយដ្ឋាន​ទឹកជ្រោះ​ហោង​បាន​ក្លាយជា​ទឹកជ្រោះ​ដ៏​ស្រស់​ស្អាត​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​មួយ​នេះ ខណៈ​ល្អាង​ក្រោម​ថ្ម​ប្រវែង​ជិត​១០០​ម៉ែត្រ​ប្រៀប​ដូច​ជា​ព្រះ​ច័ន្ទ​មួយ​ចំហៀង​ដែល​ស្ទើរតែ​គ្មាន​ល្អាង​ណា​នៅ​កម្ពុជា​មាន​រូបរាង​ដូច​ឡើយ​។

ទឹកធ្លាក់​ហោង​ជា​តំបន់​ភ្នំ​ក្រំ​ថ្ម​ដែល​មាន​ទឹកធ្លាក់​កម្ពស់​ប្រមាណ​៨​ម៉ែត្រ និង​ទទឹង​ជាង​១០​ម៉ែត្រ​ដែល​នៅ​ផ្នែក​ខាងក្រោម​ថ្ម​មាន​រូង​ដ៏​ធំ​មួយ​។ រូង​នេះ​ចាប់ពី​ឆ្វេង​ទៅ​ដល់​ក្រោម​ទឹកធ្លាក់​មាន​ប្រវែង​ប្រហែល​២០​ម៉ែត្រ និង​ចាប់​ចុង​ខាងស្តាំ​ដល់​ក្រោម​ទឹកធ្លាក់​មាន​ប្រវែង​ប្រហែលជា​៦០​ម៉ែត្រ​។ កម្ពស់​រូង​នេះ​មនុស្ស​អាច​អាច​ដើរ​បាន​ចាប់ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​។ ទំហំ​ថ្ម​ពីលើ​ល្អាង​មាន​កម្រាស់​ប្រហែលជា​៣​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​។ ល្អាង​ថ្ម​យក្ស​ដ៏​អាថ៌​កំបាំង​នេះ​ស្អាត​រលោង​ត្រជាក់ និង​គ្មាន​សំរាម​ឡើយ​វា​ប្រៀប​ដូច​ជា​កន្លែង​ដែល​មាន​សត្វ​ល្មូ​ន​វៀរ​នៅ​ក្នុង​ទីនោះ​ដែរ​។