សារអេឡិចត្រូនិច
រឿង​អប់រំ​ខ្លី​៖ រៀន​ទទួលកំហុស​ដែល​អ្នក​បាន​ធ្វើ ប្រសើរ​ជាង​រក​លេស


នៅ​យប់​ថ្ងៃមួយ​មាន​សិស្ស​បួន​នាក់​បាន​ទៅ​ជប់លៀង ហើយ​ត្រលប់​មក​ផ្ទះ​វិញ​យឺត​ម៉ោង ដូច្នេះ​ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​មិន​បាន រំលឹក​មេរៀន​សំរាប់​ប្រលង​នៅ​ថ្ងៃស្អែក​។ ពេល​ព្រឹក​ឡើង​, ពួក​គេ​បាន​នឹកឃើញ​គំរោងការ​មួយ​។ ពួក​គេ​ធ្វើ​អោយ​ខ្លួន​ពួក​គេ​កខ្វក់​ប្រលាក់​ទៅ​ដោយ​ធូលី​ដី​។

បន្ទាប់​មក​ពួក​គេ​បាន​ទៅ​ជួប​គ្រូ ហើយ​និយាយ​ប្រាប់​គ្រូ​ថា ពួក​គេ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​ទាល់​យប់ ហើយ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ កង់​ឡាន​របស់​ពួក​គេ​បាន​ផ្ទុះ ហើយ​ពួក​គេ​បាន​រុញ​ឡាន​ត្រលប់​មក​វិញ​។ ដូច្នេះ​ពួក​គេ​មិន​បាន​មើល​មេរៀន​ត្រៀមប្រលង​នោះ​ទេ​។ ពួក​គេ​សុំ​លោកគ្រូ​ប្រលង​ម្តងទៀត​។

ពេល​ដែល​គ្រូ​ស្តាប់​លឺ​ហើយ គាត់​ក៏​នៅ​ស្ងៀម​មួយសន្ទុះ រួច​ក៏​និយាយ​ថា​គាត់​នឹង​អោយ​ពួក​គេ​ប្រលង​ម្តងទៀត​នៅ ៣​ថ្ងៃក្រោយ​។ ពួក​គេ​អរគុណ​លោកគ្រូ ហើយ​និយាយ​ថា​ពួក​គេ​នឹង​រំលឹក​អោយទាន់​ពេលវេលា​។

ថ្ងៃ​ប្រលង​មក​ដល់​, ពួក​គេ​បាន​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​គ្រូ​។ គ្រូ​បាន​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​ការ​ប្រលង​ដ៏​ពិសេស​មួយ​, ពួក​គេ​ទាំង​បួន​នាក់​ត្រូវ​បាន​បំបែក​អោយ​ប្រលង​នៅ​ថ្នាក់​ផ្សេង​គ្នា​។ ពួក​គេ​ក៏​យល់ព្រម ព្រោះ​ពួក​គេ​គិត​ថា​ពួក​គេ​ចង់​ចាំមេរៀន​បាន​ល្អ​ហើយ​។

គ្រូ​ក៏​បាន​ចែក​ក្រដាស​ប្រលង​អោយ​ពួក​គេ​តាម​បន្ទប់​ប្រលង​។ សំនួរ​មាន​តែ​ពីរ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ពិន្ទុ ១០០​ពេញ​។

សំនួរ​ទី ១៖ តើ​អ្នកមាន​ឈ្មោះ​អ្វី? (១​ពិន្ទុ​)

សំនួរ​ទី ២៖ តើ​កង់​ឡាន​មួយ​ណា​ដែល​ផ្ទុះ? (៩៩​ពិន្ទុ​)

ជម្រើស​៖ (​ក​) កង់​មុខ​ខាងឆ្វេង (​ខ​) កង់​មុខ​ស្តាំ (​គ​) កង់​ក្រោយ​ឆ្វេង (​ឃ​) កង់​ក្រោយ​ស្តាំ

ចម្លើយ​របស់​ពួក​គេ​គឺ​ខុស​គ្នា​ៗ​។

ន័យ​អប់រំ​៖ អ្នក​គួរតែ​រៀន​ចេះ​ទទួលកំហុស ប្រសើរ​ជាង​រក​លេស​មិន​និយាយ​កុហក ហើយ​អ្នក​ត្រូវ​រៀន​អំពី​វា ដើម្បី​ចៀសវាង​ការ​មាន​កំហុសឆ្គង​សារ​ជា​ថ្មី​៕

ព័ត៌មានពេញនិយម