សារអេឡិចត្រូនិច
រឿង​អប់រំ​ផ្លូវចិត្ត​៖ ប្រសិនបើ​អ្នកជា​មនុស្ស ដែល​ចូល​ចិត្ត​កើតទុក្ខ ចូរ​អាន​អត្ថបទ​នេះ​!


នៅ​ក្នុងភូមិ​មួយ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ គាត់​ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ដែល មាន​ប្រាជ្ញា​វៃឆ្លាត​ជាងគេ​នៅ​ក្នុងភូមិ​។ ដូច្នេះ​ជា​រៀងរាល់ថ្ងៃ​តែងតែមាន​មនុស្ស​ជា​ច្រើន​មក​រក​គាត់ ដើម្បី​រៀបរាប់​អំពី​រឿង​ពិបាកចិត្ត​ដដែល​ៗ​របស់​ពួក​គេ​។ថ្ងៃមួយ​បុរស​វ័យ​ចំណាស់​នោះ​បាន​ហៅ មនុស្ស​ដែល​នៅ​ក្នុងភូមិ​មក​ជួបជុំ​គ្នា​។ ហើយ​គាត់​និយាយ​រឿង​កំប្លែង​មួយ​ប្រាប់​ទៅ​មនុស្ស​ទាំងនោះ​។ ពេល​ដែល​និយាយ​រឿង​កំប្លែង​ចប់​គ្រប់​គ្នា​នាំ​គ្នា​សើច​គិល​។

ពីរ​បី​នាទី​ក្រោយ​, គាត់​ក៏​និយាយ​រឿង​កំប្លែង​ដដែល​ប្រាប់​ទៅ​ពួក​គេ​ម្តងទៀត ហើយ​មាន​តែ​មនុស្ស​ពីរ​បី​នាក់​តែ​ប៉ុណ្ណោះ ដែល​ញញឹម​ពេល​ដែល​ស្តា​ប់រឿង​នេះ​ចប់​។មួយសន្ទុះ​ក្រោយ​ទៀត​, គាត់​ក៏​និយាយ​រឿង​ដដែល​នេះ​ប្រាប់​ទៅ​ពួក​គេ​ជា​លើក​ទី​បី ប៉ុន្តែ​ម្តងនេះ​គ្មាន​នរណា​ម្នាក់​អស់សំណើច​នោះ​ទេ​។

បុរស​វ័យ​ចំណាស់​ក៏​ញញឹម ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​,

«​អ្នក​មិន​អាច​សើច​ម្តង​ហើយ​ម្តងទៀត នៅ​ពេល​ដែល​ស្តា​ប់រឿង​ដដែល​បាន​ទេ​។ អ៊ីចឹង​ហេតុ​អ្វី​បានជា​អ្នក​ទាំងអស់​គ្នា​តែងតែ​យំ និង ពិបាកចិត្ត​ចំពោះ​បញ្ហា​ដដែល?»

ន័យ​អប់រំ​៖ ការ​ព្រួយបារម្ភ​មិន​អាច​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​ទេ​, វា​មាន​តែ​ខ្ជះខ្ជាយ​ពេលវេលា និង​កំលាំង​របស់​អ្នក​ទៅ​វិញ​ទេ​៕