សារអេឡិចត្រូនិច
ត្រពាំង​សង្កែ​មិន​ឆ្ងាយ​ពី​ក្រុង​កំពត ធ្វើ​ឲ​ប្រជាជន​ខ្មែរ​ទៅ​លេង​ច្រើន


ខ្យល់​សមុទ្រ​ដ៏​ល្អ​បរិសុទ្ធ ខណៈ​ចូល​ដល់​ជំរំ​នៃ​ម្លប់​ដើម​កោង​កាង​យ៉ាង​ត្រឈឹងត្រឈៃ នឹង​នាំ​អារម្មណ៍​រីករាយ​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ស្ពាន​រាប់រយ​ម៉ែត្រ ដែល​ហុំ​ព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​យ៉ាង​ខៀវស្រងាត់​។

ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​កំពត​។

ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នកដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​ភូមិ​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​។ បត់​ស្តាំ​ចុះ​ពី​ផ្លូវជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់​ភូមិឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់ទី​តាំង​ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ដែល​ស្ថិត​នៅ​ក្បែរ​ដៃសមុទ្រ​មានឈ្មោះ​ថា​«​ព្រែក​ក្បាល​រមាស​»​។

លោក សឹម ហ៊ី​ម ប្រធាន​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ​បាន​ឲ្យ​ដឹង​ថា ភូមិ​ត្រពាំង​សង្កែ​បាន​វិ​វ​ឌ្ឍ​ពី​ភូមិ​នេសាទ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​កំពត​។ តំបន់​កម្សាន្ត​បង្កើត​ឡើង​ដោយ​សហគមន៍​នេះ ការ​រៀបចំ​លក្ខណៈ​សម​ញ្ញ​សម្រាប់​ភ្ញៀវ​ដែល​ត្រូវ​កន្លែង​បន្ធូរ​អារម្មណ៍​ក្នុង​បរិយាកាស​ធម្មជាតិ​។

កម្សាន្ត​ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ភ្ញៀវ​នឹង​រីករាយ​នឹង​ខ្យល់អាកាស​បរិសុទ្ធ​បក់​ផាត់​ពី​ដៃសមុទ្រ គយគន់​ស្រែ​ស្រូវ​ច្បារ​ដំណាំ និង​ស្រែអំបិល​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ភ្ញៀវ​ទេសចរណ៍​អាច​បន្តដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស នៅ​អម​សងខាង​ជាមួយ​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិច​ទឹក ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃកោងកាង​នា​ឆ្នេរសមុទ្រ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ផ្ទាល់​។