សារអេឡិចត្រូនិច
ទស្សនា​ព្រៃកោងកាង​ជិត ២​ពាន់​ហិតា នៅ​កម្ពុជា


ស្ថិត​ក្នុងភូមិ ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក មណ្ឌល​សីមា ខេត្តកោះកុង  សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​ពាម​ក្រសោប គឺជា​កន្លែង​ទេសចរណ៍​ព្រៃកោងកាង​ដ៏​ធំ​មួយ​របស់​ខេត្ត កោះកុង ។​កោង​កាង​ជា​ប្រភេទ​រុក្ខជាតិ​សមុទ្រ​មួយ​ប្រភេទ ដែល​ដុះ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មាន​ភក់​ល្បប់ មាន​ទឹកប្រៃ​ជោរ​នាច ហើយ​ធន់​នឹង​កំហាប់​អំបិល​ខ្ពស់​។ ព្រៃកោងកាង​មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទេ សូ​ម្បី​តែ​សត្វ​ក៏​ត្រូវ​ពឹងផ្អែក​លើ​វា​ដែរ​។ ដូច​ជា​ជម្រក​ត្រី ខ្ច​ង ក្ដាម​គ្រប់​ប្រភេទ​រស់នៅ និង​ជា​ជម្រក​ពង​កូន​យ៉ាង​សំខាន់​។ ក្រៅពី​នេះ​ដើម​កោង​កាង​ជា​របាំង​យ៉ាង​រឹង​មាំ​សម្រាប់​ការពារ​ខ្យល់ព្យុះ ឬ​រលក​សមុទ្រ មិន​ឲ្យ​បោកបក់​បំផ្លាញ​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់ឆ្នេរ​សមុទ្រ ផង​ដែរ​។

លោក សៀ​ក សា​បុ​ន ប្រធាន​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​ពាម​ក្រសោប បាន​ឲ្យ​ដឹង​ថា សហគមន៍​របស់​លោក​មាន​ផ្ទៃដី​ជាង​៣០០០​ហិតា ដោយនៅ​ក្នុង​នេះ​ព្រៃកោងកាង​គ្របដណ្ដប់ ១៣២៦ ហិតា ដោយ​បាន​បើក​ឲ្យ​ដំណើរការ​ក្នុង​អំឡុង​ឆ្នាំ​២០០១​។

កាលពី​អំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ ព្រៃ​ដើម​កោង​កាង រង​ការ​កាប់​យក​ទៅ​ធ្វើ​ធ្យូង និង​វាត​យក​ដី​យ៉ាងធ្ងន់ធ្ងរ​ស្ទើរតែ​ផុត​ពូជ​។ ប៉ុន្តែ​បច្ចុប្បន្ន ពលរដ្ឋ​ភាគច្រើន​ជា​ពិសេស​ប្រជា​នេសាទ បាន​យល់​ដឹង​ពីសារ​ប្រយោជន៍​របស់​វា និង​បាន​យកចិត្តទុកដាក់​ការពារ​យ៉ាង​ហ្មត់ចត់ និង​មាន​ផែនការ​ដាំ​ដុះ​ឡើង​វិញ​ជា​បន្តបន្ទាប់​។ ក្រោយ​ការ​បង្កើត​សហគមន៍​ទេសចរណ៍​ឡើង ប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាប់​ព្រៃកោងកាង​ដុត​យក​ធ្យូង​បាន​ងាក​យក​ទូក​របស់​ខ្លួន​មក​ដឹក​ភ្ញៀវ​វិញ​។