សារអេឡិចត្រូនិច
ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល​បន្ត​កើនឡើង ជាង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន


ភ្នំពេញ​: ការ​ដោះ​ដូរ​ទំនិញ​របស់​កម្ពុជា ទៅ​ក្រៅប្រទេស ក្នុង​ឆ្នាំ​២០១៦ សម្រេច​បាន ក្នុង​ទឹកប្រាក់​ជាង ២០ ប៊ី​លាន​ដុល្លារ ដោយ​មាន​កំណើន​ជាង ៧ ភាគរយ បើ​ធៀប​នឹង​ការ​នាំ​ចេញ​-​នាំ​ចូល ក្នុង​ឆ្នាំ​២០១៥ ដែល​មាន​តម្លៃ​ជាង ១៨ ប៊ី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍ ពី​កាំកុងត្រូល​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។ 

បើ​តាម​របាយការណ៍​ដដែល បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​កន្លង​ទៅ កម្ពុជា​បាន​អនុញ្ញាត ឲ្យ​មានការ​នាំ​ចូល​ទំនិញ និង​ផលិតផល​សំខាន់​ៗ គិត​ជា​ទឹកប្រាក់ សរុប​ជិត​១១ ប៊ី​លាន​ដុល្លារ កើនឡើង​ជាង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ត្រឹម​ជាង ១០ ប៊ី​លាន​ដុល្លារ តែ​ប៉ុណ្ណោះ​។ ផលិតផល ដែល​កម្ពុជា ធ្វើការ​នាំ​ចូល មាន​ជា​អាទិ៍​៖ រថយន្ត គ្រឿងចក្រ​កសិកម្ម គ្រឿងបន្លាស់ ប្រេងឥន្ធនៈ គ្រឿង​អេ​ឡិច​ត្រូ​និក និង​អគ្គិសនី វត្ថុធាតុដើម បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ឱសថ​និង​សម្ភារៈ​បរិក្ខា​ពេទ្យ ម្ហូបអាហារ និង​ភេសជ្ជៈ សម្ភារៈ​និង​របស់របរ​ប្រើប្រាស់ ប្រចាំ​ថ្ងៃ ជា​ច្រើន​មុន​ទៀត​។

ដោយឡែក ទំហំ​នៃ​ការ​នាំ​ចេញ របស់​កម្ពុជា ក្នុង​រយៈពេល​ដូច​គ្នា​នេះ គឺ​សម្រេច​បាន នៅ​ក្នុង​ទឹកប្រាក់​ជិត ៩ ប៊ី​លាន​ដុល្លារ ដោយ​មាន​កំណើន ៨ ភាគរយ បើ​ធៀប​នឹង​ការ​នាំ​ចេញ កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ទឹកប្រាក់ ត្រឹម​ជាង ៨ ប៊ី​លាន​ដុល្លារ​។ ផលិតផល​សំខាន់​ៗ​របស់​កម្ពុជា ដែល​បាន​នាំ​ចេញ មាន​ដូច​ជា​៖ សម្លៀក​បំពាក់ ស្បែកជើង កង់ អង្ករ ម្រេច ជ័រកៅស៊ូ ពោត ចំណិត​ដំឡូង​មី គ្រឿង​បង្គុំ​រថយន្ត ជាដើម​។ ទីផ្សារ​របស់​កម្ពុជា​មាន​៖ សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ​ខាងត្បូង សហគមន៍​អាស៊ាន ជាដើម​។

ក្នុង​ឱកាស​បូក​សរុប​ការងារ ពាណិជ្ជកម្ម ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០១៧ របស់​ក្រសួងពាណិជ្ជកម្ម ដែល​ធ្វើ​ឡើង កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា ផលិតផល​ក្នុងស្រុក និង​ក្រៅប្រទេស នៅ​តែ​បន្ត​ធ្វើ​អា​ហរ​ណ​នី​ហរ​ណ​។ លោក បាន​ឲ្យ​ដឹង​ថា ផលិតផល​ខ្មែរ កំពុង​ត្រូវ​បាន​ជំរុញ ការ​ផ្សព្វផ្សាយ ដើម្បី​ស្វែងរក​ទីផ្សារ​បន្ថែម ពិសេស​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​។ លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ក្រសួងពាណិជ្ជកម្ម កំពុង​តែ​ពិភាក្សា​ជាមួយ​ប្រទេស​មួយ​ចំនួន​បន្ថែម​ទៀត​ដូច​ជា​៖ សមាគម​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ទួ​រ​គី ប៊ែ​ល​ឡា​រូស ជាដើម ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។

លោក ប៉ាន សូរ​ស័ក្ដិ បន្ត​ថា ក្រសួង បាន​ដាក់​ឲ្យ​អនុវត្តន៍​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សំខាន់​ៗ សម្រាប់​សម្រួល​ពាណិជ្ជកម្ម និង​បរិយាកាស​ធុរកិច្ច​។ ជាមួយ​គ្នា​នេះ ក៏​បាន​នឹង​កំពុង​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​សម្រាប់ ផលិតផល​ក្នុងស្រុក​មួយ​ចំនួន ដែល​មាន​សក្ដានុពល​នាំ​ចេញ​ដូច​ជា​៖ សូត្រ អំពៅ ស្វាយ ចេក ស្ដ​រស ស្ដរ​ត្នោត ថ្ម​ចម្លាក់ ជាដើម​។

លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៧​នេះ ក្រសួង​បាន​ដាក់​ចេញ​ផែនការ​ថ្មី​ៗ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​គៀងគរ​ការ​និ​យោគ​ពី​ក្រៅប្រទេស មក​កាន់​កម្ពុជា ដើម្បី​បង្កើត​ការងារ​ក្នុងស្រុក ៕

ព័ត៌មានថ្មីៗ