សារអេឡិចត្រូនិច
ដំណាច់ឆ្នាំ​២០១៦ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា បាន​៥៤​ម៉ឺន​តោន មាន​កំណើន ០,៧%


ភ្នំពេញ ៖ បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥៤​ម៉ឺន​តោន និង​មាន​កំណើន​០,៧% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក ហ៊ាន វណ្ណ​ហន  ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ បាន​ថ្លែងប្រាប់​ប៊ី​ធី​វី នៅ​ថ្ងៃ​ទី ៤​ខែមករា នេះ​ថា  ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែ ១២ ឆ្នាំ​២០១៦ នេះ ថយ​ចុះ ៣០%  និង​ធៀប​កាលពី​ខែ ១២ ឆ្នាំ​២០១៥ កន្លង​ទៅ ដែល​បញ្ហា​នេះ ទើប​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​នៅ​ដំណាច់ឆ្នាំ​នេះ បាន​ត្រឹម​ចំនួន ៥៤​ម៉ឺន​តោន ធៀប​កាលពី​ដំណាច់ឆ្នាំ​២០១៥ កើន ០,៧% ។

លោក​បាន​បន្ត​ទៀត​ថា  ក្នុង​ពេល​នេះ​គួរតែ​មាន​យន្តការ​រួបរួម​គ្នា​មួយ ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជម្រុញ ការ​នាំ​ចេញ​នៅ​ឆ្នាំ​ក្រោយ​មាន​ភាពល្អ​ប្រសើរ ហើយ​ការងារ​នេះ​សំខាន់​ត្រូវ​តែ​កែសម្រួល​សកម្មភាព នៃ​ការ​គាំទ្រ​គោលនយោបាយ​នាំ​ចេញ​អង្ករ​ឡើង​វិញ​។

លោក បាន​លើក​ឡើង​ថា ឥឡូវនេះ មិន​ទាន់​បាន​បញ្ចប់​នៃ​ការ​កែសម្រួល​គោលនយោបាយ​ដែល​បាន​អនុម័ត កាលពី​ឆ្នាំ​២០១០​នៅឡើយ​ទេ​។​ដូច្នោះ ធ្វើ​យ៉ាងណា​ត្រូវ​ឲ្យ​គោលនយោបាយ និង​ការ​នាំ​ចេញ​អង្ករ​នេះ​បាន​ជោគជ័យ​។

លោក បាន​បន្ថែម​ថា ទោះ​យ៉ាង​គ្រប់​គ្នា​សង្ឃឹមថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កែសម្រួល​គោលនយោបាយ​ខាងលើ​នេះ នឹង​ឈាន​ដល់​ភាព​ជោគជ័យ​បានជា​មិន​ខាន​។

សម្រាប់ លោក សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cambodia បាន​ថ្លែង​ថា រយៈពេល​ឆ្នាំ​២០១៦ កម្ពុជា​ជួប ភាព​រាំង​ស្ងួន មិន​បាន​នាំ​ចេញពីរ​ឫ បី​ខែ​ហើយ ដែល​ការ​នាំ​ចេញ​អាច​មាន​ចំនួន​លើស​ពី​តួលេខ​ដែល​បាន​បង្ហាញ​ខាងលើ​នេះ​។​ដូច្នោះ ចំណុច​មួយទៀត​តម្លៃ​ស្រូវ​មាន​តម្លៃ​ថោក​ដូចនេះ តួលេខ​នាំ​ចេញ​គិត​ជា​ថវិកា​តិច​មិន​ដូច​កាលពី​ឆ្នាំ​២០១៥​ទេ​។

លោក​បាន​បន្ត​ទៀត​ថា គោលនយោបាយ​នាំ​ចេញ​អង្ករ​ត្រូវ​តែ​ធ្វើការ​កែសម្រួល​ច្រើន សំខាន់​កុំ​មាន​តែ​ទ្រឹស្ដី​ត្រូវ​មាន​ស្ថាប័ន​ណាមួយ​ជា​អ្នក​អនុវត្ត​ផ្ទាល់​ឲ្យ​បាន​ពិតប្រាកដ និង​ជា​ប្រចាំ​ទើប​អាច​ដោះស្រាយ​បាន​នៅ​ឆ្នាំ​ក្រោយ​។

លោក​បាន​បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​ចាប់អារម្មណ៍​ធ្វើ​ឃ្លាំង​ស្តុក​ទុក​អង្ករ​នេះ​ជា​រឿង​ត្រឹមត្រូវ​ហើយ ព្រោះ​វា​ជា​អាទិភាព ទី​១ និង​ទី​២ បើសិនជា​រដ្ឋ​ធ្វើ​កន្លែង​ទុកដាក់​ស្រូវ ដើម្បី​ឲ្យ សហគមន៍​កសិករ​បាន នឹង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​៕

ប្រភពពីៈ ទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ