ធនាគារស្រូវគ្រោងបោះទុនជាង១០លានដុល្លារដើម្បីពង្រីកឃ្លាំងស្តុក និងឡសម្ងួតស្រូវ
ថ្ងៃ ព្រហស្បត្ត៏ ទី ៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:១២
ភ្នំពេញ៖ ធនាគារស្រូវនៅកម្ពុជា គ្រោងបោះទុនជាង១០លានដុល្លារអាមេរិក ដើម្បីវិនិយោគសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវនៅខេត្តបាត់ដំបង ជាខេត្តជង្រុកស្រូវរបស់កម្ពុជា។
លោកឧកញ៉ា ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ មករានេះថា ដើម្បីដោះស្រាយបញ្ហាប្រឈមលើកង្វះឃ្លាំងស្តុក និងឡសម្ងួតស្រូវ លោកនឹងបោះទុនវិនិយោគជាង១០លានដុល្លារ ដើម្បីវិនិយោគលើផ្នែកនេះនៅឆ្នាំ២០១៧នេះ។ លោកបន្តថា គម្រោងនេះមានការគាំទ្រពីធនាគារឯកជន និងមានការគាំទ្រមួយផ្នែកពីរដ្ឋាភិបាល ព្រោះប្រសិនជាយើងមិនមានឡសម្ងួតនិងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបាននោះទេ។
លោកបន្តថា ធនាគារស្រូវគ្រោងរៀបចំសហគមន៍កសិករ តាមរយៈការចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេ មានតម្លៃដោយស្ថិរភាព និងមានទីផ្សារ ពិសេសបញ្ចៀសបាននូវការក្រឡុកតម្លៃពីក្រុមឈ្មួញកណ្តាល។
លោកឧកញ៉ាបានបន្តថា បច្ចុប្បន្ននៅកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវប្រមាណ២៧០កន្លែង ដែលអាចកិនអង្ករនាំចេញបានប្រកបដោយគុណភាពខ្ពស់។
កាលពីចុងឆ្នាំ២០១៦កន្លងមកនេះ ក្រុមហ៊ុនចិនចំនួនពីរក៏បានបង្ហាញពីគម្រោងវិនិយោគលើទឹកប្រាក់៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ដើម្បីកិនជាអង្ករនាំចេញទៅកាន់ប្រទេសចិនផងដែរ។
កង្វះឡសម្ងួត និងឃ្លាំងស្តុកស្រូវជាបញ្ហាប្រឈមធំបំផុតនៅក្នុងវិស័យនេះ ដែលបានរីករាលដាលដល់កសិករ ព្រោះពេលរោងម៉ាស៊ីនកិនស្រូវខ្វះកន្លែងស្តុក និងឡសម្ងួតពួកគេមិនអាចលក់ផលិតផលពួកគេទាន់ពេលវេលានោះទេ។
លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមបានថ្លែងថា ដោយសារបញ្ហាកង្វះឃ្លាំងស្តុក និងឡសម្ងួតនេះ ទើបលោកសម្រេចចិត្តបោះទុនជាង១លានដុល្លារវិនិយោគឡសម្ងួត និងគ្រោងបោះទុនជាច្រើនទៀតដើម្បីបង្កើតឃ្លាំងស្តុកស្រូវនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅឆ្នាំនេះ ដើម្បីជួយកសិករផងដែរ។
លោកបន្តថា“នៅឃុំនេះមានភូមិចំនួន៥ មានផ្ទៃដីស្រែជាង១ម៉ឺនហិកតា ដែលអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ហេតុនេះទើបលោកសម្រេចចិត្តវិនិយោគនៅតំបន់នោះ ដោយមានការគាំទ្រពីឥណទានរបស់មីក្រូហិរញ្ញវត្ថុរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមផងដែរ”៕
ប្រភពពីៈ ទូរទស្សន៍បាយ័ន