សារអេឡិចត្រូនិច
ស្ដេច​លេងអុក ទាក់ទង​ប្រាសាទ​យាយ​ព័ន្ធ នៅ​តំបន់​សំបូរ​ព្រៃ​គុក


តំបន់​ប្រាសាទសំបូរព្រៃគុក ស្ថិត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​មាន​ចម្ងាយ​២៥ Km ពី​ទីរួមខេត្ត​។ ក្នុង​តំបន់​ប្រាសាទ​នេះ មាន​ប្រាសាទ​មួយ​ឈ្មោះ​ថា​ប្រាសាទ​យាយ​ព័ន្ធ ឬ​អាច​ហៅ​ថា​ប្រាសាទនាគព័ន្ធ​។​ប្រាសាទ​យាយ​ព័ន្ធ មាន​សំណង់​ជា​ច្រើន​ដូច​ជា​ប្រាង្គ​នៅ​កណ្ដាល​មាន​កម្ពស់ ២៥​ម៉ែត្រ ប្រាង្គ​ប្រាសាទ​រណប កំពែង​ពីរ​ជាន់​និង​ស្រះ​ទឹកជា​ដើម​។ ព្រះ​នាម​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ ត្រូវ​បាន​ចារ​នៅ​លើ​សិលាចារឹក​ដែល​គេ​រក​ឃើញ​ក្នុង​ប្រាសាទ ហើយ​គេ​បាន​សន្និដ្ឋាន​ថា​ប្រាសាទ​ត្រូវ​បាន​កសាង​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ នា​ដើម​សតវត្ស​ទី​៧​។ ក្រុម​នៃ​ប្រាសាទ​យាយ​ព័ន្ធ​នេះ ធ្វើ​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​ឥ​សាន ឬ​ឥសូរ ដែល​មាន​សម្ភារៈ​សំណង់​ដូច​ជា ឥដ្ឋ​បូក កំបោរ​បាយអ ថ្មបាយក្រៀម និង​ថ្មភក់ សម្រាប់​ធ្វើ​ក្បាច់​ផ្ដែរ ប្រអប់ទ្វារ កាំជណ្ដើរ សសរ​ពេជ្រ និង​ចម្លាក់​តំណាង ទេវរូប​តូច​ធំ​ទាំងឡាយ​។