សារអេឡិចត្រូនិច
ក្រុមហ៊ុនចម្រុះ​កម្ពុជា បោះទុន ជាង​២០០០​លាន​ដុល្លារ អភិវឌ្ឍន៍​ទីក្រុង​ទំនើប នៅ​តំបន់​រាម


ភ្នំពេញ ៖ ក្រុមហ៊ុនចម្រុះ​កម្ពុជា ចិន គ្រោង​បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង​២០០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​កសាង​ទីក្រុង​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​ថ្មី​មួយ​ស្ថិត​នៅ​តំបន់​រាម ក្រុងព្រះសីហនុ​។

លោក​សាស្ត្រ​ចា​រ្យ ទួ​ស សា​ភឿន ស្ថាបត្យករ​កម្ពុជា​ដែល​បាន​សិក្សា និង​ជួយ​រៀបចំ​ប្លង់​អភិវឌ្ឍន៍​ទីក្រុង ដែល​បាន​ដាក់​ឈ្មោះ​ថា​“​ឋានសួគ៌​បៃតង​” ឬ​Green Paradise បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ចុង​ស​ប្តា​ហ៍ មុន​ថា គម្រោង​ទីក្រុង​រណប​នេះ​នឹង​ជា​បណ្តុំ​នូវ​សេវាកម្ម​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលាន​វាយ​កូន​ហ្គោ​ល លំនៅ​ឋាន​ទំនើប​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ សាលារៀន មន្ទីរពេទ្យ និង​សេវាកម្ម​កម្សាន្ត​ជា​ច្រើន​ទៀត​។​លោក បន្ត​ថា ទីក្រុង​ទំនើប​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា និង​គ្រោង​ចាប់ផ្តើម​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប្រសិនជា​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​បញ្ចប់​ទាន់​ពេលវេលា​។

លោក បន្ត​ថា គំរោង​អភិវឌ្ឍន៍​នេះ​សាងសង់​នៅ​លើ​ផ្ទៃដី​២៣៧៧​ហិ​កតា និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ខ្មែរ សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ហុងកុង ជាដើម​។ ទោះជា​យ៉ាងណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ និង​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេលវេលា​ចាប់ផ្តើម និង​បញ្ចប់​គំរោង​នេះ​ទាំងមូល​ទេ​។

លោក សន សៀ​ប ស្ថាបនិក​ក្រុមហ៊ុន Key Real Estate បាន​ថ្លែង​ថា គំរោង​អភិវឌ្ឍន៍​នេះ ប្រសិនជា​លេច​ចេញ​រូបរាង​ពិតប្រាកដ​ពិតជា​ល្អ​ប្រសើរ​ណាស់ ហើយ​ក្នុង​នាម​វិស័យ​ឯកជន លោក​គាំទ្រ​គំរោង​អភិវឌ្ឍន៍​នានា ព្រោះ​វា​នឹង​ជួយ​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា គម្រោង​នេះ ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ច្បាប់ទម្លាប់ និង​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​នៅឡើយ ហើយ ការ​សាងសង់​ជាក់ស្តែង​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​៕

ប្រភព​ពីៈ ទូរទស្សន៍​បាយ័ន

ព័ត៌មានថ្មីៗ