សារអេឡិចត្រូនិច
ប្រាសាទបុរាណ​មួយ អាយុកាល​ជាង​១​ពាន់​ឆ្នាំ នៅ​ត្បូងឃ្មុំ បង្កប់​ភាព​អាថ៌​កំបាំង​ខ្លាំង​ណាស់


ប្រាសាទបុរាណ​មួយ អាយុកាល​ជាង​១​ពាន់​ឆ្នាំ ដែល​ស្ថិត​នៅ​វត្ត​ព្រះ​ធាតុ​បា​ស្រី ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ នៅ​បង្កប់​ភាព​អាថ៌​កំបាំង ពុំ​ទាន់​មាន​អ្នក​ណា​ស្គាល់​ពី​ឈ្មោះ និង​ដឹង​ពី​ប្រវត្តិ​ច្បាស់លាស់​ទេ​។

ព្រះ​តេជគុណ កែវ យ៉េន ព្រះ​ចៅអធិការ​វត្ត​ព្រះ​ធាតុ​បា​ស្រី មាន​សង្ឃដីកា​ប្រាប់​ក្រុមការងារ ថា​៖ "​ក្នុង​វត្ត​នេះ​ពី​មុន​មាន​ប្រាសាទបុរាណ​មួយ សាងសង់​តាំងពី​សម័យ​មុន​អង្គរ ប៉ុន្តែ​គ្មាន​អ្នក​ណា​ស្គាល់ឈ្មោះ​ប្រាសាទ​ច្បាស់ ហើយ​ក៏​មិន​បានដឹង​ថា ស្ដេច​អង្គ​ណា​ជា​អ្នក​សាងសង់​ដែរ​។ ក្រោយមក មាន​តា​ម្នាក់​ឈ្មោះ​តា​សៅ បាន​សាងសង់​ប្រាសាទ​ថ្មី​ពីលើ​ប្រាសាទ​ចាស់ ខណៈ​នៅ​ក្រោម​ប្រាសាទ​គេ​ជឿ​ថា មាន​របស់​ស័ក្ដិសិទ្ធិ និង​របស់​មាន​តម្លៃ​ជា​ច្រើន​។ ប្រាសាទ​ថ្មី មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​ដែរ ខណៈ​ចាស់​ៗ ក៏​មិន​បានដឹង​ពី​ប្រវត្តិ​ច្បាស់​ដូច​គ្នា​”​។

តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា នៅ​ខាង​មុខ​វត្ត​ព្រះ​ធាតុ​បា​ស្រី អម​សងខាង​ផ្លូវ​ចូល មាន​គ្រឹះ​ប្រាសាទបុរាណ​ចំនួន​២ ដែល​សាងសង់​ពី​ថ្មបាយក្រៀម ហើយ​នៅ​ផ្នែក​ខាងស្តាំ​ដៃ គេ​ហៅ​ថា​វិហារ​គុក និង​ផ្នែក​ខាងឆ្វេង​ដៃ​ហៅ​ថា វិហារ​ព្រះ​និ​ពា​ន្ត​។ ចំណែក​នៅ​ក្នុង​បរិវេណ​វត្ត មាន​ប្រាសាទបុរាណ​មួយ កសាង​ឡើង​អំពី​ថ្មភក់​ក្នុង​ឆ្នាំ​៩៨៣ នៃ​គ្រឹ​ស្ត​សករាជ​(១០៣៣​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន​) សង់​រាង​កា​រ៉េ​មាន​ទំហំ ១៥X១៥​ម៉ែត្រ កម្ពស់​៣៣​ម៉ែត្រ​។ វិសាលភាព​ប្រាសាទ​ពី​លិចទៅ​កើត​ប្រវែង ១២៥០​ម៉ែត្រ ពី​ត្បូង​ទៅ​ជើង​ប្រវែង ៣០០​ម៉ែត្រ​៕

ព័ត៌មានថ្មីៗ