សារអេឡិចត្រូនិច
ក្រសួងពាណិជ្ជកម្ម​នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន


ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន​ហើយ​នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​ហ៊ូ​ហេ​ពីង (HU Heping) អភិបាលខេត្ត​សាន​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ៗ​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​វប្បធម៌​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។

ឯកឧត្ដម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ថា កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​ការ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​របស់​កម្ពុជា​នៅ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​និង​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​៥០០០​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០១៧​។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា កម្ពុជា​កំពុង​តែ​រៀបចំ​ការ​គាំទ្រ​ពី​ស្ថាប័ន​របស់​ប្រទេស​ចិន និង​ក្រសួងការបរទេស ដើម្បី​សម្រួល​ឲ្យ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផល​ទាំងអស់​គ្នា​។ កម្ពុជា​មាន​មជ្ឈមណ្ឌល​មួយ​ហើយ​នៅ​ណា​ន​នី​ង និង​នៅ​ខេត្ត​ដទៃ​ទៀត គ្រៀង​នឹង​រៀបចំ​បន្ថែម​ទៀត សម្រាប់​បន្ថែម​និង​ពង្រីក​ជា​បន្ត​ទៀត​

ឯកឧត្ដម បាន​បញ្ជាក់​ថា នេះ​ជា​ការ​បន្ថែម ដើម្បី​ពង្រីក​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​ក្រៅប្រទេស​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត ហើយ​កម្ពុជា​នឹង​ជំរុញ​វិស័យ​កសិឧស្សាហកម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត​។

ចំណែក ឯកឧត្ដម​អភិបាលខេត្ត​សាន​ស៊ី និង​រដ្ឋាភិបាល​ប្រទេស​លើក​ឡើង​ថា ប្រទេស​ចិន​គាំទ្រ​ដល់​ការ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា​ហើយ​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​ក៏​ដូច​ជា​ការ​ទាក់ទាញ​វិនិយោគិន​និង​ភ្ញៀវ​ទេសចរ​ចិន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​មក​កម្ពុជា​កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ចំនួន​ពីរ​។​អនុស្សរណៈ​ទី​១​គ្របដណ្ដប់​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការ​ទិញ​អង្ករ​កម្ពុជា​ចំនួន​២​សែន​តោន​សម្រាប់​ឆ្នាំ​២០១៥​និង​២០១៦​ហើយ​អនុស្សរណៈ​ទី​២​គ្របដណ្ដប់​លើ​ភាព​អនុគ្រោះ​ពន្ធគយ​ចំនួន​៩៧% សម្រាប់​ទំនិញ​កសិកម្ម​កម្ពុជា​ចំនួន​១​ម៉ឺន​ប្រភេទ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​៕

ប្រភពពីៈ ទូរទស្សន៍បាយ័ន