សារអេឡិចត្រូនិច
ដុល្លារ​ឡើង​វិញ​ហើយ ប៉ុន្តែ​មិន​រឹង​មាំ​ដូច​ការ​រំពឹង​ទុក​ទេ


ដោយសារ​តែ​ជា​ថ្ងៃ​ឈប់​សម្រាក ការ​ជួញដូរ​លុយ​ដុល្លារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​គឺ​មាន​មិន​ច្រើន​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ស​ន្ទ​ស្សន៍​រូបិយប័ណ្ណ​អា​មេ​រិ​កមួយ​នេះ​ក៏​មិនសូវ​រឹង​មាំ​ណាស់ណា​ដែរ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ពោល​គឺ​រក្សា​នៅ​ត្រឹម​១០២,២៦​ប៉ុណ្ណោះ ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ដល់​១០១,៣​កាលពី​ស​ប្តា​ហ៍​មុន​។ 

សម្រាប់​អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុងថ្ងៃនេះ ដុល្លារ​អា​មេ​រិ​កបាន​រើប​ឡើង​ដល់​១១៧,០៧​យ៉េន​វិញ​ហើយ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​អស់​ជាង​២​យ៉េន​កាលពី​ថ្ងៃ​សុក្រ​។ ការ​រើប​ឡើង​វិញ​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​អឺ​រ៉ូ​ថមថយ​អស់​មួយ​កម្រិត មក​ជា​១,០៥២៧​ដុល្លារ​អា​មេ​រិ​ក​វិញ​ហើយ ក្រោយ​ពី​បាន​ហក់​ឡើង​ដល់​១,០៦២១​កាលពី​ស​ប្តា​ហ៍​មុន​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អត្រា​ការ​ប្រាក់​សម្រាប់​ប័ណ្ណ​រតនាគារ​អា​មេ​រិ​ក​ដែល​មាន​រយៈពេល​១០​ឆ្នាំ បាន​រើប​ឡើង​មួយ​កម្រិត ពី​២,៣៣​មក​ជា​២,៤២​ភាគរយ​វិញ​ហើយ ដោយសារ​តែ​ការ​ប្រសើរ​ឡើង​នៃ​ទីផ្សារ​ការងារ ដែល​ជា​តម្រុយ​វិជ្ជមាន​ល្មម​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ធនាគារ​សហព័ន្ធ​ធ្វើការ​ដំឡើង​អត្រា​ការ​ប្រាក់​បន្ថែម​។