សារអេឡិចត្រូនិច
ខែវស្សា ទឹក​ជន់​ជោរ កំពង់ត្រាច​រំលេច​ធម្មជាតិ​ស្រស់​ដូច​ស្រី​ក្រមុំ


ស្រូវ​សន្ទូង​លាស់​ខៀវខ្ចី ទឹក​ដក់​លេច​ពេញ​វាលស្រែ ក្រោយ​រង​តំណក់ទឹកភ្លៀង​នា​ខែវស្សា​យ៉ាង​ជោគ​ជាំ​។ ធម្មជាតិ​គ្រប់កន្លែង​មាន​ភាព​ស្រស់បំព្រង ពិបាក​ក្នុង​ការ​ពិពណ៌នា​ពី​ភាព​ស្រស់​ស្អាត​ឲ្យ​អស់ពី​ក្នុង​ចិត្ត​។ 

កំពង់ត្រាច​ជា​ស្រុក​មួយ​នៃ​ខេត្តកំពត ដែល​សំបូរ​រមណីយដ្ឋាន​កម្សាន្ត​ជា​ច្រើន​កន្លែង​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​ដូច​ជា​អន្លង់​ព្រីង ដែល​ជា​ជម្រក​សត្វ​ក្រៀល​ដ៏​កម្រ ភ្នំ​កំពង់ត្រាច ចម្ការ​ម្រេច​រួម​ទាំង​ដំណាំ​ហូប​ផ្លែ​នៅ​តំបន់​ភ្នំ​វល្លិ ក៏​ដូច​ជា​ល្អាង​ភ្នំ​អាយុកាល​រាប់​ពាន់​ឆ្នាំ​ដែល​បង្កប់​អាថ៌​កំបាំង​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​។

ក្រុមការងារ​បាន​ចុះ​ទៅ​បំពេញបេសកកម្ម​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត ដើម្បី​ស្វែងរក​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​នោះ និង​រឿងរ៉ាវ​នានា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ សម្រស់​ធម្មជាតិ ភ្នំ​តូច​ធំ​វែង​អន្លាយ វាលស្រែ​មើល​ដាច់​កន្ទុយភ្នែក រូ​ម​ទាំង​ទេសភាព​លំនៅ​ដ្ឋា​ន​បែប​ស្រែ​ចម្ការ​របស់​អ្នកស្រុក គយគន់​មិន​ចេះ​ជិនណាយ​។