សារអេឡិចត្រូនិច
មន្ត្រី​នាំពាក្យ​៖ រុ​ស្សី​នឿយហត់​ខ្លាំង​ណាស់ ចំពោះ​ការ​ចោទប្រកាន់ គ្មាន​មូលដ្ឋាន​របស់​អា​មេ​រិ​កលើ​ការ​ហេ​ក


មន្ត្រី​នាំពាក្យ​រុ​ស្សី បាន​និយាយ កាលពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​ថា ការ​ចោទប្រកាន់​របស់​អា​មេ​រិ​ក ដែល​ថា​ខ្លួន​បាន​បង្កើត យុទ្ធនាការ​ហេ​ក ដើម្បី​ធ្វើ​អោយ​ប៉ះពាល់ ដល់​ការ​បោះ​ឆ្នោត ប្រធានាធិបតី នៅ​អា​មេ​រិ​ក គឺ​ដូច​ជា​ការ​ជជែក​គ្នា អំពី​ការ​តាម​ប្រមាញ់​មេ​ធ្មប់​។ 

លោក ឌ្មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង (Kremlin) បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទីក្រុង​មូ​ស្គូ មានការ​នឿយហត់ ចំពោះ​ការ​ចោទប្រកាន់ របស់​អា​មេ​រិ​ក​ខ្លាំង​ណាស់​។

កាលពី​ស​ប្តា​ហ៍​មុន ភ្នាក់ងារ​ស៊ើបការណ៍ របស់​អា​មេ​រិ​ក បាន​ចេញ​របាយការណ៍ ដោយ​លំអិត​អំពី ការ​ជាប់​ពាក់ព័ន្ធ​របស់​រុ​ស្សី នៅ​ក្នុង​ការ​ហេ​ក​ចូល​អ៊ីមែល របស់​សមាជិក បក្ស​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​អោយ​ការ​បោះ​ឆ្នោត ទោរ​ទៅ​ខាង​លោក​ដូ​ណា​ល់ ត្រាំ​។

តែ​ទោះ​យ៉ាងណា អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង បាន​និយាយ​ថា ការ​ចេញ​របាយការណ៍ របស់​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក ដោយ​លំអិត​ពី ការ​ចោទប្រកាន់ មក​លើ​រុ​ស្សី គឺ​គ្មាន​មូលដ្ឋាន​។

នេះ​គឺជា​ប្រតិកម្ម ឆ្លើយ​តប​លើក​ដំបូង​បង្អស់ ពី​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​លោក ប្រធានាធិបតី ជាប់​ឆ្នោត​ថ្មី ដូ​ណា​ល់ ត្រាំ ទទួល​បាន​របាយការណ៍​នេះ កាលពី​ថ្ងៃ​សុក្រ​។

របាយការណ៍​នោះ បាន​បញ្ជាក់​ទៀត​ថា លោក​ប្រធានាធិបតី​រុ​ស្សី វ្លា​ឌី​មៀរ ពូ​ទី​ន បាន​បញ្ជា​អោយ​មានការ​ហេ​ក ចូល​អ៊ីមែល​របស់ សមាជិក​បក្ស​ប្រជាធិបតេយ្យ ដើម្បី​បំផ្លាញ​គូប​ដិ​បក្ស របស់​ដូ​ណា​ល់ ត្រាំ គឺ​អ្នកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន​។

អ្នកនាំពាក្យ​រុ​ស្សី បន្ត​ទៀត​ថា រុ​ស្សី សូម​ធ្វើការ​បដិសេធ ដែល​ថា ទីក្រុង​មូ​ស្គូ ជាប់​ពាក់ព័ន្ធ ទៅ​នឹង​ការ​ហេ​ក​ទាំងឡាយ​។

គាត់​បាន​បន្ត​ទៀត​ថា "​ការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន កំពុង​ត្រូវ​បាន​គេ​យក​មក សំដែង​ធ្វើ​ជា​ល្បែង​លេង​។ ពួក​យើង មិន​យល់​សោះ ថា​តើ​ពួក​គេ​ផ្អែក​លើ​ព័ត៌មាន​អ្វី​" ៕