សារអេឡិចត្រូនិច
ដូ​ណា​ល់ ត្រាំ តែង​តាំ​កូនប្រសា ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៅ​សេត​វិមាន


លោក​ប្រធានាធិបតី ជាប់​ឆ្នោត​ថ្មី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​តែងតែ​កូនប្រសា​របស់​ខ្លួន ឈ្មោះ Jared Kushner អោយធ្វើ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​នៅ​សេត​វិមាន​។ 

Jared Kushner អាយុ ៣៥​ឆ្នាំ នឹង​ទទួល​រ៉ាប់រង​ធ្វើ​កិច្ចការ​សំខាន់​ៗ នៅ​សេត​វិមាន រួម​មាន​ទាំង​ធ្វើ​កិច្ចការ​គោលនយោបាយ​ការ​បរទេស និង​ផ្ទៃក្នុង​របស់​អា​មេ​រិ​ក​។

ការ​តែងតាំង​កូនប្រសា​របស់​ខ្លួន អោយ​កាន់​តំណែង​ដ៍​ធំ​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នឹង​ផុត​អាណត្តិ​នៅ​ថ្ងៃ​ទី ២០ មក​រា ខាង​មុខ បាន​ណែនាំ​អោយ​លោក ដូ​ណា​ល់ ត្រាំ កុំអោយ​ប៉ុនប៉ង​យក​សេត​វិមាន ធ្វើ​ជា​កន្លែង​ដែល គ្រប់គ្រង​ជំនួញ​គ្រួសារ​។

Jared Kushner ដែល​ជា​ស្វាមី​របស់ Ivanka Trump បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​កន្លង​ទៅ ដែល​ធ្វើ​អោយ​ឪពុកក្មេក​របស់​ខ្លួន​ឈ្នះ​ការ​បោះ​ឆ្នោត ប្រធានាធិបតី​។

ក្រោយ​ពី​មានការ​តែងតាំង​នេះ គណបក្ស​ប្រជាធិបតេយ្យ បាន​ស្នើ​អោយ​លោក ដូ​ណា​ល់ ត្រាំ ពិចារណា​ឡើង​វិញ​អំពី​ការ​ដាក់​កូនប្រសា​របស់​ខ្លួន អោយ​កាន់​តំណែង​សំខាន់ នៅ​ក្នុង​សេត​វិមាន ព្រោះ​វា​ជា​អំពើ​បក្សពួក​និយម ហើយ​ប្រឆាំង​នឹង​ច្បាប់​។

ប៉ុន្តែ​ក្រុម​សមាជិក​របស់ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់ បក្ស​ប្រជាធិបតេយ្យ ហើយ​និយាយ​ថា ច្បាប់​ដែល​ហាមឃាត់​មិន​អោយ​មន្ត្រី ផ្តល់​ការងារ​ដល់​សាច់ញាតិ មិន​ត្រូវ​គេ​អនុវត្តន៍​នៅ​សេត​វិមាន​នោះ​ទេ​៕