សារអេឡិចត្រូនិច
ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​ដេញថ្លៃ​ថវិកា​ចំនួន ៤០​ពាន់​លាន​រៀល


ភ្នំពេញ​៖ ធនាគារជាតិ នៃ​កម្ពុជា បាន​ដាក់​ឲ្យ​ចេញថ្លៃ​ជា​លើក​ទី​៤ ហើយ​ដល់​គ្រឹះស្ថាន​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មាន​ទឹកប្រាក់​មាន​ចំនួន ៤០​ពាន់​លាន​រៀល​។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) ប្រកាស​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចូលរួម​ដេញថ្លៃ​យក​សាច់ប្រាក់​រៀល ក្នុង​ចំណោម​ទឹកប្រាក់​សរុប​៤០​ពាន់​លាន​រៀល (​ប្រមាណ ១០​លាន​ដុល្លារ​) នៅ​ថ្ងៃ​ទី​១០ ខែមករា​នេះ ហើយ​នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់ NBC នៅ​ថ្ងៃ​ទី​១០ ខែមករា​នេះ​។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ការ​ដាក់​ឲ្យ​ដេញថ្លៃ​របស់​ធនាគារជាតិ​នា​ពេល​នេះ ជា​រឿង​ល្អ ដោយសារ​តែ គ្រឹះស្ថាន មីក្រូ​ហិរញ្ញ​នានា​តែងតែបាន​ចូលរួម​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​រៀល​ផង​ដែរ​។

លោក​ឧកញ៉ា បាន​បន្ត​ទៀត​ថា ក្នុង​ពេល​នេះ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ធនាគារ​គួរតែ​បន្ត​លើក​តម្លៃ​ប្រាក់​រៀល​ឡើង​វិញ​ឲ្យ​ការ​ប្រើប្រាស់​ក្នុង​ចរន្ត​ទីផ្សារ​មាន​សកម្មភាព​កាន់តែ​ច្រើន​ជាង​នេះ តាម​គោលនយោបាយ​លើកកម្ពស់​ប្រាក់​រៀល​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

លោក​ឧកញ៉ា បាន​បន្ថែម​ថា គោលនយោបាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មហាជន​ទូទៅ ស្រឡាញ់​ប្រាក់​រៀលខ្លួន​ផង​ដែរ​។

សម្រាប់ អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​លើក​ឡើង​ថា ការ​ជូនដំណឹង​របស់​ធនាគារជាតិ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នកចូលរួម​តាម​កាលបរិច្ឆេទ ហើយ​នេះ​ជា​រឿង​ល្អ ដែល​ជួយ​ជំរុញ​ឲ្យ​ការ​ប្រើប្រាស់​ប្រាក់​រៀល នៅ​កម្ពុជា​កាន់តែ​មាន​ទំហំ​ធំ​ក្នុង​ទីផ្សារ​កម្ពុជា​។

លោក​បាន​បន្ថែម​ទៀត​ថា កន្លង​មក​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យក​ប្រាក់​រៀល​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​ធនាគារ​អេ​ស៊ី​លី​ដា​វិញ​បាន​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​រង្វង់​១៧% ក្នុង​ចំណោម​ឥណទាន​សរុប​។

ការ​ដេញថ្លៃ​លើក​ទី​៤​ហើយ​ក្នុង​ប្រតិបត្តិការ​ផ្ដល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា (LPCO) ។ LPCO គឺជា​ប្រតិបត្តិការ​ថ្មី​មួយ ដែល NBC ទើប​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​ជំរុញ​ការ​ផ្ដល់​កម្ចី​ជា​ប្រាក់​ដល់​ពលរដ្ឋ​ជាមួយ​អត្រា​ការ​ប្រាក់​សមរម្យ​។

តាម​រយៈ​ប្រតិបត្តិការ​នេះ NBC នឹង​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល ជាមួយនឹង​អត្រា​ការ​ប្រាក់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ចូលរួម​ដេញថ្លៃ ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ ត្រូវ​ដាក់​ឧក​រណ៍​ដែល​អាច​ជួញដូរ​បាន (NCD) ជា​វត្ថុ​ធានា​។

ការ​ដេញថ្លៃ​ប្រាក់​រៀល​ទាំង​៤​លើក​របស់ NBC មាន​ទឹកប្រាក់​ដូច​គ្នា គឺ​៤០​ពាន់​លាន​រៀល​។ ការ​ដេញថ្លៃ​លើក​ទី​១ ទទួល​បាន​ទឹកប្រាក់​សរុប​១២​ពាន់​លាន​រៀល និង​លើក​ទី​២ ៨,៤ ពាន់​លាន​រៀល ជាមួយនឹង​អត្រា​ការ​ប្រាក់​៣​ភាគរយ​។ ចំណែក​ការ​ដេញថ្លៃ​ទាំង​ពីរ​លើក​មាន​គ្រឹះស្ថាន​ចំនួន​បី​ចូលរួម ហើយ​ការ​ដេញថ្លៃ​នេះ ប្រព្រឹត្ត​ទៅ​ជា​រៀល​រាល់​ខែ​៕

ព័ត៌មានថ្មីៗ