សារអេឡិចត្រូនិច
យើង​ទាំងអស់​គ្នា​គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យ​បាន​ច្រើន


ផ្លែ​ប៉ោម គឺជា​ផ្លែ​ឈើ​ដែល​មានការ​ពេញ​និយម ទទួលទាន​ច្រើន​ណាស់​នៅ​ទូ​ទាំង​ពិភពលោក​។ តាម​ពិត ផ្លែ​ឈើ​មួយ​នេះ អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​បង្ការ​ជំងឺ​ធ្មេញ​ពុក ព្រមទាំង​លុប​បំបាត់​ក្លិន​មាត់អាក្រក់​ថែម​ទៀត​ផង​។ ពាក្យ​មួយ​ឃ្លា​ដែល​គេ​តែង​និយាយ​ថា “​មួយ​ថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ មិនបាច់​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​” បាន​ធ្វើ​ឲ្យ​មនុស្ស​យើង​ភាគច្រើន គិត​ទៅ​លើ​ផ្លែ​ប៉ោម​ពណ៌​ក្រហម ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ ការ​លើស​សម្ពាធ​ឈាម​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ផ្លែ​ប៉ោម​ពណ៌​បៃតង បែរជា​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ច្រើន​ទៅ​វិញ​។

ពិត​ណាស់ ប៉ោម​ពណ៌​បៃតង សម្បូរ​ទៅ​ដោយ​វីតាមីន A, C និង K ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក ប៉ូ​តា​ស្យូ​ម កាល់ស្យូម អង់​ទី​អុក​ស៊ី​ដង់ និង Flavonoids ផង​ដែរ​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយ​ចំនួន ដែល​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង ឲ្យ​បាន​ទៀងទាត់​។

ពង្រឹង​ដល់​សុខភាព​សួត

ការ​សិក្សា​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង​ជា​ទៀងទាត់ អាច​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺហឺត​បាន ព្រោះ​វា​សម្បូរ​សារធាតុ Flavonoids​។ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ទៀត​ថា សារធាតុ​មួយ​នេះ ពិតជា​ជួយ​កាត់​បន្ថយ ការ​ប្រឈម​ជំងឺហឺត​មែន​។ ក្រៅពី​នេះ ផ្លែ​ប៉ោម​ពណ៌​បៃតង ត្រូវ​បាន​គេ​រក​ឃើញ​ថា  ជួយ​កាត់​បន្ថយ​ការ​ប្រឈម ជំងឺមហារីក​សួត លើ​មនុស្ស​ស្រី​រហូត​ដល់ ២១ ភាគរយ​។

បង្ការ​ការ​កកឈាម​ខុស​ប្រក្រតី

ផ្លែ​ប៉ោម​ពណ៌​បៃតង មាន​សារធាតុ Rutin ដែល​អាច​ជួយ​ការពារ ការ​កកឈាម​ខុស​ប្រក្រតី​។ សារធាតុ​មួយ​នេះ អាច​ទប់ស្កាត់​អង់ស៊ីម ដែល​ធ្វើ​ឲ្យ​កកឈាម​ខុស​របៀប​បាន​។ អ្នក​ស្រាវជ្រាវ​និយាយ​ថា សារធាតុ​នេះ អាច​ជួយ​ប្រឆាំង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ពណ៌​បៃតង ឬ​ញ៉ាំ​ផ្លែ​ឈើ​នេះ​ទាំងមូល នឹង​ជួយ​ធ្វើ​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​។

បង្កើន​ការ​រំលាយ​អាហារ

ផ្លែ​ប៉ោម​ពណ៌​បៃតង​ល្អ​បំផុត ក្នុង​ការ​រំលាយ​អាហារ ដែល​អាច​ជួយ​បង្ការ​ការ​ហើមពោះ និង​ច្រោះ​ជាតិពុល​ពី​ក្នុង​ក្រពះ​បាន ព្រោះថា​វា​សម្បូរ​ជាតិ​សរសៃ​។ ម្យ៉ាងទៀត វា​អាច​ប្រើ​ជា​អាហារ​សម្រន់​ដ៏​ល្អ​បំផុត ដើម្បី​បំបាត់​ការ​ឃ្លាន​ខ្លាំង​បាន​។

ពង្រឹង​ដល់​សុខភាព​ឆ្អឹង និង​បង្ការ​ជំងឺ​ពុក​ឆ្អឹង

រឿង​នេះ​មាន​ប្រយោជន៍ ជា​ពិសេស សម្រាប់​ស្ត្រី​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង​តែ​ម្តង ព្រោះ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន K និង​កាល់ស្យូម​។ ការ​សិក្សា​រក​ឃើញ​ថា វីតាមីន K អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ស្រី និង​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​ទាំងមូល​ទៀត​។

ទប់ស្កាត់​ស្បែក​ចាស់​មុន​អាយុ

ដូច​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​ពី​ខាង​ដើម​អ​ញ្ជឹ​ង​ថា ផ្លែ​ប៉ោម​ពណ៌​បៃតង គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C, A និង​អង់​ទី​អុក​ស៊ី​ដង់​។ ដែល​សារធាតុ​ទាំងនេះ នឹង​ជួយ​ទប់ស្កាត់​អាកា​រៈ នៃ​ភាព​ចាស់​របស់​ស្បែក និង​ថែរក្សា​ស្បែក​ឲ្យ​មើលទៅ មាន​សុខភាព​ល្អ​តែ​ម្តង​។

ថែរក្សា​ភ្នែក

បើសិនជា​អ្នក​កំពុង​តែ​ស្វែងរក​មធ្យោបាយ ដើម្បី​ថែរក្សា​ភ្នែក និង​ចង់​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ តាម​បែប​ធម្មជាតិ​នោះ ផ្លែ​ប៉ោម​ពណ៌​បៃតង គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន A ដែល​អាច​ថែរក្សា និង​ការពារ​ភ្នែក​អ្នក​បាន​។

ព្យាបាល​ជំងឺ​ទឹកនោមផ្អែម

គ្រូពេទ្យ​និយាយ​ថា ផ្លែ​ប៉ោម​ពណ៌​បៃតង មាន​ជាតិ​ស្ករ​តិច​ជាងគេ តែ​មាន​ជាតិ​សរសៃ​ច្រើន បើសិនជា​ប្រៀបធៀប នៃ​ផ្លែ​ប៉ោម​ពណ៌​ក្រហម ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ ការ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​ទៀត​។ ចូរ​ចាំ​ថា ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន ពី​ផ្លែ​ប៉ោម​ពណ៌​បៃតង គួរតែ​ញ៉ាំ​វា​ទាំង​សម្បក​។

បង្ការ​ជំងឺ​បេះដូង​សរសៃឈាម

តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង និង​អាហារ​ផ្សេង​ៗ​ទៀត ដែល​សម្បូរ​សារធាតុ Flavonoids អ្នក​អាច​កាត់​បន្ថយ ការ​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម បាន​រហូត​ដល់ ៣៥ ភាគរយ​។ ការ​សិក្សា​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ញ៉ាំ​ទាំង​ផ្លែ​ប៉ោម​ពណ៌​ក្រហម និង​បៃតង​រាល់ថ្ងៃ​នោះ ពួក​គេ​អាច​កាត់​បន្ថយ ការ​កើត​ជំងឺ​គាំងបេះដូង​ពី ១៣ ទៅ ២២ ភាគរយ​ដែរ​។ នេះ​ដោយសារ​តែ​ផ្លែ​ឈើ​មួយ​នេះ មាន​សមត្ថភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល អាក្រក់​ក្នុង​ឈាម​៕ -