សារអេឡិចត្រូនិច
ទិន្នផល​ម្រេច​កំពត ឆ្នាំ​នេះ រំពឹង​កើនឡើង​ប្រមាណ​៣០​ភាគរយ


កំពត ៖ ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ រំពឹង​នឹង​ទទួល​បាន​កំណើន​ប្រមាណ​៣០​ភាគរយ ដោយសារ​ការ​កើនឡើង​នូវ​ផ្ទៃដី​ដាំ​ចុះ និង​ការ​ពង្រីក​សមាជិក​ថ្មី​របស់​សមាគម​ម្រេច​កំពត​។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១១ មក​រា​នេះ​ថា នៅ​ឆ្នាំ​នេះ សមាគម​បាន​ពង្រីក​សមាជិក​ចំនួន​៣៥​គ្រួសារ និង​មាន​ផ្ទៃដី​៤០​ហិ​កតា បន្ថែម​ទៀត ដែល ធ្វើ​ឲ្យ​ទិន្នផល​ប្រមូល​ឆ្នាំ​នេះ រំពឹង​បាន​ចំនួន​១០០​តោន ខណៈ​ឆ្នាំ​មុន​ការ​ប្រមូល​ផល​បាន​ត្រឹម​៧៣​តោន​ប៉ុណ្ណោះ​។​លោក បន្ត​ថា ការ​ពង្រីក​សមាជិក​ថ្មី​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ដាំ​ម្រេច​បាន​ដាក់​ពាក្យ​ស្នើ​សុំ ហើយ​ការ​សម្រេច​ឲ្យ​ចូល​ជា​សមាជិកសមាគម គឺ​មានការ​វិនិច្ឆ័យ​ត្រឹមត្រូវ​លើ​ប្រភេទ​ដី និង​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ផង​ដែរ​។

លោក​បន្ត​ថា “​តម្លៃ​ម្រេច​កំពត​ឆ្នាំ​នេះ នឹង​រក្សា​ដដែល ដោយ​ម្រេច “​ខ្មៅ​”​មាន​តម្លៃ​១៥​ដុល្លារ រំ ម្រេច “​ក្រហម​”​មាន​តម្លៃ​២៥​ដុល្លារ និង​ម្រេច “​ស​”​មាន​តម្លៃ​២៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​”​។ ម្រេច​កំពត​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ដូច​ជា ប្រទេស​ចិន កូរ៉េ ជប៉ុន តៃវ៉ាន់ និង​ទីក្រុង​ហុងកុង​ជាដើម​។

ទាក់ទង​នឹង​ម្រេច​កំពត​ក្លែងក្លាយ លោក ងួ​ន ឡាយ បាន​បញ្ជាក់​ថា ទីផ្សារ​ម្រេច​ក្លែងក្លាយ​កន្លង​មក មាននៅ​ទីផ្សារ​ទេសចរណ៍​នា​ខេត្តសៀមរាប ប៉ុន្តែ​បច្ចុប្បន្ន​លែង​មានការ​ចរាចរ​ម្រេច​ក្លែងក្លាយ​ទាំងនោះ​ហើយ បន្ទាប់​ពី​មានការ​ណែនាំ និង​ព្រមាន​ពី អាជ្ញាធរ​ពាក់ព័ន្ធ​។

ជាមួយនឹង​កំណើន​តម្លៃ​ម្រេច​កំពត តម្លៃ​ដី​ដាំ​ដុះ​ម្រេច​ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ ដោយ​មួយ​ហិ​កតា មាន​តំលៃ​ចន្លោះ​ពី​៧.០០០ ទៅ​២០.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ហិ​កតា​។

លោក ងួ​ន ឡាយ បាន​បន្ត​ថា ដំណាំ​ម្រេច​ប្រសិនជា​មានការ​ថែ​រទាំ​បាន​ល្អ និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស មួយ​ហិ​កតា​អាច​ទទួល​បាន​ទិន្នផល​៣​តោន និង​ការ​ចំណាយពេល​ដាំ​ដុះ​រហូត​ដល់​ប្រមូល​ផល ត្រូវ​ចំណាយពេល​រហូត​ដល់​២​ឆ្នាំ ហើយ​ការ​ប្រមូល​ផល​ម្រេច​ធ្វើ​ឡើង​ក្នុង​រយៈពេល​៥​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​រហូត​ដល់​ខែមិថុនា​។ ម្រេច​កំពត​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ​របស់​កម្ពុជា ដែល​មានការ​ទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម និង​អន្តរជាតិ​៕

ប្រភពពីៈ ទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ