សារអេឡិចត្រូនិច
ទិន្នផល​បង្កង​ក្នុង​ខេត្តតាកែវ មានការ​កើនឡើង​ជាង​១០​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១៦


តាកែវ ៖ មន្ត្រី​ជលផល​ខេត្តតាកែវ បាន​ប្ដេជ្ញា នឹង​បង្កើន​ការ​អភិរក្ស​តំបន់​ព្រៃ​លិច​ទឹក និង​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​និរន្តរភាព​មច្ឆជាតិ ជា​ពិសេស បង្កង​ក្នុង​ខេត្តតាកែវ ដែល​មាន​ភាព​ល្បីល្បាញ​។

មន្ត្រី​ជលផល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ទិន្នផល​បង្កង​ក្នុង​ខេត្តតាកែវ ដែល​រកបាន​តាម​រយៈ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្នុងស្រុក​អង្គរ​បូ​រី និង​ស្រុក​បូ​រី​ជលសា ក្នុង​រយៈពេល​រដូវ​ទឹក​ឡើង​ក្នុង​ឆ្នាំ​២០១៦ មានការ​កើនឡើង ដោយ​ប្រជា​នេសាទ​រកបាន​បង្កង​ធម្មជាតិ ចំនួន​៧៣​តោន កើនឡើង​ប្រមាណ​១៤​ភាគរយ បើ​ប្រៀបធៀប នឹង​ឆ្នាំ​២០១៥​។

លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តតាកែវ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ កាលពី​ម្សិល​ម៉ិ​ញ ថ្ងៃ​ទី​១០ ខែមករា នេះ​ថា មូលហេតុ​នៃ​ទិន្នផល​បង្កង រួម​ទាំង​ត្រី​មានការ​កើនឡើង ដោយសារ​ទឹក​មាន​កម្ពស់​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១៦​។  នៅ​ក្នុង​ឆ្នាំ​២០១៥​ទិន្នផល​បង្កង​មាន​ចំនួន​តែ​៦១​តោន​ប៉ុណ្ណោះ រីឯ​ទិន្នផល​ត្រី​មាន​ចំនួន​ពីរ​ពាន់​មួយ​រយ​តោន ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ប្រជា​នេសាទ រក​បង្កង​បាន​ចំនួន​៧៣​តោន និង​ត្រី​បាន​ជិត​បី​ពាន់​តោន​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ បាន​បញ្ជាក់​ថា ការ​រកបាន​ត្រី និង​បង្កង​ដ៏​ច្រើន​នេះ វា​ពិតជា​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជា​កសិករ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ថែម​ទៀត ព្រោះ​បង្កង​អាច​លក់​បាន​តម្លៃ​ខ្ពស់ គឺ​បង្កង​លេខ​មួយ​មាន​តម្លៃ​រហូត​ដល់​៤០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដោយសារ​តែ​បង្កង​ខេត្តតាកែវ ពិតជា​មាន​ភាព​ល្បីល្បាញ ថា​មាន​រសជាតិ​ឆ្ងាញ់ ដូច្នេះ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តតាកែវ តែងតែ​ចង់​ភ្លក់​រសជាតិ​របស់​វា​។

លោក សៅ កុសល បាន​សំដែង​នូវ​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ​២០១៧​នេះ ប្រសិនបើ​ទឹក​នៅ​តែ​ធំ​ដូច​ឆ្នាំ​២០១៦​នោះ ទិន្នផល​បង្កង និង​ទិន្នផល​ត្រី​នៅ​ក្នុង​ខេត្តតាកែវ ពិតជា​នឹង​មានការ​កើនឡើង​ថែម​ទៀត​ជាក់​ជា​ពុំខាន​។ ហើយ​ដើម្បី​ឲ្យ​កំណើន​បង្កង និង​ត្រី​មានការ​កើនឡើង មន្ត្រី​ជំនាញ​ជលផល និង​ប្រឹងប្រែង​អភិរក្ស​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន និង​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ មិន​ឲ្យ​កើត​មាន​ឡើង​បន្ត​ទៅ​ទៀត​នោះ​ទេ​៕

ប្រភព​ពីៈ ទូរទស្សន៍​បាយ័ន