សារអេឡិចត្រូនិច
ចុងឆ្នាំ​២០២២ កប៉ាល់​ធំ​ៗ​ទូ​ទាំង​ពិភពលោក អាច​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​បាន


៩៣% នៃ​កប៉ាល់​ទូ​ទាំង​ពិភពលោក​ទាំងអស់ នឹង​អាច​ចូល​ចត នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​បាន ដោយ​មិន​ចាំបាច់​ដឹក​ទំនិញ​ពី​កម្ពុជា ទៅ​ដាក់​នៅ​សិង្ហ​បុរី​ក្នុង​តម្លៃ​ខ្ពស់​ឡើយ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់ ឯកឧត្ដម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ តាម​របាយការណ៍​សង្ខេប ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន ដើមឆ្នាំ​២០២៣ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ត្រូវ​សាងសង់​ចំណត​ថ្មី​ក្លាយទៅជា​កំពង់​ផែ លំដាប់ថ្នាក់​មធ្យម ដោយ​បរិមាណ​កុង​តេ​ន័​រ​ឆ្លងកាត់​លើស​ពី ១​លាន TEU (Twenty-foot equivalent unit) (​ចំណុះ​កុង​តេ​ន័​រដឹក​ទំនិញ ៦.១​ម៉ែត្រ​) ក្នុង​មួយ​ឆ្នាំ​។

ចំណត​ផែ​ថ្មី នឹង​មាន​ប្រវែង​៣៥០​ម៉ែត្រ និង​ជម្រៅ​ទឹក ១៤.៥​ម៉ែត្រ នឹង​សាងសង់​រួច​ត្រឹម​ចុងឆ្នាំ​២០២២​។ ហើយ​វា​នឹង​ផ្ដល់​ឱកាស ឲ្យ​នាវា​ធំ​ៗ​ចូល​ចត​បាន ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន តាម​សមុទ្រ​ទៅ​-​មក កម្ពុជា ចុះ​ទាប នឹង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​។

យោង​តាម​របាយការណ៍​ខាងលើ​ផង​ដែរ ចាប់ពី​២០១៥ រហូត​ដល់​ឆ្នាំ ២០១៨ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​កំពុង​សាងសង់​ផែ​ពហុ​បំណង​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣.៥​ម៉ែត្រ តាម​គម្រោង​ចំណាយ​ថវិកា ចំនួន ៧៤.២​លាន​ដុល្លារ​អា​មេ​រិ​ក ។ តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី ផែ​ពហុ​បំណង​នោះ គឺ​សម្រាប់​បង្ក​ភាព​ងាយស្រួល​ដល់​កប៉ាល់​ទេសចរណ៍ ឬ​កប៉ាល់​ដឹក​ទំនិញ ឬ​កប៉ាល់​រុករក​ប្រេង ចូល​ចត​នៅ​កម្ពុជា​៕

ព័ត៌មានថ្មីៗ